សម្តេចពិជ័យសេនា ទៀ បាញ់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលយុទ្ធនាការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលយុទ្ធនាការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី និងជនបរទេស ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង នៅក្នុងខណ្ឌចំនួន៦ នៅរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ នៃខេត្តកណ្ដាល នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១ ឧសភា ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ គឺបានដំណើរការទៅដោយរលូនមិនមានបញ្ហាអ្វីកើតឡើងទេ និងមានសណ្តាប់ធ្នាប់ល្អ។ សម្តេចពិជ័យសេនា បានមានប្រសាសន៍បន្តថា ដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហមក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គឺអនុវត្តទៅតាមការចាត់ចែង ហើយនាពេលកន្លងមកនេះ បានសម្រេចថា ចាក់វ៉ាក់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយក្រសួងការពារជាតិបានទទួលការបែងចែកដំបូង គឺឱ្យចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហមចំនួន ៤ខណ្ឌ ដែលមានហានិភ័យខ្ពស់ ហើយបន្តមកទៀតបានសហការជាមួយខាងរាជធានីភ្នំពេញ ក៏បង្កើតតំបន់ក្រហមមួយចំនួនទៀតនៅខណ្ឌទួលគោក និងខណ្ឌឫស្សីកែវ និងបានបន្តចាក់វ៉ាក់សាំងនៅខណ្ឌទាំងពីរនេះ រហូតឡើងដល់៦ខណ្ឌ។ ចំពោះមុខសញ្ញាដែលត្រូវចាក់វ៉ាក់សាំង គឺត្រូវចាក់ជូនទាំងអស់ រួមទាំងកម្មករ កម្មការិនី រួមទាំងជនបរទេស។
សូមជម្រាបថា ក្រសួងការពារជាតិ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហមក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានធ្វើឡើងកាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១។ យោងតាមរបាយការណ៍ក្រសួងការពារជាតិកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី១ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានចំនួនសរុប ១លាន៣០ម៉ឺន៤២៦១នាក់ ក្នុងនោះចាក់នៅតំបន់ក្រហម បានចំនួន៩៩ម៉ឺន៣៩០២នាក់ ខណៈចាក់លើកទី២មានចំនួន១លាន១៤ម៉ឺន១៥៥០នាក់៕
ដោយៈពលជ័យ