ថ្ងៃទី២៤មិថុនា រដ្ឋសភានឹងប្រជុំពេញអង្គបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើបេក្ខភាពប្រធាន គ.ជ.ប.ថ្មី
ភ្នំពេញ:គណៈកម្មាធិការអិចន្ត្រៃយ៍រដ្ឋសភាបានអនុម័តកំណត់កាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភាលើកទី៦នីតិកាល ទី៦នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីបោះឆ្នោតទុកចិត្តលើបេក្ខភាពឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានថ្មីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ។ ការកំណត់កាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភានេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអិចន្ត្រៃយ៍រដ្ឋសភានៅព្រឹកថ្ងៃទី២២ ខែមិថុនានេះដែលដឹកនាំដោយសម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

ក្រៅពីនេះគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានអនុម័តរបៀបវារៈមួយចំនួនទៀត សម្រាប់សម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ នេះដែររួមមាន ព្រះរាជសាររបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជូនសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦។របាយការណ៍សង្ខេប ស្តីពីសកម្មភាពការងាររបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៥ និងលើកទី៦ នីតិកាលទី៦។ ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រនៃរដ្ឋសភា នីតិកាលទី៦ ចំនួនពីររូប ជំនួសសមាជិកដែលបានលាលែង ដែលមានឯកឧត្តម ខឹម ច័ន្ទគីរី តំណាងរាស្ត្រមណ្ឌលកណ្តាល ជំនួស ឯកឧត្តម ង៉ោ សុវណ្ណ ដែលបានសុំលាលែង និងឯកឧត្តម ម៉ែន គួន តំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ ជំនួសឯកឧត្តម ប្រាជ្ញ ចន្ទ ដែលបានសុំលាលែង និងការបោះឆ្នោតជ្រើសតាំង លោកជំទាវ ពៅ សុភាព ជាសមាជិកគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា។
គួររំលឹកថាគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី១៦ ខែមិថុនាបានសម្រេចជ្រើសរើសយកឯកឧត្តម ប្រាជ្ញ ចន្ទ ជាបេក្ខជនប្រធាន គ.ជ.ប. ជំនួសឯកឧត្តម ស៊ិក ប៊ុកហុក ដែលបានលាលែងពីតួនាទី និងតំណែងប្រធាន គ.ជ.ប.បន្ទាប់ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាកាលពីថ្ងៃទី១៥ខែមិថុនា បានអនុម័តយល់ព្រមនូវបេក្ខជនប្រធានគ.ជ.ប. ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួនពីររូបគឺឯកឧត្តម ប្រាជ្ញ ចន្ទ និង ឯកឧត្តម ការ លានហើយបានបញ្ជូនទៅ គណបក្សប្រជាជនកម្ពុជាឱ្យជ្រើសរើសបេក្ខជនចំនួនមួយរូបផ្ញើមកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។
ឯកឧត្តម ស៊ិក ប៊ុនហុក បានដាក់ពាក្យសុំលាលែងពីប្រធានគ.ជ.ប.ទៅរដ្ឋសភាកាលពីថ្ងៃទី១ខែមិថុនាដោយសារបញ្ហា សុខភាពនិងវ័យ៕ ដោយៈ ពលជ័យ


