ពលរដ្ឋនៅតំបន់អភិរក្សសត្វព្រៃព្រះរកា ខេត្តព្រះវិហារចៀរជ័រច្បោះជាមុខរបរទំនៀមទម្លាប់ដូនតា

រាជធានីភ្នំពេញ៖ជ័រទឹក ឬក៏បងប្អូនប្រជាជនជនជាតិដើមភាគតិចកួយហៅថា ជ័រច្បោះនោះ គឺជាមុខរបរទំនៀមទម្លាប់បន្តវេនពីដូនតារបស់ពួកគាត់បានបន្សល់ទុក ឲ្យមកដល់សព្វថ្ងៃនេះ។ ជ័រច្បោះត្រូវបានយកចេញពីដើមឈើមួយចំនួនដូចជាដើមឈើទាល ដើមឈើផ្ចឹកនិងឈើត្រាច ជាដើម។ ពាក់ព័ន្ធក្នុងមុខរបរចៀរជ័រច្បោះនេះ លោក នងដេង ប្រធានសហគមន៍ស្រែទ័ពស្ថិតនៅក្នុងតំបន់អភិរក្សសត្វព្រៃព្រះរកា ខេត្តព្រះវិហារបានឱ្យដឹងថាសព្វថ្ងៃលោកមានដើមច្បោះ១០០៨ដើម ហើយក្នុងនេះមួយដើមអាចផ្តល់ជាជ័រក្នុងមួយខែ១០២៥កានហើយអាចលក់បាន៨ម៉ឺនរៀល។

បុរសរូបនេះបានឱ្យដឹងបន្ថែមថានៅតំបន់នេះមានទំហំដីចំនួន៣៤៩០ហិកតា ហើយក្នុងចំណោមនេះពលរដ្ឋរស់នៅ ៣០០គ្រួសារបាន ប្រកបរបរចៀរជ័រច្បោះ នេះជាងពាក់កណ្តាលទៅហើយ។ លោកបានពន្យល់ប្រាប់ថា”ដើមច្បោះមួយដើមគេអាចយកជ័រក្នុងមួយខែ៣ដង ហើយគេអាចដងគ្រប់ខួបពោលគឺអាចទាញយកជ័របានពេញមួយឆ្នាំតែម្តង។ចំពោះដើមច្បោះមួយដើមក្នុង១ថ្ងៃអាចផ្តល់ជ័រ២ទៅ៣លីត្រនិងដើមខ្លះក៏បានតិចជាងនេះ។ចំពោះដើមច្បោះដែលផ្តល់ជ័របានតិចបំផុតគឺស្ថិតខែ៣ និងខែ៤ដែលជាខែក្តៅបំផុតនោះជ័រមិនសូវចេញទេ ។បន្ទាប់ពីឈានចូលដល់ខែ៥ទៅជ័រច្បោះវា នឹងផ្តល់ជ័រច្រើនដូចធម្មតាវិញ”។

លោកបានប្រាប់បន្ថែមថាសព្វថ្ងៃប្រជាជនជនជាតិដើមភាគតិច អាចប្រមូលអនុផលពីជ័រច្បោះម្តងៗបានចាប់ពី ៣ ទៅ ៤កាន ដែលក្នុងមួយកានមានចំណុះ៣០ លីត្រ ឬក៏លើសពីនេះទៅតាមដើមច្បោះដែលពួកគាត់មាន។ ដោយពួកគាត់ត្រូវចំណាយពេលប្រហែលជា២យប់ ៣ថ្ងៃក្នុងការចូលព្រៃដើម្បីប្រមូលផល ហើយពួកគាត់អាចលក់ជ័រទឹកទៅឲ្យឈ្នួញកណ្តាលបានមួយកានចាប់ពីតម្លៃ ៧ម៉ឺនរៀល ទៅដល់ ៨ម៉ឺនរៀលគ្រាន់ផ្គត់ផ្គង់ជីវភាពគ្រួសារដែរ។

គួរបញ្ជាក់ថាជនជនដើមភាគតិចកួយ បានចែកកេរ្តិ៍មរតដើមជ័រច្បោះដែលមាននៅក្នុងព្រៃព្រះរការឲ្យទៅកូនចៅរបស់ពួកគាត់ ពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីប្រកបរបរចិញ្ជឹមជិវិតជាប្រចាំថ្ងៃ។ចំពោះ វិធីដែលបងប្អូនជនជាតិដើមភាគតិចកួយដងជ័រច្បោះពីដើមឈើទាល ដើមផ្ចឹកនិងដើមឈើត្រាច គឺពួកគាត់ត្រូវចោះដើមឈើយកមុខប្រហែលជា៦០សង់ទីម៉ែត្រ និងធ្វើការដុតភ្លើងត្រង់កន្លែងចោះនោះ ដើម្បីឲ្យវាចេញជ័របានល្អ និងដងយកជ័រច្បោះដាក់កាន បន្ទាប់មកទៀតពួកគាត់មានធ្វើជាឧបរកណ៍ដាក់បាំងទឹកភ្លៀង កុំឲ្យហូរចន្លោះនាំឲ្យខួចខាតជ័រច្បោះរបស់ពួកគាត់។

សូមបញ្ជាក់ថាអត្ថប្រយោជន៍របស់ជ័រច្បោះ គេអាចយកវាមកលាយជាមួយជ័រចុង ទុកសម្រាប់បិតឬក៏លាបទូកកុំឲ្យជ្រាបទឹក និងប្រើសម្រាប់ធ្វើគប់ភ្លើង ឬចន្លុះក៏បាន។ ដោយសារតែជ័រច្បោះ មានភាពស្អិតខ្លាំងអាចធ្វើឲ្យគេលាបនៅលើផ្ទៃខាងក្រៅឥដ្ឋ ដើម្បីបន្សារពីដុំឥដ្ឋទៅដុំឥដ្ឋមួយទៀត ពេលសាងសង់ប្រាសាទផងដែរកាលពីសម័យដើម៕ដោយ៖ម៉ាដេប៉ូ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner