រដ្ឋមន្ត្រីក្រសួងកសិកម្ម សាទរចំពោះគម្រោងសូត្រ និងគម្រោងវិនិយោគលើវារីវប្បកម្ម ដែលក្រុមការងារ នៃគម្រោង ដែលឧបត្ថម្ភដោយអង្គការ JICA គ្រោងនឹងបង្កើតនាពេលខាងមុខ
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបឯកឧត្តម ហ្វូមីអាគី តាកាហាស៊ី (Fumiaki Takahashi) ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ។
ជាបឋមឯកឧត្តមរដ្ឋមន្ត្រីវេង សាខុន បានសម្តែងនូវកិច្ចស្វាគមន៍ជូនចំពោះឯកឧត្តម ហ្វូមីអាគី និងសហការីដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ក្នុងនោះឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូន អំពីការវិវឌ្ឍន៍រីកចម្រើន នៃវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅប៉ុន្មានឆ្នាំចុងក្រោយគួរឱ្យកត់សម្គាល់ រួមមានផលិតកម្មស្រូវ ដំណាំកសិ-ឧស្សាហកម្ម ផលិតកម្មសត្វ និងវារីវប្បកម្ម។ល។ ឯកឧត្តម បានរំលេចជូនភ្ញៀវអំពីសក្តានុពល នៃវិស័យកសិកម្ម លក្ខខណ្ឌអំណោយផល និងឱកាសនៃការវិនិយោគ ជាពិសេសគោលនយោបាយ និងផែនការអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩-២០២៣ និងគោលនយោបាយលើកទឹកចិត្តលើការ វិនិយោគវិស័យកសិកម្មសម្រាប់វិស័យឯកជនក្នុង និងក្រៅប្រទេសរបស់រាជរដ្ឋាភិបាល ដោយផ្តោតភ្ជង់ទៅ លើការធ្វើពិពិធកម្មកសិកម្ម ខ្សែច្រវាក់ផលិតកម្ម និងតម្លៃបន្ថែមពី (A to Z) ប្រកបដោយវិបុលភាពមានជាអាទិ៍៖ ផលិតកម្មដំណាំ សត្វ និងវារីវប្បកម្ម បច្ចេកវិទ្យាក្រោយពេលប្រមូលផល ឃ្លាំងស្តុក សម្ងួត រោងម៉ាស៊ីនកិន កែច្នៃ វេចខ្ចប់ ដឹកជញ្ជូន និងនាំចេញ ដោយឈរលើគោលការណ៍ស្តង់ដារគុណភាព អនាម័យ សុវត្ថិភាព និងការប្រកួតប្រជែងទីផ្សារក្នុង និងក្រៅប្រទេស។ ឯកឧត្តមបន្តថា បច្ចុប្បន្នកម្ពុជាមានសហគមន៍កសិកម្មជាច្រើនដែលបាននិងកំពុងជួយជំរុញការងារផលិតកម្មកសិកម្មឱ្យដល់កម្រិតមួយធានាបាននូវគុណភាព តម្លៃបន្ថែម និងស្តង់ដារ ឆ្លើយតបតាមតម្រូវការទីផ្សារ ដោយសហការជាមួយដៃគូអភិវឌ្ឍ និងវិស័យឯកជនតាមរយ:ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។ ក្រៅពីនេះ ក្រសួងក៏ទទួលបានជំនួយឧបត្ថម្ភជាច្រើនពីអង្គការជាតិ និងអន្តរជាតិ ហើយថ្មីៗនេះសហភាពអឺរ៉ុប (EU) បានជួយឧបត្ថម្ភថវិកាចំនួនជាង ៨០លានដុល្លារ សម្រាប់ធ្វើការអភិវឌ្ឍវិស័យជលផលផងដែរ ដោយផ្តោតជាសំខាន់លើការអភិវឌ្ឍអនុវិស័យវារីវប្បកម្ម និងការកែច្នៃ។
នាឱកាសនេះ ឯកឧត្តម ហ្វូមីអាគី បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថា សមាគមជប៉ុន-កម្ពុជា គ្រោងនឹងដឹកនាំគណប្រតិភូ នៃក្រុមហ៊ុនពាណិជ្ជកម្មនាំមុខធំៗ របស់ជប៉ុន នឹងមកធ្វើទស្សនកិច្ចនៅកម្ពុជាក្នុងខែធ្នូ ឆ្នាំ២០២០ ក្នុងបំណងធ្វើការសិក្សាស្វែងយល់បន្ថែមអំពីឱកាស គោលនយោបាយ និងលក្ខខណ្ឌសំខាន់ៗមួយចំនួនរបស់កម្ពុជាក្នុងការវិនិយោគ។ ឆ្លៀតឱកាសនៃដំណើរទស្សនកិច្ចនេះ គណប្រតិភូស្នើសុំអនុញ្ញតណាត់ជួបឯកឧត្តមរដ្ឋមន្រ្តីផងដែរ ដើម្បីពិភាក្សាអំពីឱកាសនៃការវិនិយោគលើវិស័យកសិកម្ម។ ក្នុងខណ:នេះដែរ ក្រុមការងារនៃគម្រោងផលិតកម្មសូត្រដែលឧបត្ថម្ភដោយអង្គការ JICA បានរាយការណ៍ជូនជ្រាបអំពីវឌ្ឍនភាពនៃគម្រោង ដោយបានរំលេចពីលទ្ធផលសម្រេចបានក្រៅពីសូត្រ គម្រោងបានកែច្នៃសូត្រទៅជាសាប៊ូដែលមានគុណភាពល្អប្រសើរសម្រាប់ស្រ្តី ហើយផលិតផលនេះកំពុងមានការចាប់អារម្មណ៍យ៉ាងខ្ពស់នៅជប៉ុន។ សំខាន់មួយទៀត មានក្រុមហ៊ុនជប៉ុនមួយបាននិងកំពុងសិក្សា លើលទ្ធភាពក្នុងការវិនិយោគលើវារីវប្បកម្ម (ចិញ្ចឹមត្រីទីឡាព្យា) ធ្វើការកែច្នៃរួចនាំចេញនៅជប៉ុន។
ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ និងសាទរចំពោះគម្រោងសូត្រ និងគម្រោងវិនិយោគលើវារីវប្បកម្ម ព្រោះគម្រោងទាំងពីរនឹងជួយបង្កើតការងារជូន ប្រជាពលរដ្ឋនៅមូលដ្ឋានដោយផ្ទាល់ រួមទាំងប្រាក់ចំណូល សំខាន់ជាងនេះគឺជួយរក្សាមរតកប្រពៃណីពីបុរាណរបស់ស្រ្តីខ្មែរ គឺការដាំមន ចិញ្ចឹមដង្កូវនាង ផលិតសូត្រ និងការត្បាញហូលផាមួង។ ដោយឡែកការចិញ្ចឹមត្រី ពិតជាជួយដល់កសិករទាំងការងារ និងប្រាក់ចំណូល រួមចំណែកកាត់បន្ថយការនេសាទធម្មជាតិពីទន្លេ ស្ទឹង បឹង ព្រែក ស្របពេលដែលទិន្នផលត្រីមាននិន្នាការធ្លាក់ចុះ ដោយសារសេចក្តីត្រូវមានការកើនឡើងជាលំដាប់ និងការប្រែប្រួលអាកាស ធាតុ។ ហេតុផលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវឆន្ទ:គាំទ្រ និងលើកទឹកចិត្តដល់ក្រុមហ៊ុនជប៉ុនក្នុងការវិនិយោគលើវិស័យវារីវប្បកម្មនាពេលអនាគត៕



