ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ប្រធានអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញចូលប្រទេសនិងការជ្វើចត្តាឡីស័ក ចុះស្វែងយល់ពីការងារគ្រប់គ្រងទប់ស្កាត់ការឆ្លងរាតត្បាតកូវីដ-19និងការងារគ្រប់គ្រងការធ្វើចត្តាឡីស័កនៅក្នុងខេភូមិសាស្ត្រខេត្តបាត់ដំបង
នៅរសៀល ថ្ងៃទី២៧ ខែមិថុនាឆ្នាំ២០២១ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកស្រាវជ្រាវចារកិច្ចក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញចូលប្រទេសនិងការធ្វើចត្តាឡីស័កបានអញ្ជើញជួបប្រជុំពិភាក្សាការងារ ជាមួយនិងអាជ្ញាធរ នៃរដ្ឋបាលខេត្តបាត់ដំបង រួមនិងស្ថាប័ន មន្ទីរ អង្គភាពនិងអាជ្ញាធរនៃរដ្ឋបាលស្រុកកំរៀង និងបានចុះពិនិត្យមើលច្រកទ្វារព្រំដែនកម្ពុជា-ថៃនៃច្រកទ្វារអន្តរជាតិដូង ក្នុងភូមិសាស្រ្តស្រុកកំរៀង របស់ខេត្តបាត់ដំបង ដោយមានវត្តមានអមដំណើរពីឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងនិងឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត ព្រមទាំងឯកឧត្តមមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ រួមនិងថ្នាក់ដឹកនាំស្ថាប័នមន្ទីរ អង្គភាពជំនាញមួយចំនួនផងដែរ។
តាមរយៈនៃជំនួបប្រជុំពិភាក្សាការងារដោយបានផ្តោតសំខាន់នៅទីនោះគឺការពង្រឹងនូវវិធានការក្នុងការទប់ស្កាត់ការឆ្លង និងពីការចម្លងនៃមេរោគកូវីដ-19បម្លែងថ្មី(ប្រភេទ Delta) ដែលមានលំហូរនាំចូល តាមរយៈនៃការរវិលត្រលប់របស់បងប្អូនជាពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ តាមច្រកទ្វារនានាក្នុងភូមិសាស្ត្ររបស់ខេត្តបាត់ដំបង កន្លងមក និង នៅថ្ងៃខាងមុខដើម្បីជាវិធានចាំបាច់ ក្នុងការទប់ស្កាត់ ឲ្យបានពីហានិភ័យនៃការឆ្លងរាតត្បាតនិងការចម្លងចូលទៅក្នុងសហគមន៍។ ហើយដែលតម្រូវឲ្យអាជ្ញាធររដ្ឋបាលខេត្ត និង មន្ទីរវិស័យជំនាញសុខាភិបាលរបស់ខេត្ត ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចនិងកងកម្លាំងពាក់ព័ន្ធទាំងអស់ដែលឈរជើងតាមច្រកទ្វារអន្តរជាតិ និងចំណុចគោលដៅផ្សេងៗទៀតត្រូវតែពង្រឹងនូវវិធានកាសុខាភិបាលឲ្យបានម៉ឺងម៉ាត់ម៉ត់ចត់បំផុត តាមរយៈការត្រួតពិនិត្យសុខភាពបងប្អូនទាំងនោះដោយអនុវត្តនូវការធ្វើតេស្តសំណាករហ័ស ដើម្បីពិនិត្យរកមេរោគឆ្លងកូវីដ-19 ដោយមិនត្រូវធ្វេសប្រហែស ដោយប្រការណាមួយឡើយ។
ជាមួយគ្នានោះ ឯកឧត្តមឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកស្រាវជ្រាវចារកិច្ចក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក ក៏បានសំណូមពរនិងដាក់ចេញនូវវិធានសំខាន់ៗមួយចំនួនដល់អាជ្ញាធរខេត្តដើម្បីធ្វើឲ្យសម្រេចនូវផែនការសំខាន់ៗដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញកន្លងមក និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលនូវវិធានការណ៍រួមកន្លងមកដែលបាននិងកំពុងធ្វើ ដែលត្រូវតែប្រកាន់ខ្ជាប់នូវវិធានសុខាភិបាល ៣ការពារ ៣កុំ និង២ត្រូវចូលរួម ឲ្យបានដាច់ខាត។
សូមបញ្ជាក់ផងដែរថា៖ យោងតាមការប្រកាសព័ត៌មានពីរដ្ឋបាលខេត្តបាត់ដំបង បានអោយដឹងថា៖ ចាប់តាំងពីមានការផ្ទុះនូវការឆ្លងរាតត្បាតជាសកលពីជំងឺកូវីដ-19នៅកម្ពុជា និងដោយឡែកសម្រាប់ខេត្តបាត់ដំបងរហូតមកដល់ ថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២១នេះ គឺមានអ្នកឆ្លងជំងឺកូវីដ-19 សរុបចំនួន ៨១៣នាក់ ហើយត្រូវបានព្យាបាលឲ្យជាសះស្បើយចំនួន៥០៧នាក់មានករណីស្លាប់ចំនួន៦នាក់(ជនជាតិបរទេសម្នាក់) និងកំពុងសម្រាកព្យាបាលចំនួន ៣០០នាក់។ហើយក្នុងចំណោមអ្នកឆ្លងខាងលើនេះ និងដោយឡែក នៅថ្ងៃទី២៧ ខែមិថុនានេះ អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង បានរកឃើញអ្នកវិជ្ជមានថ្មីបន្ថែមចំនួន ២៧នាក់ និងជាសះស្បើយចំនួន ១០នាក់ ផងដែរ ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )























