វ៉ាក់សាំងកូវីដជាង ១០លានដូសហើយ ត្រូវបានកម្ពុជាទទួលបានពីប្រទេសចិន
នាព្រឹកថ្ងៃទី២៨មិថុនា វ៉ាក់សាំងចិនសម្រាប់ប្រយុទ្ធប្រឆាំងលើជំងឺកូវីដចំនួន១លានដូសដែលជាការបញ្ជាទិញរបស់ភាគីកម្ពុជាបានដឹកមកដល់រាជធានីភ្នំពេញ។ យោងតាមស្ថានទូតចិនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២៨មិថុនា បានឲ្យដឹងថា វ៉ាក់សាំងកូវីដដែលភាគីចិនបានផ្តល់ជូនភាគីកម្ពុជារហូតមកដល់ពេលនេះមានចំនួនលើសពី១០លានដូស។ ស្ថានទូតចិនបានបន្តថា ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដ-១៩មក ប្រជាជនចិននិងកម្ពុជាបានរួមសុខរួមទុក្ខជាមួយគ្នា ជួយគ្នាទៅវិញទៅមក បង្កើតបានជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងលើជំងឺវីរុសមួយនេះ។ រហូតមកដល់បច្ចុប្បន្ននេះ ចិនបានផ្តល់ជំនួយឥតសំណងជាវ៉ាក់សាំងកូវីដដល់កម្ពុជាចំនួន២លាន២សែនដូស។
ទន្ទឹមនឹងនោះ ភាគីចិនក៏បានប្រគល់វ៉ាក់សាំងកូវីដចំនួន៨លាន៥សែនដូសដែលជាការបញ្ជាទិញជូនដល់ភាគីកម្ពុជាផងដែរ។ ស្ថានទូតចិនប្រចាំកម្ពុជា បានចាត់ទុកវ៉ាក់សាំងចិន គឺនឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការបង្កើតភាពស៊ាំក្នុងប្រទេសកម្ពុជាកាន់តែឆាប់រហ័ស។ ជាមួយគ្នានោះ ប្រទេសចិនបានបន្យាថា នាពេលបន្តបន្ទាប់ ភាគីចិននឹងបង្កើនកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការផ្តល់វ៉ាក់សាំងជូនដល់ភាគីកម្ពុជា យកសកម្មភាពជាក់ស្តែងបង្ហាញពីអត្ថន័យស្នូលនៃសហគមន៍វាសនារួមរវាងចិននិងកម្ពុជា និងខិតខំអនុវត្តតាមប្រសាសន៍ដ៏សំខាន់របស់ឯកឧត្តមប្រធានាធិបតីចិន Xi Jinping ដោយចាត់ទុកវ៉ាក់សាំងកូវីដជាផលិតផលសាធារណៈសម្រាប់សកលលោក។
កាលពីថ្ងៃទី២៦មិថុនា ឆ្នាំ២០២១ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac Vaccine) ចំនួន១លានដូស ដែលកម្ពុជាបានបញ្ជារទិញពីប្រទេសចិន ត្រូវបានដឹកមកដល់ប្រទេសកម្ពុជា។ យោងតាមក្រសួងសុខាភិបាល សរុបទៅត្រឹមខែមិថុនា កម្ពុជាទទួលបានវ៉ាក់សាំងពីក្រុមហ៊ុនចិន រហូតដល់ទៅ៥លានដូស ហើយនៅខែកក្កដាខាងមុខ វ៉ាក់សាំងប្រមាណ៣លានដូសទៀត ក៏នឹងត្រូវដឹកពីប្រទេសចិន មកកាន់កម្ពុជាផងដែរ។
វ៉ាក់សាំងបានក្លាយទៅជាវិធានការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងជួយការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺឆ្លងនោះ។ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ធ្លាប់បានបញ្ជាក់ថា កម្ពុជាមានផែនការចាក់វ៉ាក់សាំងជូនប្រជាជនឲ្យបាន យ៉ាងហោច១០លាននាក់ នៅដំណាច់ខែវិច្ឆិកាឆ្នាំ២០២១។ គិតចាប់ពីថ្ងៃទីខែកុម្ភៈ២០២១ ដល់ត្រឹមថ្ងៃទី២៧មិថុនា កម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជាង ៣លាន៩សែននាក់ស្មើនឹងជាង៣៩ភាគរយហើយ។



