មនុស្សពីរក្រុមបើកឆាកប្រយុទ្ធគ្នាបណ្ដាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ៥នាក់
ភ្នំពេញ ៖ បុរសពីរនាក់ជិះម៉ូតូមួយគ្រឿងមកកាប់ប្រហាលើមនុស្សមួយក្រុមទៀតកំពុងផឹកស៊ីបណ្ដាលឲ្យរងរបួស តែត្រូវបានបុរសមួយក្រុមខាងរងគ្រោះព្រួតគ្នាវាយតប (ត)ទៅវិញ បណ្ដាលឲ្យស្លាប់ម្នាក់ពេលបញ្ជូនទៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង៩និង៥០នាទីយប់ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១ ស្ថិតក្នុងភូមិត្រពាំងចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនបង្កដែលស្លាប់មានឈ្មោះ ហែម សុគុន្ធ ភេទប្រុសអាយុ៤១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅជិតកន្លែងកើតហេតុ ។ និងទី២ ជនរងគ្រោះរងរបួសធ្ងន់មានឈ្មោះង៉ោ អាយ២០ឆ្នាំជាង ស្នាក់នៅបន្ឋប់ជួលជិតកន្លែងកើតហេតុខាងលើកំពុងសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។
តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនបង្កមានគ្នាពីរនាក់ជិះម៉ូតូមួយគ្រឿងមិនចាំស្លាកលេខ បានមកកាត់មុខមនុស្សមួយក្រុមទៀតកំពុងតែផឹកស៊ីមិនដឹងជាមានរឿងអ្វីជាមួយគ្នាជិះចូលទៅបន្ទប់ជួលដែលនៅក្នុងមួយសន្ទះជិះចេញមកវិញមានកាន់ដាវនៅនិងដៃមកកាប់ប្រហាទៅលើ មនុស្សមួយក្រុមទៀតកំពុងផឹកស៊ីបណ្ដាលឲ្យឈ្មោះង៉ោ រងរបួសហេីយក៏វាយតបគ្នាទៅវិញទៅមកបណ្ដាលឲ្យជនបង្ករងរបួសធ្ងន់ធ្ងររហូតល់ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យនិងបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចខណ្ឌពោធិ៏ជ័យចុះមកចំណុចកើតហេតុឃាត់ខ្លួនបក្ខពួកជនបង្កបានជាបន្តបន្ទាប់ចំនួន៥នាក់យកទៅសាកសួរបន្តនិងចាត់ការតាមនីតិវិធី ៕ដោយ ៖ ជីម ភារ៉ា





