កម្ពុជាស្នើឲ្យចិនជួយផ្តល់សាស្ត្រាចារ្យ និងអ្នកបច្ចេកទេស ដើម្បីជួយបង្ហាត់បង្រៀនវិស្វករកម្ពុជាឱ្យចេះកសាងផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធ

ការស្នើរបស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានធ្វើឡើងក្នុងឳកសដែលលោក ជួបប្រជុំការងារទ្វេភាគីតាមប្រព័ន្ធវីដេអូពីចម្ងាយជាមួយលោក Li Xiaopeng រដ្ឋមន្ត្រីដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី២២មិថុនាឆ្នាំ២០២១។

ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីវឌ្ឍនភាពនៃគម្រោងសាង សង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ ប្រវែង ១៩០គីឡូម៉ែត្រ សម្រេចបាន ៥៥,០៥% គិតត្រឹមថ្ងៃ ទី១១ ខែមិថុនា ឆ្នាំ២០២១ និងគ្រោងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២២ មុនការគ្រោងទុករយៈពេល៦ខែ, លោកទេសរដ្ឋមន្ត្រីក៏បាន ការសម្ពោធដាក់ឱ្យដំណើរការទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថានតេជោ សែន សាធារណការ និង ដឹកជញ្ជូន ដែលជាមជ្ឍមណ្ឌលបណ្តុះបណ្តាលវិស្វករកម្ពុជាលើមុខជំនាញបច្ចេកទេសឱ្យចេះសាងសង់ផ្លូវ ស្ពានប្រកបដោយគុណភាពរឹងមាំ។

ក្នុងកិច្ចប្រជុំនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើសុំការគាំទ្រ និងជំនួយពីប្រទេសចិនលើវិស័យក៏ដូចជាមុខជំនាញជាច្រើន ជាពិសេសផ្តល់សាស្ត្រាចារ្យ និងអ្នកបច្ចេកទេសតាមរយៈអនុស្សារណៈកិច្ចសហប្រតិបត្តិការចិនកម្ពុជា ដើម្បីជួយបង្ហាត់បង្រៀនវិស្វករកម្ពុជាឱ្យចេះកសាងផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតដូចជា កំពង់ផែ ផ្លូវរថភ្លើង និងផ្លូវក្រោមដីជាដើម។ អង្គប្រជុំបានពិភាក្សាលើការចូលរួមសន្និសីទស្តីពីការដឹកជញ្ជូនប្រកបដោយចីរភាពជាសាកល នៃអង្គការសហប្រជាជាតិលើកទីពីរ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ នៅទីក្រុងប៉េកាំង ប្រទេសចិន, ការកសាងសមត្ថភាព នៃវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន និងការចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន(ATM) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលនឹងប្រព្រឹត្តទៅដោយផ្ទាល់នៅថ្ងៃទី១១ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅខេត្តសៀមរាប ប្រទេសកម្ពុជា។

តបតាមការអញ្ជើញពីប្រទេសចិន លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល បានយល់ព្រមចូលរួមសន្និសីទស្តីពីការដឹកជញ្ជូន ប្រកបដោយចីរភាពសាកល នៃអង្គការសហប្រជាជាតិលើកទីពីរ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ហើយលោកទេសរដ្ឋមន្ត្រី ក៏បានអញ្ជើញលោក Li Xiaopeng ឱ្យចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន(ATM)ផងដែរដើម្បីយកឱកាសនោះមក ទស្សនកិច្ចគម្រោងសាងសង់ផ្លូវល្បឿនលឿនកម្ពុជា ហើយជាការឆ្លើយតបភាគីចិនបានយល់ព្រមតាមការអញ្ជើញនោះ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner