ឯកឧត្តម ស៊ុយ សែម ៖ ការធ្វើអាជីវកម្មរ៉ែមាសនឹងអាចទាញយកចំណូល១៨៥លានដុល្លារក្នុងមួយឆ្នាំ ក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្ទាល់មាន៤០លានដុល្លារក្នុងមួយឆ្នាំ (មានវីដេអូ)
ខេត្តមណ្ឌល ៖ ការធ្វើអាជីវកម្មរ៉ែមាសនេះ ស្រូបទាញកម្លាំងពលកម្មសរុបប្រមាណ៤៦២នាក់ ក្នុងនោះជនជាតិខ្មែរមានចំនួន៤២៧នាក់ និងបរទេសចំនួន៣៥នាក់ ហើយអាចទាញយកចំណូលដល់ប្រមាណ១៨៥លានដុល្លារក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្ទាល់មានប្រមាណ៤០លានដុល្លារក្នុងមួយឆ្នាំ ។ ការវិនិយោគក្នុងវិស័យធនធានរ៉ែ ជាការវិនិយោគប្រកបដោយហានិភ័យខ្ពស់ណាស់ មានបញ្ហាប្រឈមច្រើន និងត្រូវប្រើពេលវេលាដ៏យូរ ។
នេះជាប្រសាសន៍របស់ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ស៊ុយ សែម បានចាប់ផ្តើមដំណើរការស្លចម្រាញ់រ៉ែមាស ចាក់ដុំមាស និងបោះត្រាសំគាល់លើដុំមាសរ៉ (Gold Doré) ទីមួយរបស់កម្ពុជា ។ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសនេះ ស្ថិតនៅក្នុងភូមិសាស្ត្រនៃឃុំចុងផ្លាស់ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរី ។ នៅពេលដំណើរការ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសនេះ មានសមត្ថភាពជីកយករ៉ែប្រមាណជិត២លានតោនក្នុងមួយឆ្នាំ និងចម្រាញ់ចេញជាដុំមាសកម្រិត៩០% (Gold Doré Bars) បានប្រមាណ៣តោនក្នុងមួយឆ្នាំ សម្រាប់រយៈពេលប៉ាន់ស្មានដំបូងចំនួន៨ឆ្នាំ ។ ឯកឧត្តមបន្តថា កម្ពុជាបានទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ក្នុងការបង្កើតឲ្យបាននូវសមត្ថភាពឧស្សាហកម្មក្នុងស្រុកមួយ ដែលអាចទាញយកធនធានរ៉ែប្រកបដោយការទទួលខុសត្រូវ និងមានភាពប្រាកដប្រជា ចំពោះផលប្រយោជន៍គ្រប់ទិដ្ឋភាព សេដ្ឋកិច្ច សង្គម និងបរិស្ថាន ដើម្បីបម្រើឲ្យដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ខ្លួន ។ ការសម្ពោធដាក់ឱ្យដំណើរការការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសនៅពេលនេះ គឺជាការឆ្លើយតបចំពោះការទន្ទឹងរង់ចាំនេះ ។ ឯកឧត្តមបន្ថែមថា ជាបន្តដំណើរការអាជីវកម្ម និងប្រតិបត្តិការធនធានរ៉ែនៅការដ្ឋាន និងរោងចក្រចម្រាញ់រ៉ែមាសនេះ នឹងត្រូវអនុវត្តដោយប្រកាន់យកតាមនិយាមជាអន្តរជាតិ ស្តីពីការការពារគុណភាពបរិស្ថាន និងផលប្រយោជន៍សង្គមនៅសហគមន៍មូលដ្ឋាន ហើយនឹងត្រូវត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ ដោយយន្តការត្រួតពិនិត្យ និងអភិបាលកិច្ចពហុភាគី ក្នុងការជំរុញធានាឲ្យបានការសម្រេចបានទាំងគោលដៅសេដ្ឋកិច្ច បរិស្ថាន និងគោលដៅសង្គម ស្របតាមផែនការកំណត់ដោយក្រសួងបរិស្ថាន ។
គួរកត់សម្គាល់ ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (Renaissance Minerals) ដែលជាក្រុមហ៊ុនអូស្ត្រាលីទី១បានសិក្សាស្រាវជ្រាវស្វែងរុករករ៉ែមាសរយៈពេល១៤ឆ្នាំ ដែលបានចាប់ផ្ដើមធ្វើអាជីវកម្មរ៉ែមាសដុំពាក់កណ្ដាលសម្រេច ដែលមានអត្រាមាស៩០% ។ កម្ពុជារំពឹងថា ផលិតផលមាសជាលក្ខណៈឧស្សាហកម្មពីជម្រករ៉ែតំបន់អូរខ្វាវ នឹងផ្ដល់ប្រយោជន៍ជាចំណូលដុលជាមធ្យមប្រមាណ១៨៥លានដុល្លារក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងពីសារពើពន្ធផ្សេងៗជាមធ្យមប្រមាណ៤០លានដុល្លារក្នុងមួយឆ្នាំ ។ ហើយថវិការទាំងនេះ នឹងត្រូវយកមកប្រើប្រាស់ក្នុងចរន្តថវិកាជាតិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គម ៕