ចូលរួមសោកស្តាយ ! ក្នុងជំនួបជើងទី២ ក្រុមកម្ពុជា បានចាញ់ម្ចាស់ផ្ទះបារ៉ែន ៨-០ នៃវគ្គជម្រុះ FIFA World Cup 2022
(ម៉ាណាម៉ា)៖ ក្រុមជម្រើសជាតិកម្ពុជា បានបរាជ័យក្រោមថ្វៃជើងម្ចាស់ផ្ទះបារ៉ែន ៨-០ ក្នុងជំនួបជើងទី២ នៃវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2022 ពូលC នាពហុកីឡដ្ឋានជាតិបារ៉ែន នាយប់រំលងអធ្រាត្រថ្ងៃទី៣ ឈានចូលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១នេះ។ ចំពោះគ្រាប់បាល់ជ័យជម្នះរបស់ប៉ារ៉ែន ធ្វើសម្រេចដោយកីឡាករ Komail Hasan Al-Aswad រកបាន២គ្រាប់ នៅនាទី៨ និងនាទី៧១, កីឡាករ Mohamed Al Romaihi នៅនាទី៤៥+៤, កីឡាករ Ali Madan រកបាន ២គ្រាប់ នៅនាទី៤៦ និងនាទី៦៥ , កីឡាករ Jasim Al Shaikh នាទី៥២ និងកីឡាករ Ismaeel Abdullatif នៅនាទី៧៥ និងនាទី៩០+៣។

គួរអោយដឹងថា ការបរាជ័យនេះ បានធ្វើឲ្យក្រុមជម្រើសជាតិកម្ពុជា មិនទាន់ស្គាល់ជ័យជម្នះឡើយ បន្ទាប់ពីឆ្លងកាត់ ៦ប្រកួតស្មើ ១ និងចាញ់ ៥ ទើបរកបាន ១ពិន្ទុប៉ុណ្ណោះ ស្របពេលការបន្ថែម ៣ពិន្ទុរបស់ម្ចាស់ផ្ទះបារ៉ែន បានធ្វើឲ្យពួកគេ ឡើងឈរកំពូលតារាងពូល C ជាបណ្ដោះអាសន្ន ដោយរកបាន ១២ពិន្ទុក្នុងដៃ ជាមួយលទ្ធផល ៦ប្រកួតឈ្នះ៣ និងស្មើ ៣ ៕