រាជរដ្ឋាភិបាលកម្ពុជា ស្នើឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆេក ជំរុញកិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជ​កម្មវិនិយោគ និងការអភិវឌ្ឍធនធាន​មនុស្ស

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆេកយកចិត្តទុកដាក់ទៅលើកិច្ចការជំរុញកិច្ចសហប្រតិបត្តិការ​ជាមួយកម្ពុជាលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគនិងការអភិវឌ្ឍធនធានមនុស្ស។ ការលើកឡើងរបស់សម្តេចតេជោហ៊ុនសែននៅក្នុងឱកាសអនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឆេកប្រចាំព្រះរាជាណាចក្រកម្ពុជាឯកឧត្តម Martin Vavra ចូលជួបសំដែងការគួរសមនៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី១៤ខែមិថុនានេះ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោហ៊ុនសែនបានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបនោះថា​សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន បានស្នើទៅ ឯកឧត្តម Martin Vavra ពាក់ព័ន្ធបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជាសុំយកចិត្តទុកដាក់ទៅលើការជំរុញ កិច្ចសហប្រតិបត្តិការក្នុងវិស័យ​សេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគ និងការអភិវឌ្ឍធនធានមនុស្ស។សម្ដេចតេជោក៏បានជម្រាបជូនឯកអគ្គរដ្ឋទូតថាកម្ពុជាកំពុងជំរុញការចាក់វ៉ាក់សាំងដែលអាច ចាក់ជូនប្រជាពលរដ្ឋ​ប្រមាណ១០លាននាក់ នៅក្នុងខែវិច្ឆិកាខាងមុខ។ នៅក្នុងជំនួបនោះ ឯកឧត្តម Martin Vavra បានជម្រាបជូនសម្ដេចតេជោហ៊ុនសែនថាបេសកកម្មរបស់ ឯកឧត្តម មកកាន់ព្រះរាជាណាចក្រកម្ពុជា នៅពេលនេះគឺធ្វើយ៉ាងណាពង្រីកពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែរីកធំៗឡើងនិងស៊ីជម្រៅថែមទៀត។

ឯកឧត្តមបានបន្ថែមថាសាធារណរដ្ឋឆេកមានមនោសញ្ជេតនាខ្ពស់និងមានអារម្មណ៍យ៉ាងជិតស្និទ្ធជាមួយកម្ពុជាឈរលើមូលដ្ឋាននេះឯកឧត្តមបានសន្យាជូនសម្ដេចតេជោហ៊ុនសែនថាឯកឧត្តមនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការលើកស្ទួយកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយវិស័យសេដ្ឋកិច្ចវិស័យពាណិជ្ជកម្មនិងការវិនិយោគ។ជាមួយគ្នានោះដែរឯកឧត្តមក៏បានជម្រាបជូនសម្ដេចតេជោហ៊ុនសែនថាសាធារណរដ្ឋឆេកនឹងបន្តជួយដល់កម្ពុជាលើការអភិវឌ្ឍធនធានមនុស្ស។

ជាការឆ្លើយតបសម្ដេចតេជោហ៊ុនសែនបានថ្លែងនូវការអបអរសាទរជូន ឯកឧត្តម Martin Vavra ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឆេកប្រចាំនៅកម្ពុជា។សម្ដេចតេជោបានថ្លែងអំណរគុណចំពោះប្រជាជននិងរដ្ឋាភិបាលនៃសាធារណរដ្ឋឆេកដែល បានជួយដល់កម្ពុជា​ពីអតីតកាលលើវិស័យ​នយោបាយសេដ្ឋកិច្ចនិងសង្គមកិច្ច។ពីនោះទៅទៀតគឺបានលុបចោលនូវបំណុលមួយចំនួនធំហើយបំណុលដែលនៅសេសសល់បង្វែរមកជួយកម្ពុជាវិញ​តាមរយៈការសាងសង់​សាលារៀននិងវិស័យសង្គមកិច្ចជាដើម៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner