ក្រុមអ្នកស្រាវជ្រាវកំពុង កត់ត្រា បក្សីខ្លួនធំ និងកម្រនៅកម្ពុជា
រាជធានីភ្នំពេញ៖ក្រុមអ្នកស្រាវជ្រាវបានកំពុងធ្វើការសិក្សាស្រាវជ្រាវដើម្បីកត់ត្រាទៅលើបក្សីខ្លួនធំនិងសត្វកម្រនៅកម្ពុជា។
ប្រភពព័ត៌មានបានឱ្យដឹងថាការសិក្សាស្រាជ្រាវនេះធ្វើឡើងរវាងក្រសួងបរិស្ថាន និងអង្គការ WWF។នាពេលនេះដែរក្រុមអ្នកស្រាវជ្រាវកំពុងបន្តតាមដានស្ថានភាពប្រភេទសត្វស្លាប មាឌធំនៅក្នុងទីតាំងក្បែរដែនជម្រកសត្វព្រៃសំបូរនៃតំបន់ទេសភាពមេគង្គ ដោយមានការចូលរួមពីសមាជិកសហគមន៍មូលដ្ឋាន។
តាមរយៈការស្រាវជ្រាវជំហ៊ានដំបូងបង្ហាញថាសត្វត្មាតរងគ្រោះថ្នាក់ជិតផុតពូជបំផុតទាំងបីប្រភេទ សរុបចំនួន២០ក្បាល មានត្មាតភ្លើងចំនួន៥ក្បាល ត្មាតផេះចំនួន១១ក្បាល និងត្មាត ត្នោតចំនួន៤ក្បាល ព្រមទាំងសត្វត្រយងយក្សចំនួន៣ក្បាល និងសត្វត្រយងចង្កំ .ក.ស.ចំនួន៧ក្បាលទៀតត្រូវបានកត់ត្រាទុក។
ប្រភពពីអង្គការWWFបានឱ្យដឹងថា លទ្ធផលនៃការតាមដាននិងរាប់ចំនួនសត្វបក្សីដែលត្រូវ រៀបធ្វើឡើងចំនួនបួនលើកជារៀងរាល់ឆ្នាំនេះ នឹងត្រូវគេកត់ត្រាបញ្ចូលដើម្បីគាំទ្រ ដល់កម្មវិធីជំរឿនសត្វបក្សីថ្នាក់ជាតិដែលប្រព្រឹត្តទៅនៅក្នុងគ្រប់តំបន់ការពារធម្មជាតិទូទាំងប្រទេសកម្ពុជា។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន ក្រុមស្រាវជ្រាវក៏បានកត់ត្រាទុកផងដែរ នូវសត្វត្រយងយក្សមួយគូ សត្វត្មាតភ្លើង៥ក្បាល រួមមានកូន១ក្បាលផង និងត្មាតផេះ២ក្បាលក្នុងកំឡុងពេលបំពេញកិច្ចការនៅក្នុងតំបន់ដូចគ្នានេះ៕


