សម្ដេចពិជ័យសេនា ទៀ បាញ់ ជួបធ្វើកិច្ចសន្ទនា និងពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីក្រសួងការពារប្រទេសជប៉ុន តាមរយៈប្រព័ន្ធទូរគមនាគមន៍
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អនុញ្ញាតិឱ្យឯកឧត្តម គីស៊ី ណូប៊ូ (KISHI Nobuo) រដ្ឋមន្ត្រីក្រសួងការពារប្រទេសជប៉ុន ជួបធ្វើកិច្ចសន្ទនា និងពិភាក្សាការងារស្តីពី កិច្ចសហប្រតិបត្តិការយោធា តាមរយៈប្រព័ន្ធទូរគមនាគមន៍ (Video Conference) នៅរសៀលថ្ងៃសុក្រទី២៥ ខែមិថុនា ឆ្នាំ២០២១ នៅសាលប្រជុំទីស្តីការគណៈរដ្ឋមន្ត្រី (អគារមិត្តភាព)។
ឯកឧត្តម KISHI Nobuo រដ្ឋមន្ត្រីក្រសួងការពារប្រទេសជប៉ុន បានមានប្រសាសន៍ថា៖ នៅក្នុងកិច្ចប្រជុំការពារជាតិអាស៊ានបូក សម្តេចពិជ័យសេនា បានលើកឡើងអំពីបទពិសោធន៍ នៃសង្គ្រាមស៊ីវិល។ ជប៉ុនក៏បានជំនះការលំបាកផ្សេងៗ ហើយបានស្តារប្រទេសឡើងវិញបន្ទាប់ពីសង្គ្រាមដែលមានការបាត់បង់ជីវិតជាច្រើន ដូច្នេះយើងខ្ញុំសូមវាយតម្លៃខ្ពស់ និងសម្តែងនូវការកោតសរសើរចំពោះប្រទេសកម្ពុជា ដែលបានឆ្លងកាត់សង្គ្រាមស៊ីវិល ហើយកំពុងចូលរួមចំណែកសង្គមអន្តរជាតិ តាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាព អ.ស.ប ជាដើម។ ក្នុងនាមក្រសួងការពារប្រទេស និងកងកម្លាំងស្វ័យការពារជប៉ុន ឯកឧត្តម គីស៊ី ណូប៊ូ KISHI Nobuo បានបញ្ជាក់ថា៖ ជប៉ុនមានបំណងបន្តកិច្ចសហប្រតិបត្តិការ សម្រាប់សន្តិភាព ស្ថេរភាព និងទំនាក់ទំនងជាមួយនឹងកម្ពុជា។ ក្នុងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរផ្នែកការពារជាតិរវាងជប៉ុន និងកម្ពុជា កំពុងមានការអភិវឌ្ឍពីមួយជំហានទៅមួយជំហាន ដោយផ្អែកលើអនុសារណៈនៃកិច្ចសហប្រតិបត្តិ និងការផ្លាស់ប្តូរផ្នែកការពារជាតិ នៃប្រទេសទាំងពីរ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០១៣។ ការពិភាក្សាថ្ងៃនេះ ឯកឧត្តម KISHI Nobuo មានបំណងជំរុញកិច្ចសហប្រតិបត្តការ ផ្នែកការពារជាតិ ឆ្ពោះទៅរក្សាបានការពង្រឹងឥណ្ឌូប៉ាស៊ីហ្វីកសេរី និងបើកចំហរ។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា៖ ការជួបពិភាក្សាជាមួយនឹង ឯកឧត្តមគីស៊ី ណូប៊ូ( KISHI Nobuo) រដ្ឋមន្ត្រីក្រសួងការពារប្រទេសជប៉ុនថ្ងៃនេះ ពិតជាមានសារៈសំខាន់ ក្នុងការពង្រឹងទំនាក់ទំនងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងការពារប្រទេសទាំងពីរកម្ពុជា និងជប៉ុន បានលើកកម្ពស់សមត្ថភាពវិស័យការពារជាតិ សន្តិសុខ និងនយោបាយ ព្រមទាំងផ្នែកមនុស្សធម៌ សម្រេចលទ្ធផលជាផ្លែផ្កា តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស ពោរពេញដោយសមត្ថភាព ពុទ្ធិ រួមចំណែកកសាងចំណងមិត្តភាពកងទ័ពប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ និងវិបុលភាពថែមទៀត។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា៖ ស្ថិតក្នុងបរិការនេះ ប្រទេសយើងទាំងពីរកំពុងរងគ្រោះមហន្តរាយធម្មជាតិ និងជម្ងឺផ្សេងៗ ដែលបណ្តាមកពីការរាតត្បាតនៃជម្ងឺកូវីដ១៩ បាននាំមកនូវបញ្ហាជាច្រើន ដែលមិនធ្លាប់មានពីមុនមក ធ្វើឲ្យកិច្ចសហប្រតិបត្តិការទ្វេភាគីមានភាពមិនពេញលេញ និងអនុវត្តមិនបានគ្រប់ជ្រុងជ្រោយតាមការគ្រោងទុក ហើយងាកមកប្រតិបត្តិការតាមទស្សនការបំពេញការងារ និងការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មីវិញ។ ក្នុងន័យនេះកម្ពុជាសូមវាយតម្លៃខ្ពស់ ចំពោះប្រទេសយើងទាំងពីរ ដែលបានជំនះឧបសគ្គ យកចិត្តទុកដាក់អនុវត្តការងារចាំបាច់មួយចំនួន ដែលអាចធ្វើទៅបាន ដូចជាការទំនាក់ទំនងប្រជុំតាមប្រព័ន្ធវីដេអូ ការបណ្តុះបណ្តាល ព្រមទាំងផ្នែករក្សាសន្តិភាពក្នុងក្របខណ្ឌ អ.ស.ប ទទួលបានលទ្ធផលជាផ្លែផ្កា។ ជាមួយគ្នានេះដែរ សម្តេចពិជ័យសេនា បានគោរពអញ្ជើញ ឯកឧត្តម KISHI Nobuo រដ្ឋមន្ត្រីក្រសួងការពារប្រទេសជប៉ុន មកបំពេញទស្សនកិច្ចនៅកម្ពុជា តាមពេលវេលាណាមួយដ៏សមស្របខាងមុខ ៕









