ជំនួបលើកដំបូង: មន្រ្តីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអ្នករាយការណ៍ពិសេសថ្មីរបស់ អ.ស.ប. ពិភាក្សាលើបញ្ហាសំខាន់ៗមួយចំនួន
ភ្នំពេញៈ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានជួបពិភាក្សាការងារជាមួយអ្នករាយការណ៍ពិសេសថ្មី ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក វីទិត មុនតាប៊ន តាមប្រព័ន្ធវីដេអូ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។
នេះគឺជាជំនួបលើកដំបូង បន្ទាប់ពីលោក វីទិត មុនតាប៊ន អ្នករាយការណ៍ពិសេសថ្មីទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាទើបទទួលតំណែងថ្មីជំនួសលោកស្រី រ៉ូណា ស្មីត។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានផ្តោតសំខាន់លើលំហនយោបាយ ប្រជាធិបតេយ្យ និងសង្គមស៊ីវីល, វិធានការច្បាប់និងរដ្ឋបាលឆ្លើយតបនឹងកូវីដ-១៩ និងវឌ្ឍនភាពការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
ចំណុចសំខាន់ៗ ចំនួន៣ ដែលប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអ្នករាយការណ៍ពិសេសថ្មីទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លើកយកមកពិភាក្សារួមមានៈ១.វឌ្ឍនភាពការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ពាក់ព័ន្ធការរៀបចំរបាយការណ៍សិទ្ធិមនុស្សជូនអ.ស.ប. ការងារជំនួយផ្នែកច្បាប់ និងដោះស្រាយបណ្តឹងពលរដ្ឋ ការងារត្រួតពិនិត្យស្ថានភាពសិទ្ធិមនុស្សអ្នកជាប់ឃុំក្នុងពន្ធនាគារ និងដំណើរការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ។
២. វិធានការច្បាប់និងរដ្ឋបាលឆ្លើយតបនឹងកូវីដ-១៩។ ពាក់ព័ន្ធបញ្ហានេះ ឯកឧត្តម កែវ រ៉េមី បានបំភ្លឺ និងបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការដាក់ចេញវិធានការចាំបាច់នានា ក្នុងគោលដៅការពារអាយុជីវិតនិងសុខភាពរបស់ពលរដ្ឋ ធានាបាននូវស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ក៏ដូចជាទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋដែលរងផលប៉ះពាល់ពីកូវីដ១៩ផងដែរដោយផ្អែកលើការអនុវត្តវិធានការ ដូចគ្នានេះនៅបណ្តាប្រទេសប្រជាធិបតេយ្យធំៗដទៃទៀត គោលការណ៍ច្បាប់សិទ្ធិមនុស្សជាតិនិងអន្តរជាតិរួមទាំងបរិបទសង្គមរបស់កម្ពុជា។
ចំណុចទី៣. លំហនយោបាយ ប្រជាធិបតេយ្យ និងសង្គមស៊ីវីល។ ពាក់ព័ន្ធបញ្ហានេះឯកឧត្តម កែវ រ៉េមីបានបង្ហាញពីវឌ្ឍនភាពនៃដំណើការទទួលពិនិត្យសំណើសុំធ្វើវិសោធនកម្មច្បាប់ ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលរួមទាំងការបង្កើតនិងធ្វើសកម្មភាពដោយសេរីរបស់បក្សនយោបាយនិងសង្គមស៊ីវីល ដែលត្រូវស្ថិតក្នុងក្របខណ្ឌច្បាប់ ហើយវិធានការច្បាប់លើបក្សនយោបាយ សង្គមស៊ីវីល និងសកម្មជនមួយចំនួនដែលបំពានច្បាប់នាពេលកន្លងមក មិនមែនជាការរំលោភសិទ្ធិមនុស្សនោះទេ តែផ្ទុយទៅវិញជាការអនុវត្តនីតិរដ្ឋ។
ភាគីទាំងពីរ បានបង្ហាញពីឆន្ទៈក្នុងការបន្តកិច្ចសហការនិងកិច្ចសន្ទនាគ្នាលើវិស័យសិទ្ធិមនុស្ស។ ឯកឧត្តម កែវ រ៉េមី ក៏បានស្នើសុំផងដែរឱ្យអ្នករាយការណ៍ពិសេសធ្វើរបាយការណ៍ និងផ្តល់អនុសាសន៍ប្រកបដោយតុល្យភាពឆ្លុះបញ្ចាំងពីបញ្ហាប្រឈម និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងត្រូវផ្អែកលើបរិបទរបស់កម្ពុជា៕
ដោយៈ ពលជ័យ




