នារីម្នាក់បេីករថយន្ត BMW បុកបង្គោលភ្លើងបាក់ ១ដើមនៅខណ្ឌទួលគោក
ភ្នំពេញ ៖ នារីស្រស់ស្អាតម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តស៊េរីទំនើបមួយគ្រឿងបោះពួយយ៉ាងលឿនបានជ្រុលទៅបុកបង្គោលភ្លើងពេញទំហឹងបណ្ដាលឲ្យដាច់ចេញពីគ្នា និងធ្វេីឲ្យរថយន្តបង្កខូចខាតយ៉ាងដំណំ សំណាងល្អមិនមានអ្នករបួស។ ហេតុការណ៍ នេះបានកើតឡើងកាលវេលាម៉ោង១ និង០០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃច័ន្ទ ទី៧ ខែ មិថុនា ឆ្នាំ២០២១ ស្ថិត តាម បណ្ដោយ ផ្លូវ ៦១៤ សង្កាត់ បឹងកក់ ទី២ ខណ្ឌទួលគោក ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញនារីរូបស្រស់ម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តស៊េរីទំនើបម៉ាកBMW ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BG -1123 ធ្វើដំណើរទិសដៅពីលិចទៅកើតបោះពួយយ៉ាងលឿនបានជ្រុលទៅបុកបង្គោលពេញទំហឹង បណ្ដាលឲ្យដាច់ជាពីររថយន្តផ្ទុះពោងខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង ក្រោយមកម្ចាស់រថយន្តបានបើកទ្វារចេញគេចខ្លូនពីកន្លែងកើតហេតុបាត់។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកចំណុចកើតហេតុបានទាក់ទងបន្តទៅសមត្ថកិច្ចជំនាញឲ្យមកធ្វេីការវាស់វែង ស្ទូចរថយន្តបង្កទៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំឲ្យម្ចាស់រថយន្តចូលខ្លូនមកដោះស្រាយតាមច្បាប់ ៕ ដោយ ៖ ជីម ភារ៉ា

