ឯកឧត្តម វេង សាខុន ស្នើសុំឲ្យក្រុមការងារថ្នាក់ជាតិ ក៏ដូចជាថ្នាក់ក្រោមជាតិ បន្តរក្សាភាពឈ្នះរបស់យើងឲ្យបានគង់វង្ស តាមរយ:យកចិត្តទុកដាក់អនុវត្តសេចក្តីសម្រេចស្តីពី “ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២”
Video https://fb.watch/66zNkkmE2u/
ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម ការពីរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នំា២០២១ បានអញ្ជើញមកធ្វើការផ្សព្វផ្សាយសេចក្តីសម្រេចរបស់គណកម្មាធិការកណ្តាលស្តីពី “ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២” ជូនឯកឧត្តម លោក លោកស្រី ប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក និងសមាជិក សមាជិកា បានជ្រាបមុនយកទៅអនុវត្តដើម្បីត្រៀមលក្ខណសម្បត្តិឲ្យបានគ្រប់គ្រាន់ និងល្អប្រសើរ ឈានទៅសម្រេចទទួលបានជោគជ័យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
ឯកឧត្តម វេង សាខុន បានវាយតម្លៃខ្ពស់លើសមិទ្ធផលដែលស្រុកសម្រេចបានទាំងលទ្ធផលនៃការបោះឆ្នោត និងជាពិសេសយុទ្ធនាការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩។ ឯកឧត្តមប្រធានក្រុមការងារបានថ្លែងអំណរគុណ ជូនចំពោះឯកឧត្តម លោកប្រធាន អនុប្រធានក្រុមការងារ និងសមាជិកក្រុមការងារទាំងអស់ចំពោះការលះបង់គ្រប់បែបយ៉ាងក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ហើយឯកឧត្តម ក៏ស្នើសុំឲ្យក្រុមការងារថ្នាក់ជាតិ ក៏ដូចជាថ្នាក់ក្រោមជាតិ ត្រូវបន្តរក្សាភាពឈ្នះរបស់យើងឲ្យបានគង់វង្ស តាមរយ:យកចិត្តទុកដាក់អនុវត្តសេចក្តីសម្រេចស្តីពី “ផែនការរួមឆ្ពោះទៅកាន់ការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២”។
ដើម្បីធ្វើឲ្យសម្រេចតាមផែនការដែលបានកំណត់ ឯកឧត្តមប្រធានក្រុម បានដកយកចំណុចសំខាន់ៗពីសេចក្តីសម្រេចខាងលើមកបកស្រាយលម្អិតមួយចំណុចម្តងៗ និងធ្វើការណែនាំបន្ថែមស្របទៅតាមទិដ្ឋភាពជាក់ស្តែង ភាពចាំបាច់ដែលត្រូវតែផ្លាស់ប្តូរ និងកែលម្អទៅតាមដំណាក់កាលទាំង៤ នៃសេចក្តីសម្រេចនេះ។ ទាំងសមាជិកក្រុមការងារចុះមូលដ្ឋានឃុំ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវចាប់ផ្តើមសកម្មភាពក្នុងដំណាក់កាលទីមួយនេះ ហើយក៏ត្រូវត្រៀមលក្ខណអនុវត្តដំណាក់កាលជាបន្តបន្ទាប់ មុនឈានដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដែលជាថ្ងៃកំណត់នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្គាត់ អាណត្តិទី៥។ ឯកឧត្តម បានបញ្ជាក់ជូនអង្គពិធីយ៉ាងច្បាស់ថា ភាពជោគជ័យរបស់យើង គឺនៅលើ ឆន្ទ:ពុះពារ លះបង់ សហការ និងការប្តេជ្ញាចិត្តរបស់សមាជិកយើងគ្រប់ជាន់ថ្នាក់ក្នុងការអនុវត្តសេចក្តីសម្រេចរបស់គណកម្មាធិការកណ្តាលឲ្យបានត្រឹមត្រូវ ច្បាស់លាស់ មានប្រសិទ្ធភាព និងទាន់ពេលវេលា។ ដូច្នេះ ក្នុងនាមលោកជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់សៀម លោកនឹងចូលរួមឧបត្ថម្ភ គាំទ្រ និងសហការ ដឹកនាំអនុវត្តសេចក្តីសម្រេចនេះឲ្យទទួលបានជោគជ័យនៅអាណត្តិទី៥ បន្តទៀត។
នៅទីបញ្ចប់ ឯកឧត្តមបានក្រើនរំលឹកជូនសមាជិក សមាជិកា និងជាពិសេសបងប្អូនប្រជាពលរដ្ឋទូទាំងស្រុកថាស្ថានភាពជំងឺឆ្លងកូវីដ-១៩ មិនទាន់ធូរស្បើយនៅឡើយទេ។ ដូច្នេះយើងត្រូវយក ចិត្តទុកដាក់ប្រកាន់ខ្ជាប់នូវគោលការណ៍ ៣ការពារ និង ៣កុំ។ ក្នុងឱកាសនេះ ឯកឧត្តម ក៏បានជួយ ឧបត្ថម្ភថវិកាមួយចំនួនជូនអាជ្ញាធរស្រុកយកទៅទុកប្រើប្រាស់សម្រាប់វិធានការការពារជំងឺឆ្លង កូវីដ-១៩ និងការធ្វើចត្តាឡីស័ក៕