លោក ចូ បៃដិន ធ្វើដំណើរទស្សនកិច្ចទៅកាន់រដ្ឋ North Carolina ក្នុងគោលបំណងលើកទឹកចិត្តប្រជាជនអោយទៅទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ (មានវីដេអូ)

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋ North Carolina នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្នុងគោលបំណងលើកទឹកចិត្តប្រជាជនអោយទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ខណៈអត្រានៃការចាក់ថ្នាំបង្ការរោគបានថយចុះ បើទោះបីជាមានការខិតខំប្រឹងប្រែងទូទាំងប្រទេស ក្នុងការចាក់ថ្នាំដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុសដ៏កាចសាហាវមួយនេះ ។

បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ លោក បៃដិន មានគម្រោងទៅបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលសហគមន៍ Green Road ក្នុងតំបន់ Northeast Raleigh ជាទីដែលលោកនឹងត្រូវទៅមើលមណ្ឌលចាក់វ៉ាក់សាំងចល័តមួយកន្លែង ព្រមទាំងជួបជាមួយក្រុមកម្មករ និងអ្នកស្ម័គ្រផងដែរ ។ ដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិន ខាងលើនេះ បានកើតមានឡើងបន្ទាប់ពីសេតវិមានប្រកាសថា ខ្លួននឹងមិនអាចឈានទៅសម្រេចគោលដៅរបស់លោកប្រធានាធិបតី ក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 យ៉ាងហោចណាស់១ដូសជូនដល់មនុស្សពេញវ័យរបស់ខ្លួនប្រមាណ ៧០ភាគរយនៅត្រឹមថ្ងៃទី០៤ ខែកក្កដា ដែលជាថ្ងៃបុណ្យឯករាជ្យនោះទេ ខណៈបច្ចុប្បន្នមានតែរដ្ឋចំនួន១៥ និង ទីក្រុងវ៉ាស៊ីនតោនប៉ុណ្ណោះ ដែលបានសម្រេចនូវគោលដៅនោះ ។ ការប្រកាសខាងលើនេះបានកើតមានឡើងក្រោយលោក ចូ បៃដិន និងលោកស្រី កាម៉ាឡា ហារីស កាលពីថ្ងៃសុក្រសប្ដាហ៍មុន បានជំរុញឱ្យជនជាតិអាមេរិកមកទទួលការចាក់វ៉ាក់សាំង ខណៈមានការគំរាមកំហែងពីវីរុសបម្លែងខ្លួនថ្មី Delta ដែលមានប្រភពដើមនៅឥណ្ឌា កំពុងបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner