រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ដល់កុមារ គឺមានសារសំខាន់ណាស់ ដើម្បីឈានទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានយ៉ាងមានប្រសិទ្ធភាព
ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានមានប្រសាសន៍ថា ការផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ដល់កុមារ គឺមានសារសំខាន់ណាស់ ព្រោះបើសិនជាមានការបណ្តុះ បណ្តាលតាំងពីកុមារភាពបែបនេះ គឺក្មេងៗអាចចងចាំបានល្អ និងទទួលយកបាន ឈានទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានយ៉ាងមានប្រសិទ្ធភាព ។
នៅក្នុងឱកាសទទួលជួបលោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី ប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានចូលរួមជាមតិយោបល់ ដើម្បីធ្វើយ៉ាងណាពិនិត្យលទ្ធភាពក្នុងការផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍បញ្ជ្រាបដល់កុមារ ហើយបើសិនជាមានការបណ្តុះបណ្តាលតាំងពីកុមារភាព គឺក្មេងៗអាចចងចាំបានល្អ និងទទួលយកបាន ហើយនៅពេលដែលកុមារធំពេញវ័យ គ្រប់អាយុបើកបរ កាន់ដៃចង្កូតយានយន្តហើយនោះ គឺមានឥរិយាបថល្អប្រសើរ និងមានសុជីវធម៌នៅតាមដងផ្លូវធ្វើដំណើរ ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា ត្រូវធ្វើការជំរុញការងារផ្សព្វផ្សាយ តាមរយៈគំនូរជីវចល ដែលជាវិធីមួយ អាចជួយឱ្យមានការយល់ដឹងនៅក្នុងស្រទាប់កុមារ ។ សម្រាប់កម្មករ ឯកឧត្តម រដ្ឋមន្រ្តី បានណែនាំឱ្យមានការបង្កើតនូវគម្រោងសាកល្បងធ្វើជារថយន្តដឹកកម្មករគំរូ តាមរយ:កិច្ចសហការជាមួយស្ថាប័នពាក់ពន្ធ័នានា ដែលធ្វើឡើងនៅតាមតំបន់ ឬខេត្តណាមួយ ដែលប្រឈមនឹងបញ្ហានៃគ្រោះថ្នាក់ចរាចរណ៍មកលើកម្មករនៅតាមផ្លូវចូល និងចេញពីរោងចក្រ ហើយរថយន្តគំរូនោះ ធ្វើយ៉ាងណាឱ្យកម្មករ បានយល់ពីភាពចាំបាច់ក្នុងការជិះរថយន្ត ដែលមានសុវត្ថិភាព ។
ឯកឧត្តម ខៀវ កាញារីទ្ធបានផ្តល់ការគាំទ្រជាមួយនឹងការរៀបចំឱ្យមានជាវគ្គបណ្តុះបណ្តាល ដល់អ្នកសារព័ត៌មាន ដើម្បីបង្កើនការយល់ដឹង ក្នុងចំណោមអ្នកព័ត៌មាន សម្រាប់ការរាយការណ៍ព័ត៌មានឱ្យបានកាន់តែល្អប្រសើរ នៅក្នុងដំណើរការជំរុញលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ។ ជាមួយនេះ ក៏ត្រូវមានការប្រកួតប្រជែងជ្រើសរើសអត្ថបទ ការអត្ថាធិប្បាយផ្សព្វផ្សាយ និងសកម្មភាពការងារស្តីពីសុវត្ថិភាពចរាចរណ៍ ក្នុងចំណោមអ្នកសារព័ត៌មាន។ ក្រសួងព័ត៌មាន នឹងធ្វើកិច្ចសហការក្នុងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ហើយអ្វីដែលសំខាន់ទៀតនោះ គួរមានជាកម្មវិធីវេទិកាតុមូលផ្សាយនៅតាមទូរទស្សន៍ ដើម្បីរួមគ្នាបង្កើនការ យល់ដឹងពីបញ្ហាចរាចរណ៍ ។
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជាបានគោរពអញ្ជើញ ឯកឧត្តម រដ្ឋមន្រ្តី ចូលរួមក្នុងវេទិកានិពន្ធនាយកសារព័ត៌មាន ស្តីពី “ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតនៅកម្ពុជា” ដែលគ្រោងធ្វើឡើងនៅក្នុងខែសីហា ឬ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ ។ លោកបានថ្លែងនូវអំណរគុណចំពោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដែលក្នុងពេលកន្លងមកនេះ តែងតែបានចូលរួមធ្វើការគាំទ្រ ដល់ដំណើរការនៃការលើកកម្ពស់សុវត្ថិភាពចរាចរណ៍នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាសកម្មភាពការងាររបស់អង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជាផងដែរ ដើម្បីឆ្ពោះទៅកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ៕



