សម្ដេចក្រឡាហោម ស ខេង ជំរុញឲ្យអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងបន្តប្រឹងប្រែងបំពេញការងាររបស់ខ្លួន
ភ្នំពេញ : សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃជំរុញឲ្យអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃបន្តប្រឹងប្រែងបំពេញការងាររបស់ខ្លួនបន្ថែមទៀតឲ្យកាន់តែមានប្រសិទ្ធភាព។
ការជំរុញនេះក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃតាមរយៈប្រព័ន្ធវីដេអូសន្និសីទ Zoom កាលពីព្រឹកថ្ងៃ ទី០៣ ខែមិថុនាដោយមានការចូលរួមរដ្ឋលេខា ធិការប្រចាំការ រដ្ឋលេខាធិការអនុរដ្ឋលេខាធិការ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង តំណាងនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃនិងមន្ត្រីពាក់ព័ន្ធ។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ផ្ដាំផ្ញើនិងថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារ របស់នាយឧត្តមសេនីយ៍ ធឹម សុផា និងសហការីទាំងអស់ ដែលក្នុងរយៈពេលកន្លងទៅនេះពោលគឺចាប់តាំងពីបង្កើត ជានាយកដ្ឋានសវនកម្មផ្ទៃក្នុង រហូតដល់បង្កើតបានជាអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃបានខិតខំ បំពេញភារកិច្ចសម្រេចបាននូវស្នាដៃមួយចំនួនផងដែរ បើទោះបីជាសមត្ថភាព និងការយល់ដឹងរបស់មន្ដ្រីមានភាពខុសៗ គ្នាក៏ដោយ។
សម្ដេចក្រឡាហោម ស ខេង ក៏បានផ្ដាំផ្ញើដល់កងកម្លាំងនគរបាលជាតិទាំងអស់ឲ្យបន្ដចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងគោរពការណែនាំរបស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល។
គួរបញ្ជាក់ថា ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខ តំណែងឯកឧត្តម នាយឧត្តមសេនីយ៍ ធឹម សុផា ជាអនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ ហើយតែងតាំងមុខតំណែង ឯកឧត្តមឧត្តមសេនីយ៍ឯក ងួន ស្រេង ជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ។
នាយឧត្តមសេនីយ៍ ធឹម សុផា អនុរដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ដែលបានផ្ដល់ភារកិច្ចដឹកនាំការងារ នៅអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងកន្លងមកហើយក៏បានធ្វើការ ប្ដេជ្ញាចិត្តបន្តអនុវត្តការងារជាអនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ ដែលទើបទទួលបានការតែងតាំងបន្ថែមទៀត ក្នុងការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជនប្រកបដោយភាពជោគជ័យ។
ចំណែកឯកឧត្តមឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ទើបចូលកាន់មុខតំណែង បានធ្វើការប្ដេជ្ញាចិត្ត គោរពអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញ ច្បាប់ គោលនយោបាយនិងលិខិតបទដ្ឋានគតិយុត្តនានា ជាធរមាន ហើយមានភាពស្មោះត្រង់ស្រឡាញ់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រព្រមទាំងគោរពគាំទ្រ ដោយស្មោះត្រង់បំផុត ចំពោះកម្មវិធីនយោបាយរាជរដ្ឋាភិបាល។ នឹងប្រឹងប្រែងគោរពអនុវត្តយ៉ាងម៉ឹងម៉ាត់ នូវការចាត់តាំង ផ្សេងៗ ក៏ដូចជាបទបញ្ជាដឹកនាំរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ជាពិសេសអនុវត្តនូវតួនាទី ភារកិច្ចឲ្យមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងចូលរួមយ៉ាងពេញលេញក្នុងការការពារសន្ដិភាព និងពង្រឹងចំណងមិត្តភាព សាមគ្គីភាព ផ្ទៃក្នុងឱ្យបានរឹងមាំជាប់ជានិច្ច ដើម្បីការអភិវឌ្ឍរបស់ប្រទេសកម្ពុជា៕
ដោយ: ពលជ័យ





