រដ្ឋបាលក្រុងបានលុង ចូលរួមដាំដើមឈើបង្កើនសោភ័ណភាពទីក្រុង
រដ្ឋបាលក្រុងបានលុង ខេត្តរតនគិរី ដឹកនាំដោយលោក ងិន ណែល អភិបាលក្រុង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាក្រុង រតនគិរី នៅថ្ងៃសៅរ៍ ១០រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ បានចូលរួមជាមួយសមាជិក ស.ស.យ.ក.ក្រុង, និងសង្កាត់ឡាបានសៀក បានចុះដាំកូនឈើនៅចំណុចអតីតព្រលានយន្តហោះខេត្ត ក្នុងគោលបំណងដើម្បីបង្កើនសោភ័ណភាព និងភាពស្រស់បំព្រងក្នុងក្រុងបានលុង ។ ព្រឹត្តិការណ៍នេះរៀបចំឡើងនៅថ្ងៃសៅរ៍ ១០រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ ស្របពេលដែលកម្ពុជានិងពីភពលោកប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនាផងដែរ។
លោក ងិន ណែល អភិបាលក្រុងបានលុង បានអោយដឹងផងដែរថា ការចូលរួមក្នុងការដាំដុះ និងការពារ ព្រៃឈើ គឺជាការផ្ដល់ផលប្រយោជន៍ឲ្យប្រជាពលរដ្ឋក្នុងការរស់នៅប្រចាំថ្ងៃ បង្កើនសុខមាលភាពគ្រួសារ ព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គមផងដែរ។ លោកអភិបាលក្រុងបានបន្ថែមទៀតថា ការដាំដើមឈើ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី តាមរយៈការជួយធ្វើនិយ័តកម្មអាកាសធាតុជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ ខ្យល់ព្យុះ និងការស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស៕ដោយ គត យុត្ត