ក្រុម Sniper FC ក្លាយជាម្ចាស់ជើងឯកពានរង្វាន់ទីលានបាល់ទាត់ Domrey Sor League រដូវកាលទី១១
ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ពាក់កណ្ដាលអាជីព Domrey Sor League រដូវកាលទី១១ ឆ្នាំ២០២០ បានបញ្ចប់ហើយ ដោយក្រុម Sniper FC បានគ្រងតំណែងជើងឯក ក្រោយយកឈ្នះក្រុម RFL ដោយកាត់ទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ៦-៥ បន្ទាប់ពីប្រកួតពេញម៉ោងស្មើគ្នា ០-០ ។
ជំនួបកាត់សេចក្ដីរកក្រុមជើងឯកនេះ បានធ្វើឡើងនៅទីលានដំរីស ដោយក្រុមទាំងពីរ បានព្យាយាមដាក់សម្ពាធគ្នាពេញ៩០នាទី តែមិនមានក្រុមណា អាចបំប៉ោងសំណាញ់ទីគ្នាបានឡើយ ។ ក្រោយរក្សាលទ្ធផល ០-០ អាជ្ញាកណ្ដាលបានសម្រេចឲ្យក្រុមទាំងពីរ ទាត់ប៉េណាល់ទីកាត់សេចក្ដី ជាលទ្ធផលក្រុម Sniper បានយកឈ្នះក្រុម RFL ៦-៥ ដើម្បីគ្រងជើងឯកលើកដំបូងតែម្ដង ។
លោក ឯក សុវណ្ណដា ស្ថាបនិកពាន Domrey Sor League បានឲ្យដឹងថា ការប្រកួតឆ្នាំនេះ បានចាប់ផ្ដើមតាំងពីដើមខែមករា រហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ដោយមាន ៨ក្រុមចូលរួម ហើយក្រុមនីមួយៗ សុទ្ធតែមានសមត្ថភាព និងមានការរៀបចំបានល្អ ដែលជំរុញឲ្យការប្រកួតប្រជែងមានភាពទាក់ទាញ និងបញ្ចប់ដោយជោគជ័យ ។
បន្ថែមលើនេះ លោកបានបង្ហើបនូវគម្រោងបន្ដរៀបចំពានពាក់កណ្ដាលអាជីពនេះកាន់តែធំបន្ថែមទៀត នារដូវកាលថ្មីខាងមុខ ដើម្បីផ្ដល់ឱកាសឲ្យយុវជនបានចូលរួមលេងកីឡា និងរួមចំណែកលើកស្ទួយវិស័យកីឡាបាល់ទាត់កម្ពុជាឲ្យកាន់តែផុលផុស និងរីកចម្រើនថែមទៀតផង ។
គួរបញ្ជាក់ថា អមជាមួយការប្រកួតដណ្ដើមជើងឯករវាង Sniper ជាមួយ RFL ក៏មានការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ ផងដែរ ដោយក្រុម Turtle បានយកឈ្នះក្រុមអាកាសស៊ីវិល ៤-១ ៕



