អ្នកភូមិបោះពោធិ៍និងភូមិកំពង់ពិល ស្ថិតក្នុងឃុំអូរដំបង១ និង ឃុំវត្តតាមឹម ស្រុកសង្កែ ទទួលបានស្ពានថ្មថ្មីមួយខ្សែដើម្បីឆ្លងកាត់អូរផ្សារខ្វែងតាមរយៈការអភិវឌ្ឍន៍ របស់រដ្ឋបាលខេត្តបាត់ដំបង

អត្ថបទដោយ៖
Kien Sereyvuth

  ស្ពានថ្មចាស់ទ្រុឌទ្រោមឆ្លងអូរមួយកន្លែងនិងជាព្រំប្រទល់នៃភូមិទាំង២និងឃុំទាំង២ស្ថិតនៅចំណុចផ្សារខ្វែង ក្នុងភូមិសាស្រ្តព្រំប្រទល់ ភូមិបោះពោធិ៍ ឃុំអូរដំបង១ និងភូមិកំពង់ពិល ឃុំវត្តតាមឹមរបស់ស្រុកសង្កែ ត្រូវបានធ្វើការកែលម្អឲ្យប្រសើរឡើងវិញដែលពីមុននេះស្ពានថ្មមួយនេះតូចចង្អៀតពិបាកក្នុងការធ្វើចរាចរណ៍យានជំនិះ ជាពិសេសរថយន្តឆ្លងកាត់ទៅមកក្នុងភូមិសាស្ត្រខាងលើនេះដែលតម្រូវឲ្យអាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង ធ្វើការអភិវឌ្ឍន៍ស្ពានឆ្លងអូរមួយនេះឲ្យប្រសើរឡើងវិញក្នុងការជួយសម្រួលដល់ការធ្វើដំណើរជាសាធារណៈផងនិងដើម្បីជាប្រយោជន៍រួមក្នុងការដឹកជញ្ជូនកសិផលបងប្អូនប្រជាពលរដ្ឋទូទៅមកកាន់ទីផ្សារបានចេញចូលទូលាយស្រួលផង។ ហើយម្យ៉ាងវិញទៀត ក៏បញ្ចៀសបានការរគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

      នេះបើតាមការលើកឡើងកន្លងមក របស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត៎ដំបង ក្នុងឱកាសដែលឯកឧត្តម បានដឹកនាំក្រុមការងារជាថ្នាក់ដឹកនាំនៅតាមបណ្តាស្ថាប័នអង្គភាពនិងមន្ទីរជំនាញផ្ទាល់ ពិសេស មន្ទីរសាធារណការ ខេត្តបាត់ដំបង ដើម្បីចុះពិនិត្យមើលនិងធ្វើការវាយតម្លៃពីការរៀបចំធ្វើការកែលម្អនិងរុះរើស្ពានចាស់នៅទីនេះ ដោយជំនួសនូវស្ពានថ្មថ្មីធំទូលាយងាយស្រួលក្នុងការធ្វើចរាចរទៅ-មក និងមានប្រវែងបណ្តោយ ០៩ម៉ែត្រនិងទទឹង ០៨ម៉ែត្រ។

        ថ្លែងក្រោយពីបញ្ចប់នូវពិធិសែនក្រុងពាលីដើម្បីបញ្ចុះបឋមសិលាក្នុងការបើកការដ្ឋានសាងសង់ស្ពានថ្មថ្មីខាងលើ នៅព្រឹកថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២១ នៅក្រោមវត្តមានជាអធិបតី ពីឯកឧត្តមងួន រតនៈ អភិបាលខេត្តបាត់ដំបង និង ឯកឧត្តមសឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត ព្រមទាំងវត្តមានថ្នាក់ដឹកនាំស្ថាប័នមន្ទីរអង្គភាពមួយចំនួនជុំវិញខេត្តព្រមទាំងអាជ្ញាធរស្រុកសង្កែ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធភូមិ-ឃុំទាំង២ខាងលើ ផងដែរ។ ក្នុងនោះឯកឧត្តម ព្រួញ រិទ្ធថា ទីប្រឹក្សាសម្តេចក្រឡាហោមនិងជាប្រធានមន្ទីរសាធារណការខេត្តបាត់ដំបង ក៌បានគូសបញ្ជាក់ឲ្យដឹងផងដែរថា៖ ស្ពានថ្មថ្មី ដែលកំពុងសាងសង់នៅថ្ងៃនេះ គឺជា កញ្ចប់ថវិកា របស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបងផ្ទាល់ ដោយអនុវត្តតាមការណែនាំ របស់ ឯកឧត្តមអភិបាលខេត្ត ហើយស្ពានថ្មថ្មីដែលសាងសង់នេះមានប្រវែង០៩ម៉ែត្រនិងទទឹង០៨ម៉ែត្រដោយមានជើងទម្រស្ពាន ចំនួន៣ប្រឡោះ។ ក្នុងនោះក៏មានការកែលម្អក្នុងការពង្រីកនូវតួផ្លូវឲ្យទូលាយផងដែរចាប់គល់ស្ពានរហូតដល់ផ្លូវបំបែក ក្នុងភូមិសាស្ត្រភូមិបោះពោធិ៍ ឃុំអូរដំបង១ ដែលមានប្រវែងប្រមាណ ២០០ម៉ែត្រ។ ដោយឡែកនៅតាមមាត់ប្រឡាយអូរនេះ ក៏មានរៀបចំសម្អាតនូវជើងទេទាំងសងខាង នៅតាមមាត់ប្រឡាយអូរផ្សារខ្វែង ចាប់ពីគល់ស្ពានថ្មីនេះ ទៅទល់និងស្ពានឆ្លងអូរ ក្បែរនោះផងដែរ។ឯកឧត្តម ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ ខេត្តបាត់ដំបង ក៏បានគូសបញ្ជាក់ទៀតថា៖ តាមរយៈគំរោងនៃការសាងសង់ស្ពានថ្មថ្មីនេះនិងត្រូវអនុវត្តរយៈពេល ៤៥ថ្ងៃ ឲ្យរួចរាល់ជាស្ថាពរ។

      គួររម្លឹកឲ្យដឹងផងដែរថា៖ បើទោះបីស្ថិតនូវក្នុងស្ថានភាពនៃការរាតត្បាតជាសកលដោយជំងឺឆ្លងកូវីដ-19 យ៉ាងណា ក៏អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង នៅតែបន្តខិតខំក្នុងការកសាងនិងធ្វើការអភិវឌ្ឍន៍ជាបន្តបន្ទាប់នូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តសង្គមក្នុងខេត្តរបស់ខ្លួន ទាំងផ្លូវលំក្រួសក្រហម ផ្លូវកៅស៊ូDBSTតាមបណ្តាឃុំ ស្រុក-ក្រុងនានា និងផ្លូវបេទីមAC.ក្នុងទីប្រជុំជនក្រុង-ខេត្តបាត់ដំបង ហើយថ្មីៗនេះក៏មានការអភិវឌ្ឍន៍ដោយរៀបចំច្រាំងស្ទឹងសង្កែ ពីចន្លោះស្ពានថ្មសម្តេចតេជោ រហូតដល់ស្ពានថ្មថ្មី១៣មករា មុខសាលាខេត្ត រួមនិងគម្រោងអភិវឌ្ឍន៍សំខាន់ៗក្នុងខេត្តជាច្រើនទៀតផងដែរ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner