កម្ពុជាកំពុងរៀបចំសេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី
ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៤មិថុនាឆ្នាំ២០២១ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ដើមី្បពិនិត្យ និងពិភាក្សាផ្តល់ធាតុចូលលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី ដែលដឹកនាំដោយលោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារចម្រុះរៀបចំគោលនយោបាយស្វាយចន្ទីកម្ពុជា និងមានការចូលរួមពី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកក្រុមហ៊ុនហ្គ្រីនត្រេដ, អគ្គនាយកស្តីទីពាណិជ្ជកម្មក្នុងប្រទេស, អគ្គនាយករងជំរុញពាណិជ្ជកម្ម ប្រធាន-ប្រធានស្តីទីនាយកដ្ឋាន-វិទ្យាស្ថានពាក់ព័ន្ធ និងមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្មជាច្រើនរូប។
គោលបំណងនៃសេចក្តីព្រាងគោលនយោបាយជាតិនោះ គឺដើម្បីប្រែក្លាយកម្ពុជាឱ្យក្លាយទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីដ៏សំខាន់មួយ សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។ អង្គប្រជុំបានពិនិត្យតាមរបៀបវារៈនៃមាតិកានីមួយៗ ដោយពិភាក្សា និងផ្តល់ជាធាតុចូលយ៉ាងផុលផុសលើខ្លឹមសារសំខាន់ៗជាអាទិ៍ សេចក្តីផ្តើម ចក្ខុវិស័យ គោលដៅនិងគោលបំណង និងយុទ្ធសាស្ត្រនៃគោលនយោបាយជាតិនោះ។
សម្រាប់កិច្ចការបន្ត នាយកដ្ឋាននឹងកែសម្រួលខ្លឹមសារដែលបានឯកភាព ស្របតាមស្មារតីអង្គប្រជុំ ដើមី្បដាក់ជូនកិច្ចប្រជុំបន្តលើកក្រោយ។ យោងតាមក្រសួងកសិកម្ម កម្ពុជាក្នុងរយៈពេល៥ខែដើមឆ្នាំ២០២១ បាននាំចេញគ្រាប់ស្វាយចន្ទីបានចំនួន៨០ម៉ឺន១ពាន់៧៣២តោន ដែលកើនឡើងចំនួន៣២១,៦៥% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។ គ្រាប់ស្វាយចន្ទីរបស់កម្ពុជា ត្រូវបាននាំចេញទៅប្រទេសវៀតណាមចំនួន៧៩ម៉ឺន៥ពាន់៤តោន, ប្រទេសថៃចំនួន៣ពាន់១០៨តោន, ប្រទេសចិនជាង៣ពាន់៥៦៦តោន, ប្រទេសឥណ្ឌាចំនួន១៧តោន, ប្រទេសជប៉ុនជាង៣៣តោន, ប្រទេសឡាវ២តោន និងប្រទេសអារ៉ាប់៥២០គីឡូក្រាម។










