ប្រទះឃើញគ្រាប់មីនប្រភេទ72A ចំនួន ៣៦គ្រាប់ និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ជាច្រើនគ្រាប់ទៀតនៅខេត្តបាត់ដំបង
សេចក្តីរាយការណ៍បានបញ្ជាក់អោយដឹងថា ហេតុការណ៍នោះបានកើតឡើងកាលពីថ្ងៃទី៨ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅភូមិផ្លូវមាស ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
សមត្ថកិច្ចបានអោយដឹងថាគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ជាច្រើនគ្រាប់ដែលប្រជាពលរដ្ឋប្រទះឃើញរួមមាន៖ គ្រាប់មីនប្រភេទ72Aចំនួន ៣៦គ្រាប់ ,គ្រាប់កាំភ្លើងប្រភេទ B40ចំនួន ៣គ្រាប់ ,គ្រាប់កាំភ្លើងប្រភេទ K57ចំនួន ៥០០គ្រាប់។ សមត្ថកិច្ចបានអោយដឹងថាគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បានកប់នៅក្នុងដីក្រោមគុម្ភឫស្សីក្បែរមាត់ស្ទឹងហើយក្នុងប៉ុន្មានថ្ងៃនេះ នៅចំណុចនោះមានភ្លៀងធ្លាក់ខ្លាំងមានទឹកហូរច្រោះដីជាហេតុធ្វើឱ្យយុទ្ធភ័ណ្ឌទាំងនេះផុសចេញមកពីគុម្ពឬស្សីទើបប្រជាពលរដ្ឋលោកប្រទះឃើញនិងរាយការណ៍ជូនសមត្ថកិច្ច។
បច្ចុប្បន្នសមត្ថកិច្ចបានរាយការណ៍ជូនអង្គភាពស៊ីម៉ាក់CMAC ដើម្បីពិនិត្យជាក់ស្តែងនិងប្រគល់ជូនអង្គភាពស៊ីម៉ាក់CMACដើម្បីយកទៅរក្សាទុកនិងបំផ្លាញចោល។
កម្ពុជាទើបបានសម្រេច រំដោះដីដែល មានមីន បានទំហំជាង ១ពាន់ ៨០២គីឡូម៉ែត្រក្រឡា និងបានកម្ទេចគ្រាប់ មីនប្រឆាំងមនុស្សចំនួន ១លាន៦ម៉ឺន ២ពាន់ ៦៦១គ្រាបមីនប្រឆាំងរថក្រោះចំនួន២ម៉ឺន៤ពាន់៨៣២គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម បានចំនួន ២លាន៧៦ម៉ឺន៧ពាន់២០ គ្រាប់។
ទំហំផ្ទៃដី ដែលសេសសល់គ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះក្នុងប្រ ទេសកម្ពុជា ត្រូវបានគេប៉ាន់ប្រមាណថានៅមានទំហំ៨៩០គីឡូម៉ែត្រក្រឡានិងកម្ពុជាមានផែនការបោសសំអាតគ្រាប់ មីន និងគ្រាប់មិនទាន់ផ្ទុះឲ្យអស់រហូតដល់ឆ្នាំ២០២៥។


