ព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជទ្រព្យ ៣០ម៉ឺនដុល្លារ ដល់រាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធនឹងមេរោគកូវីដ១៩ នៅកម្ពុជា
នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យប្រោសប្រទានព្រះរាជទ្រព្យចំនួន ៣០ម៉ឺនដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើសកម្មភាពប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ (COVID-19)។
ឯកឧត្តម ម៉ម ប៊ុនហេង តំណាងឱ្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានក្រាបថ្វាយបង្គំអរព្រះគុណជាអនេកថ្វាយព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងព្រះមហាក្សត្រី ដែលបានប្រោសព្រះរាជនូវព្រះរាជព្រះទ្រព្យ ដើម្បីចូលរួមរំលែកការលំបាករាជរដ្ឋាភិបាល និងជួយដល់ប្រជាពលរដ្ឋខ្មែរ កំពុងជួបការលំបាកដោយសារការរាត្បាតនៃមេរោគកូវីដ១៩នាពេលនេះ។
សូមបញ្ជាក់ថា ព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គទាំងទ្វេ ត្រូវបានសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង យកទៅប្រគល់ជូនលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាទីស្តីការករសួងសុខាភិបាល។ គិតមកដល់ត្រឹមល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣៧នាក់។ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ បានសម្រេចបង្កើតគណៈកម្មាធិការជាតិមួយ ដើម្បីធ្វើសកម្មភាពប្រយុទ្ធប្រឆាំងជាមួយការរីករាលដាលនៃជំងឺបង្កដោយមេរោគកូវីដ១៩នេះ៕
