កម្ពុជាសម្រេចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩បានជាង៣លាននាក់
កម្ពុជាបានសម្រេចការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ជូនប្រជាពលរដ្ឋបានជាង៣លាននាក់គិតត្រឹមល្ងាចថ្ងៃ១៤ ខែ មិថុនា ២០២១។ យោងតាមទំព័រហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសរសេរបង្ហោះនៅរាត្រីថ្ងៃទី១៤ខែ មិថុនានេះថា “គិតត្រឹមល្ងាចថ្ងៃ១៤ ខែមិថុនា ឆ្នាំ២០២១ នេះ យើងចាក់វ៉ាក់សាំងបានជាង៣លាននាក់។ ក្នុងនោះ យើងបានរកឃើញបុគ្គលដែលបានចាក់វ៉ាក់សាំងទី៣លាន គឺប្អូនស្រី ស៊ុ សំអឿន អាយុ៤៨ឆ្នាំជាស្ត្រីមេម៉ាយរស់នៅមន្ទីរពេទ្យជ័យជំនះខេត្តកណ្តាល”។ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចប្រគល់រង្វាន់ជូន អ្នកស្រី ស៊ុ សំអឿន ដូចគ្នានឹងមនុស្សដែលទទួលការចាក់វ៉ាក់សាំង ទី១លាន មនុស្សទី២លាន ជាជំនួយឧបត្ថម្ភនូវទឹកប្រាក់ចំនួន១០លានរៀល។ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស នឹងប្រគល់រង្វាន់ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នេះ។ សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជាសម្រេចបាននូវការចាក់វ៉ាក់សាំងចំនួន៣០ភាគរយនៃចំនួនដែលត្រូវចាក់។ យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នេះជាជោគជ័យដ៏ធំក្នុងដំណើរឆ្ពោះទៅរកគោលដៅ១០លាននាក់ដែលត្រូវចាក់៕i
