រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូអន្តរក្រសួងការពារសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប)
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តិ នៅព្រឹកថ្ងៃទី២១មិថុនាឆ្នាំ២០២១ បានដឹកនាំគណៈប្រតិភូអន្តរក្រសួង ចូលរួមកិច្ចប្រជុំការពារសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) ជាមួយគណៈកម្មការជំនាញនៃរដ្ឋសភា ដែលបានប្រារព្ធធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពlokកិត្តិសេដ្ឋាបណ្ឌិត ជៀម យាប ប្រធានគណៈកម្មការទី២, លោក ឈាង វុន ប្រធានគណៈកម្មការទី៥ និងលោកស្រី និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា។
គោលបំណងសំខាន់នៃកិច្ចប្រជុំនោះ គឺដើម្បីពិនិត្យលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ដើម្បីកិច្ចព្រមព្រៀងនោះអាចចូលជាធរមានបាននៅថ្ងៃទី១មករា ឆ្នាំ២០២២ខាងមុខ។ នៅក្នុងកិច្ចប្រជុំនោះ ប្រធាន និងសមាជិកគណៈកម្មកររដ្ឋសភារដ្ឋមន្រ្តីទាំងអស់ បានស្វែងយល់ពីភាពចាំបាច់នៃកិច្ចព្រមព្រៀងអាសិប ដែលនឹងបង្កើតនូវក្របខណ្ឌភាពជាដៃគូដែលមានលក្ខណៈទំនើប ទូលំទូលាយ គុណភាពខ្ពស់ ព្រមទាំងផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចឱ្យគ្នាទៅវិញទៅមក ដែលនឹងសម្រួលដល់ការពង្រីកខ្សែច្រវាក់ផ្គត់ផ្តង់ពាណិជ្ជកម្មនិងការវិនិយោគក្នុងតំបន់ ការផ្តល់សញ្ញាទៅកាន់ពិភពលោកអំពីការគាំទ្រប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគីដែលផ្អែកលើគោលការណ៍ច្បាប់ និងជាពិសេសការចូលរួមចំណែកក្នុងការស្តារសេដ្ឋកិច្ចកម្ពុជា និងតំបន់ឡើងវិញបានឆាប់រហ័សពីវិបត្តិកូវីដ-១៩។
ជាចុងបញ្ចប់ ប្រធាន និងសមាជិក គណៈកម្មការជំនាញ នៃរដ្ឋសភា បានគាំទ្រទាំងស្រុងចំពោះសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់នោះ។ សូមរំលឹកផងដែរថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់នេះ ជាគំនិតផ្តួចផ្តើមរបស់អាស៊ាន ដែលផ្អែកលើកុងសង់ស៊ីសសម្រាប់ ការធ្វើសេចក្តីសម្រេចចិត្ត និងត្រូវបានដាក់ឱ្យចាប់ផ្តើមជាផ្លូវការ ដោយថ្នាក់ដឹកនាំអាស៊ាន និងដៃគូពាណិជ្ជកម្មសេរីអាស៊ាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ នៅរាជធានីភ្នំពេញ ដែលប្រទេសកម្ពុជាជាប្រធានអាស៊ាន។ កិច្ចព្រមព្រៀងអាសិបនោះ ត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្រ្តីអាសិប កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាសិបលើកទី៤។
កិច្ចព្រមព្រៀងអាសិប បង្កើតបានទីផ្សារចំនួន ២ពាន់២០០លាននាក់ ឬ ៣០% នៃចំនួនប្រជាជនពិភពលោក ដែលមានផលិតផលក្នុងស្រុកសរុបរួមគ្នាប្រមាណ ២៦ទ្រីលាន២ប៊ីលានដុល្លាអាម៉េរិក ឬ ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងមានចំនួនប្រមាណ ២៨% នៃទំហំពាណិជ្ជកម្មពិភពលោក បើផ្អែកលើទិន្នន័យឆ្នាំ២០១៩។ ផ្អែកតាមលទ្ធផលនៃការចរចា និងការសិក្សារបស់ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) បានបង្ហាញថា បន្ទាប់ពីបញ្ចប់កិច្ចព្រមព្រៀងអាសិបនោះ កម្ពុជាអាចនឹងមានកំណើនប្រចាំឆ្នាំ ការនាំចេញចំនួន ៧,៣% វិនិយោគចំនួន ២៣,៤% និងផលិតផលក្នុងស្រុកសរុបចំនួនប្រមាណ ២% លើផលិតផលក្នុងស្រុកសរុប ដែលមានបច្ចុប្បន្ន។





