អង្គសភាបោះឆ្នោតទុកចិត្តឯកឧត្តម ប្រាជ្ញ ចន្ទ ជាប្រធានថ្មី នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

ភ្នំពេញ: អង្គសភាបានធ្វើការបោះឆ្នោតទុកចិត្តឯកឧត្តម ប្រាជ្ញ ចន្ទ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជំនួសឯកឧត្តម ស៊ិក ប៊ុនហុក ដោយទទួលបានសំឡេងព្រមចំនួន ៨២សំឡេង នៅក្នុងសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ។

គណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ បានសម្រេចជ្រើសរើសយកឯកឧត្តម ប្រាជ្ញ ចន្ទ ជាបេក្ខជនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ជំនួសឯកឧត្តម ស៊ិក ប៊ុកហុក ដែលបានលាលែងពីតួនាទី និងតំណែងប្រធាន គ.ជ.ប.។ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាជ្រើសរើសបេក្ខជនប្រធាន គ.ជ.ប. រួចហើយបញ្ជូនមកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងធ្វើការប្រជុំដើម្បីកំណត់សម័យប្រជុំសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់ចំពោះឯកឧត្តម ប្រាជ្ញ ចន្ទ។

គួររំលឹកថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីថ្ងៃទី១៥ខែមិថុនា បានអនុម័តយល់ព្រមនូវបេក្ខជនប្រធានគ.ជ.ប. ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួនពីររូបគឺឯកឧត្តម ប្រាជ្ញ ចន្ទ និងឯកឧត្តម ការ លាន ហើយបានបញ្ជូនទៅគណបក្សប្រជាជនកម្ពុជាឱ្យជ្រើសរើសបេក្ខជនចំនួនមួយរូបផ្ញើមកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានទទួលលិខិតឆ្លើយតបរបស់គណបក្សប្រជាជនកម្ពុជាកាលពីព្រឹកថ្ងៃ១៦ ខែមិថុនា ឆ្នាំ២០២១ គឺបានសម្រេចជ្រើសរើសឯកឧត្តម ប្រាជ្ញ ចន្ទ ជាបេក្ខជនប្រធានគ.ជ.ប.។ តាមនីតិវិធីបន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានទទួលលិខិតឆ្លើយតបរបស់គណបក្សប្រជាជនកម្ពុជារួចហើយក្រោយពីថ្ងៃទី១៧ខែមិថុនាទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងប្រជុំរៀបចំរបៀបវារៈដាក់បេក្ខជនឯកឧត្តម ប្រាជ្ញា ចន្ទនៅក្នុងសម័យប្រជុំពេញអង្គនៅក្នុងរដ្ឋសភាដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត។

សូមជម្រាបថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីថ្ងៃទី៤ ខែមិថុនាកន្លងទៅ បានអនុម័តយល់ព្រមលើសំណើ លាឈប់ពីតួនាទី និងតំណែងប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់ឯកឧត្តម ស៊ិក ប៊ុនហុក និងបានអនុម័តយល់ព្រមនូវសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកំណត់បែបបទនិងនីតិវិធីនៃការជ្រើសរើសបេក្ខជនប្រធានគ.ជ.ប. និងប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តីជូនដំណឹងជ្រើសរើសបេក្ខជនជាប្រធានគ.ជ.ប ជំនួសឯកឧត្តម ស៊ិក ប៊ុនហុក។ ការអនុម័តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានធ្វើឡើងបន្ទាប់ពីឯកឧត្តម ស៊ិក ប៊ុនហុក បានដាក់ពាក្យសុំលាលែងទៅរដ្ឋសភាកាលពីថ្ងៃទី១ ខែមិថុនាដោយសារវ័យ៕
ដោយៈ ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner