កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញល្បាតត្រួតពិនិត្យ និងអនុវត្តចាត់វិធានការចំពោះទីតាំងប្រកបអាជីវកម្ម ផ្ទុយពីវិធាន ការរដ្ឋបាលរាជធានីភ្នំពេញ និងវិធានក្រសួងសុខាភិបាល
កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រមាណ២០០នាក់ ដឹកនាំបញ្ជាផ្ទាល់ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញល្បាតត្រួតពិនិត្យជារៀងរាល់យប់ នៅក្នុងភូមិសាស្រ្តទាំង១៤ខណ្ឌ ក្នុងរាជធានីភ្នំពេញ ដើម្បីអនុវត្តចាត់វិធានការចំពោះទីតាំង ប្រកបមុខរបរ អាជីវកម្ម និងធ្វើការងារទាំងឡាយណា ល្មើសនឹងវិធានការដ្ឋបាលរបស់រាជធានីភ្នំពេញ និងវិធានក្រសួងសុខាភិបាល ដែលមានហានិភ័យខ្ពស់បង្កឆ្លងរាលដាលជំងឺកូវីដ១៩ គ្រាដែលស្ថានភាពជំងឺឆ្លងកូវីដ១៩ នៅក្នុងសហគមន៍រាជធានីភ្នំពេញ នៅតែបន្តឆ្លរាលដាលជាបន្តបន្ទាប់មិនទាន់មានសភាពធូរស្បើយនៅឡើយនោះទេ។
វិធានការចុះល្បាតត្រួតពិនិត្យពីសំណាក់កម្លាំងនគរបាលរាជធានីភ្នំពេញបានធ្វើឡើងចាប់ពីយប់ថ្ងៃទី១១ រហូតដល់យប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ មានរយៈពេល០៤ថ្ងៃ ហើយដឹកកម្លាំងបញ្ជាផ្ទាល់ដោយលោក លោកស្រីស្នងការរង ដោយការអនុវត្តនោះធ្វើជាប្រចាំ ដើម្បីពង្រឹងការអនុវត្តវិធានការរដ្ឋបាលរាជធានីភ្នំពេញ និងវិធានក្រសួងសុខាភិបាលឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព ដើម្បីឆ្លើយតបលើការងារបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩។
សូមបញ្ជាក់ថា ក្នុងអំឡុងដែលរដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញវិធានការរដ្ឋបាលដើម្បីប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩ គេឃើញមានករណីការបើកក្លឹបកម្សាន្ត ជួបជុំផឹកស៊ី ខ្លះនៅតែកើតមាន ដោយលួចលាក់ តាមបណ្តាខណ្ឌមួយចំនួនមិនគោរពវិធានក្រសួងសុខាភិបាល ហើយត្រូវបានរងការបង្រ្កាបចាត់វិធានការតាមផ្លូវច្បាប់ជាបន្តបន្ទាប់រួចហើយផងដែរ។
ប៉ុន្តែក្នុងរយៈពេលដែលកម្លាំងនគរបាលរាជធានីភ្នំពេញ បានចុះល្បាតត្រួតពិនិត្យប៉ុន្មានថ្ងៃមកនេះ គេមិនទាន់ឃើញមានទីតាំងប្រកបមុខរបរ ធ្វើអាជីវកម្ម រឺកន្លែងការងារ ដែលហាមឃាត់ ធ្វើសកម្មភាពណាមួយដែលល្មើសនិងវិធានក្រសួងសុខាភិបាល ឫវិធានការរដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញនោះទេ៕