ស្រវឹងស្រាជោកជាំ បេីករថយន្តព្រូសបុករុឺម៉កសណ្ដោងក្នុងទិសដៅបញ្ច្រាស់បណ្ដាលឲ្យរងការខូចខាត សំណាងគ្មានអ្នករបួស
ភ្នំពេញ ៖ បុរសម្នាក់បេីករថយន្តម៉ាកតូយូតាព្រូសមួយគ្រឿង ជ្រុលទៅបុករុឺម៉កសណ្ដោងក្នុងទិសដៅបញ្ច្រាស់បណ្ដាលឲ្យរងការខូចខាតផ្នែកខាងមុខ និងធ្វេីឲ្យសមត្ថកិច្ចមូលដ្ឋានចុះទៅដល់កន្លែងកេីតហេតុភ្លាមៗ កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ នៅក្បែរប៉ុស្ដិ៍បឹងទំពុន២ តាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា ដំបូងគេឃេីញរថយន្តម៉ាក តូយ៉ូតា ព្រូស ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2BE -1140 បេីកបរដោយបុរសម្នាក់ដែលមានស្ថានភាពស្រវឹង ហេីយធ្វេីដំណេីររេចង្កូតពេញផ្លូវ ជ្រុលទៅចំហៀងផ្លូវម្ខាងទៀត បុករុឺម៉ុកសណ្ដោងដែលធ្វេីដំណេីរបញ្ច្រាស់ទិសគ្នាពេញទំហឹង បណ្ដាលឲ្យរថយន្តព្រូសរងការខូចខាតកាងពីមុខផ្នែកខាងស្ដាំយ៉ាងដំណំ រីឯរុឺម៉កសណ្ដោងរងការខូចខាតតិចតួច និងមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះឡេីយ ។
ក្រោយកេីតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហេីយឲ្យភាគីទាំងសងខាងធ្វេីការចចារគ្នាមួយជំហាន ។ ក្រោយមក ភាគីទាំងសងខាងបានសុំបញ្ចាប់រឿងនៅកន្លែងកេីតហេតុ ដោយរថយន្ត បង្ក និងរុឺម៉កសណ្ដោងទៅជួសជុលរៀងៗខ្លួន ៕


