អាជ្ញាធររាជធានីគ្រោងនឹងពង្រីកវិសាលភាពនៃការលក់ដូរ នៅផ្សាររដ្ឋទាំង ២៥ឱ្យបានទូលំទូលាយជាងមុន នៅប៉ុន្មានថ្ងៃទៀតនេះ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ អាជ្ញាធរខណ្ឌរាជធានីភ្នំពេញ គ្រោងនឹងពង្រីកវិសាលភាពនៃការលក់ដូរនៅតាមផ្សាររដ្ឋទាំង២៥ឱ្យបានទូលំទូលាយជាងមុន ក្រោយពីផ្សាររដ្ឋនានានៅទូទាំងរាជធានីភ្នំពេញ មិនមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩បន្ថែមទៀត ខណៈបានបើកឱ្យដំណើរការប្រមាណ២សប្តាហ៍ហើយនោះ បើទោះបីនៅតាមបណ្ដាលរោងចក្រសហគ្រាសមួយចំនួននៅតែបន្តឆ្លងជាបន្តបន្ទាប់ក៏ដោយ។

នៅក្នុងកិច្ចប្រជុំតាមរយៈ video conference មួយ នៅសាលារាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី០៨ខែមិថុនាម្សិលម៉ិញលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា ផ្សាររដ្ឋទាំង២៥ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ សម្រេចឱ្យបើកឲ្យដំណើរការ លក់ដូរឡើងវិញប្រមាណ២សប្ដាហ៍កន្លងមកហើយ ដោយលក់ជាគ្រឿងឧបភោគបរិភោគ ត្រី សាច់ជាដើម ។ ប៉ុន្តែមកដល់ពេលនេះ ពោលគឺក្រោយពីបើកឲ្យដំណើរការឡើងវិញនោះ ឃើញថានៅតាមផ្សាររដ្ឋទាំង២៥មិនមានការឆ្លងរាលដាលជំងឺកូវីដ-១៩នោះទេ។

ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញនឹងពង្រីកវិសាលភាពនៃការបើកផ្សារទាំង២៥នេះ ឱ្យបានធំទូលាយជាងមុន ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកបញ្ជាក់ថា ៖មុននៃការបើកវិសាលភាពផ្សារឱ្យបានទំលំទូលាយជាងមុននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការកោះប្រជុំជាមួយនឹងគណៈកម្មការផ្សារទាំង២៥ជាមុនសិន ដើម្បីពិនិត្យលទ្ធភាព ថាតើយើងគួតែពង្រីកវិសាលភាពផ្សារឱ្យបានក្នុងកម្រិតណា ។

ក្រោយពីមានការប្រជុំពិភាក្សាគ្នាហើយនោះរដ្ឋបាលរាជធានីភ្នំពេញនឹងចេញសេចក្តីជូនដំណឹងថ្មីមួយទៀត ដើម្បីជម្រាបជូនទៅគណៈកម្មការផ្សារទាំង២៥ និងសាធារណៈជនឱ្យបានជ្រាបជាព័ត៌មាន ដោយសារតែប្រជាពលរដ្ឋភាគច្រើនបំផុតហើយ បានចេះការពារខ្លួនទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងការអនុវត្ត៣កុំ៣ការពារបានល្អ មានន័យថា ពួកគាត់ចេះរស់នៅក្នុងបដិបទថ្មី កូវីដ-១៩ហើយ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner