កិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីការបំពេញទំរង់ឯកសារស្នើសុំដាក់បញ្ចូលទីក្រុងបាត់ដំបងក្នុងបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ
នារសៀលថ្ងៃអង្គារ ១៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍផលិតផលទេសចរណ៍ បានចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីការបំពេញទំរង់ឯកសារស្នើសុំដាក់បញ្ចូលទីក្រុងបាត់ដំបងក្នុងបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ (UNESCO Creative Cities Network) ដោយមានការចូលរួមពីឯកឧត្តម ស៊ីយ៉ុន សុភារិទ្ធិ អគ្គនាយកបច្ចេកទេសវប្បធម៌នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកបណ្ឌិត Masanori Nagaoka អ្នកទទួលបន្ទុកវប្បធម៌របស់អង្គការយូណេស្កូប្រចាំកម្ពុជា លោក ហុង មករា មន្រ្តីជំនាញរបស់អង្គការយូណេស្កូប្រចាំកម្ពុជា ប្រធានមន្ទីរវប្បធម៌ និងប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង និងតំណាងរដ្ឋបាលខេត្តបាត់ដំបង។
នេះជាកិច្ចប្រជុំលើកដំបូងដើម្បីពិនិត្យទៅលើសេចក្តីព្រាងបឋមការបំពេញឯកសារស្នើសុំដាក់នេះ ដែលក្រុមការងាររដ្ឋបាលខេត្តបាត់ដំបង បានសហការរៀបចំជាមួយអង្គការយូណេស្កូប្រចាំកម្ពុជា។
អង្គប្រជុំបានកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់រដ្ឋបាលខេត្តបាត់ដំបង ពិសេសមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីរទេសចរណ៍ខេត្ត ដែលបានខិតខំបំពេញសំណុំឯកសារស្នើសុំនេះ និងបានចូលរួមមតិយោបល់ និងធាតុចូលសំខាន់ៗជាច្រើន ដើម្បីបន្តរៀបចំជាឯកសារចុងក្រោយ។ ជាមួយលទ្ធផលសំខាន់ៗ អង្គប្រជុំបានសម្រេចយកថ្ងៃអង្គារសប្តាហ៍ក្រោយ ដើម្បីបន្តប្រជុំពិនិត្យទៅលើសំណុំឯកសារស្នើសុំនេះ ៕

