សម្ដេចតេជោនឹងផ្ដល់វ៉ាក់សាំងជាង៦០ម៉ឺនដូស ចាក់ជូនដល់ពលរដ្ឋដែលកំពុងប្រឈម ដោយជំងឺកូវីដ-១៩ក្នុងខេត្តកំពង់ចាម
ទឹកចិត្តជាឪពុក ម្តាយ ជាអាណាព្យាបាលប្រកបដោយព្រហ្មវិហារធម៌ និងការទទួលខុសត្រូវខ្ពស់នូវជោគវាសនារបស់ប្រជាពលរដ្ឋកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល លោកបានសម្រេចផ្ដល់វ៉ាក់សាំងប្រឆាំងCovid-19 ជូនដល់ប្រជាពលរដ្ឋចំនួន០៤ ស្រុកក្នុងនោះរួមមាន: បាធាយ ,ជើងព្រៃ ,ព្រៃឈរ និងស្រុកកំពង់សៀម ស្មើនឹងចំនួន៣២ ម៉ឺននាក់ ដែលគ្រោងនឹងចាក់ជូននាពេលខាងមុខដ៏ឆាប់ៗខាងមុខនេះ។
នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត ដោយធ្វើឡើងនាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាខេត្ត និងថ្នាក់ដឹកនាំមន្ទីរ-ស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត។
ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ឲ្យដឹងថា ពលករដែលធ្វើដំណើរមកពីប្រទេសថៃនាពេលកន្លងទៅថ្មីៗត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ដែលជាប្រភេទវីរុសបម្លែងថ្មីឆ្លងលឿនរហ័សជាងវីរុសចាស់រហូតដល់៤០% បើឆ្លងហើយវាងាយនឹងស្លាប់ប្រសិនណាបើយឺតយ៉ាវក្នុងការព្យាបាល។ ហើយត្រូវបានប្រមុខរាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាលបង្កើនការយកចិត្តទុកដាក់ចំពោះអ្នកជំងឺឆ្លងCovid នៅតាមបណ្ដើររាជធានីខេត្តក្នុងប្រទេសកម្ពុជា ពោលគឺមិនអាចធ្វេសប្រហែសបានឡើយ។
ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍បន្តថាជាមួយនោះសម្រាប់ខេត្តកំពង់ចាមគឺត្រូវដាក់ផែនការដើម្បីប្រជាជាតិប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងនោះរួមមាន÷
១.ស្រាវជ្រាវឲ្យបានឆាប់រហ័ស ក្នុងនោះមានអ្នកពាក់ព័ន្ធដោយផ្ទាល់និងប្រយោល។
២.ធ្វើតេស្តរហ័ស ដោយតម្រូវឲ្យយកអ្នកសង្ស័យមកពិនិត្យភ្លាមៗតាមរយៈឧបករណ៍Rapit test ដែលផ្ដល់ដោយក្រសួងសុខាភិបាល និងមួយផ្នែកទៀតរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ក្នុងករណីរកឃើញហើយត្រូវយកមកព្យាបាលជាបន្ទាន់ដោយមិនបង្អង់នោះទេ។
៣.ព្យាបាលរហ័ស តម្រូវឲ្យឆាប់យកមកព្យាបាលភ្លាមៗដោយមិនរងចាំលទ្ធផលពីភ្នំពេញនោះទេ ការពន្យាពេលអាចនាំឲ្យអត្រាឆ្លងជំងឺនេះលឿនផ្ទុះតែចូលក្នុងសហគមន៍ និយាយរួមឲ្យតែពិនិត្យឃើញតាមឧបករណ៍តេស្តរហ័ស ត្រូវប្រញាប់យកមកព្យាបាលជាបន្ទាន់នៅមន្ទីរពេទ្យ និងរងចាំលទ្ធផលបីថ្ងៃក្រោយពីការផ្ទៀងផ្ទាត់NIPH។ ចំពោះការធ្វើចត្តាឡីស័ករហ័ស អ្នកពាក់ព័ន្ធត្រូវយកមកធ្វើចត្តាឡីស័កឲ្យបានលឿននៅមណ្ឌលចត្តាទ្បីស័កដែលមាននៅតាមបណ្ដាលក្រុង ស្រុក ក្នុងនោះអ្នកប៉ះពាល់ដោយប្រយោលនឹងត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរបស់ពួកគេ ហើយស្នើឲ្យកម្លាំងប៉ុស្តិ៍រដ្ឋបាល និងអជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រូវត្រួតពិនិត្យឲ្យបានជាប់ជាប្រចាំផងដែរ។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តបញ្ជាក់បន្ថែមថា តាមរយៈឯកឧត្តមឧបយឹម ឆៃលី ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាម និងឯកឧត្តម ហ៊ុន ណេង បានឲ្យរូបលោក(អ៊ុន ចាន់ដា) ស្នើសុំត្រង់ទៅសម្ដេចតេជោ ព្រោះថានៅក្នុងខេត្តកំពង់ចាមបានផ្ទុះឡើងចូលក្នុងសហគមន៍ក្នុងនោះមានប្រជាពលរដ្ឋនិងកម្មករកម្មការិនីបានឆ្លង Covid រហូតដល់ជាង ១.០០០នាក់ហើយ ។
ដោយទឹកចិត្តជាឪពុក ម្តាយ ប្រកបដោយព្រហ្មវិហាធម៌ដ៏ថ្លៃថ្លារបស់សម្ដេចដេជោ សែន សម្តេចលោកបាន ឯកភាព និងសម្រេចផ្ដល់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលនឹងត្រៀមចាក់ជូនដល់ប្រជាពលរដ្ឋរួមទាំងកម្មករកម្មការិនីនៅស្រុកចំនួន០៤ក្នុងនោះព្រោះមាន បាធាយ ,ជើងព្រៃ,ព្រៃឈរ,និងស្រុកកំពង់សៀម សរុបប្រមាណ ៣២ម៉ឺននាក់ដោយធ្វើឡើងក្នុងពេលខាងមុខដ៏ឆាប់។សម្រាប់នៅស្រុកបាធាយនិងជើងព្រៃត្រូវបានប្រគល់ជូនពេទ្យយោធា ចំណែកនៅស្រុកព្រៃឈរ និងកំពង់សៀម គឺមានក្រុមគ្រូពេទ្យខេត្តកំពង់ចាមដែលមានចំនួន ៥០ក្រុមត្រូវបានបែងចែកសម្រាប់បំពេញការងារតាមគោលដៅនីមួយៗ។ហើយសកម្មភាពចាក់វ៉ាក់សាំងនេះត្រូវប្រើពេល ១៤ថ្ងៃសម្រាប់ដុសទី១ និងដុសទី២ គឺមានរយៈពេល២៨ថ្ងៃ ។ ទោះបីជាចាក់វ៉ាក់សាំងហើយក៏ដោយ ត្រូវអនុវត្តបីកុំបីការពារ ត្រូវតែពាក់ម៉ាសឲ្យបានជាប់ជាប្រចាំតាមវិធានរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាបខ្ជួនផងដែរ៕










