ប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោក G7 នឹងបរិច្ចាគវ៉ាក់សាំងបង្ការ Covid-19 ចំនួន១ពាន់លានដូសដល់ប្រទេសក្រីក្រ
អង់គ្លេស៖ ក្រុមប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោក G7 នឹងបរិច្ចាគវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចំនួន១ពាន់លានដូសដល់ប្រទេសក្រីក្រ ដែលការប្រកាសនេះចេញពីកិច្ចប្រជុំកំពូលប្រទេសទាំង៧នៅថ្ងៃសុក្រសប្តាហ៍នេះ ។
ប៉ុន្មានម៉ោង បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្តេជ្ញាបរិច្ចាគវ៉ាក់សាំង Pfizer ចំនួន៥០០លានដូស ខណៈដែលនាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន ក៏បានបញ្ជាក់ដែរថា អង់គ្លេសក៏នឹងបរិច្ចាគវ៉ាក់សាំងយ៉ាងហោចណាស់១០០លានដូសដល់ប្រទេសក្រីក្រផងដែរ ។
បន្ថែមលើនេះ លោក ចនសុន បានអំពាវនាវអោយមេដឹកនាំប្រទេស G7 ដែលចូលរួមកិច្ចប្រជុំកំពូលបរិច្ចាគវ៉ាក់សាំងដល់ពិភពលោកអោយបានគ្រប់ទាំងអស់ត្រឹមបំណាច់ឆ្នាំ២០២២ ហើយក្រុមប្រទេសទាំងនេះរំពឹងថា នឹងបរិច្ចាគវ៉ាក់សាំងចំនួន១ពាន់លានដូស ដែលនឹងត្រូវបានប្រកាសអោយដឹងនៅក្នុងកិច្ចប្រជុំកំពូលរយៈពេល៣ថ្ងៃនៅអង់គ្លេស ៕ ប្រភព៖ CNA


