សម្តេចក្រឡាហោម សខេងស្នើអោយភាគីអូស្រ្តាលីបន្តកិច្ចសហប្រតិបត្តិការលើការងារវិស័យសន្តិសុខពិសេសការលើកកម្ពស់បណ្តុះបណ្តាលមន្រ្តីនគរបាលក្រសួងមហាផ្ទៃ

អត្ថបទដោយ៖
Kien Sereyvuth

នៅរសៀលថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនឯកឧត្តម Pablo Chiho Kang ឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មី នៃប្រទេសអូស្ត្រាលី ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្ដើមសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៅកាន់ឯកឧត្តមឯកអគ្គរដ្ឋទូតអូស្ត្រាលី អំពីការរៀបចំទិវានារីអន្តរជាតិ៨មីនា ដែលក្រសួងមហាផ្ទៃទើបតែបានប្រារព្ធឡើងកាលពីព្រឹកថ្ងៃទី១១ខែមីនានេះ ដោយសម្ដេចបានបន្តថាក្រសួងមហាផ្ទៃ បានបង្កើនចំនួនស្ត្រីក្នុងជួរថ្នាក់ដឹកនាំទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជារៀងរាល់ឆ្នាំ។

សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណជូនភាគីអូស្ត្រាលីចំពោះចំណងមិត្តភាពដ៏ល្អជាមួយប្រទេសកម្ពុជា និងបានស្នើឱ្យអូស្ត្រាលីបន្តនូវកិច្ចព្រមព្រៀងដែលធ្លាប់មានជាមួយក្រសួងមហាផ្ទៃ ដូចជាការងារប្រយុទ្ធប្រឆាំងឧក្រឹដ្ឋកម្មឆ្លងដែន និងការបណ្ដះបណ្ដាលធនធានមនុស្ស។ សម្ដេចក៏បានថ្លែងរំលែកមរណទុក្ខជាមួយអូស្ត្រាលី ដែលបានជួបនូវគ្រោះមហន្តរាយភ្លើងឆេះព្រៃទ្រង់ទ្រាយធំមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។

ជាការឆ្លើយតបឯកឧត្តម Pablo Chiho Kang បានជម្រាបជូនសម្ដេចក្រឡាហោម ដោយសម្ដែងសេចក្ដីរីករាយ ដែលបានមកបំពេញតួនាទីជាឯកអគ្គរដ្ឋទូតនៅកម្ពុជា ជាប្រទេសមានទំនាក់ទំនងល្អជាមួយអូស្ត្រាលី។ ឯកឧត្តមបន្តថាស្ថានទូតអូស្ត្រាលី ក៏បានរៀបចំពិធីអបអរទិវានារីអន្តរជាតិ៨មីនាដែរ ដោយផ្ដោតលើស្ត្រីមានកាយសម្បទាមិនពេញលេញ និងស្ត្រីទទួលបានការសិក្សាកម្រិតPHD។

ជាមួយគ្នានេះឯកឧត្តមអគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណភាគីកម្ពុជា ជាពិសេសចំពោះសាររបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងកាបរទេស ដែលបានផ្ញើនូវសេចក្ដីរំលែកមរណទុក្ខជាមួយរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ចំពោះគ្រោះមហន្តរាយភ្លើងឆេះព្រៃកន្លងមក។ ឯកឧត្តមក៏បានសម្ដែងនូវការសោកស្ដាយ និងរំលែកមណទុក្ខដែរ ចំពោះមហន្តរាយបាក់រលំអគារនៅខេត្តកែបកាលពីពេលកន្លងទៅ។

ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានជម្រាបសម្ដេចក្រឡាហោមដែរថានៅពេលនេះ មានគណៈប្រតិភូមន្ត្រីកម្ពុជាមួយក្រម កំពុងធ្វើទស្សនកិច្ចនៅប្រទេសអូស្ត្រាលី ដើម្បីសិក្សាអំពីក្របខណ្ឌនានាក្នុងការងារលើកកម្ពស់សមត្ថភាពនៃការសាងសង់សំណង់ផ្សេងៗ ហើយនៅក្នុងចំណោមគណៈប្រតិភូទាំង២២រូបនោះ ក៏មានមន្ត្រីនៃក្រសួងមហាផ្ទៃចូលរួមដែរ។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ ឯកឧត្តមបានមានប្រសាសន៍ថាភាគីទាំងពីរមានកិច្ចព្រមព្រៀងនេះជាមួយគ្នារយៈពេលជាច្រើនឆ្នាំមកហើយ ហើយថាភាគីអូស្ត្រាលីនឹងបន្តកិច្ចសហប្រតិបត្តិការនេះជាមួយកម្ពុជាទៀត ពិសេសក្នុងការងារលើកកម្ពស់ការបណ្ដុះបណ្ដាលមន្ត្រីនគរបាលក្រសួងមហាផ្ទៃ។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខសាធារណៈ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថាការប្រយុទ្ធប្រឆាំងការជួយដូរគ្រឿងញៀន និងការប្រើប្រាស់គ្រឿងញៀន គឺកម្ពុជាបានចាប់រឹបអូសគ្រឿងញៀនប្រមាណ១៥០០គីឡូ។ សម្ដេចបានបង្ហាញការឯកភាពចំពោះការលើកឡើងដែលថាកម្ពុជាមិនមែនជាប្រទេសផលិតគ្រឿងញៀនទេ ប៉ុន្តែមានការចរាចរណ៍ចែកចាយ និងប្រើប្រាស់។

ចំណែកការងារប្រឆាំងការជួញដូរមនុស្ស សម្ដេចបានមានប្រសាសន៍ថាកម្ពុជាមានយន្តការអនុវត្តការងារនេះច្បាស់លាស់ ហើយតែងទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ពីស្ថាប័នបរទេស ក្នុងនោះក៏មានអាមេរិកដែរ ខណៈការងារកំណេទម្រង់រដ្ឋបាលសាធារណៈ សម្ដេចបានមានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ខ្លាំងក្នុងការងារនេះ។

សម្ដេចបានគូសបញ្ជាក់ថារាជរដ្ឋាភិបាល បានបង្កើតច្រកចេញតែមួយនៅតាមរាជធានីខេត្ត និងតាមស្រុកចំនួន១០០ការិយាល័យ  ហើយគ្រោងនឹងបង្កើនជាបន្តបន្ទាប់ទៀត។ សម្ដេចបន្តថារាជរដ្ឋាភិបាលក៏ប្រើប្រាស់យន្តការដើម្បីទទួលបានការពេញចិត្តពីពលរដ្ឋក្នុងមូលដ្ឋាន ដូចជាការបណ្ដុះបណ្ដាលធនធានមនុស្ស ការបំពាក់ឧបករណ៍សម្ភារៈ និងការប្រមូលផ្ដុំសេវាសាធារណៈបន្ថែមនៅការិយាល័យច្រកចេញចូលតែមួយ។

សម្ដេចក៏បានមានប្រសាសន៍អំពីការផ្ទេរមុខងារឱ្យរដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌ ក្នុងនោះកាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលសម្រេចផ្ទេរឱ្យអនុវត្តសាកល្បងនូវការគ្រប់គ្រងសាលាមតេយ្យសិក្សា និងបឋមសិក្សា ក្នុង និងក្រៅប្រព័ន្ធមកឱ្យស្ថិតក្រោមក្រុងស្រុកនៅខេត្តបាត់ដំបង ដើម្បីឈានទៅពង្រីកឱ្យបានទូទាំងប្រទេស។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner