វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូននៃកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយវិទ្យាស្ថាន Zhejiang Institute of Communication នៃសាធារណរដ្ឋប្រជាមានិតចិន

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៅថ្ងៃព្រហស្បតិ៍ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន(TSIPWT) និង វិទ្យាស្ថាន Zhejiang Institute of Communication (ZJIC) នៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Video Conference)។

វិទ្យាស្ថាន Zhejiang Institute of Communication (ZJIC) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៥៨ នៃសាកលវិទ្យាល័យ Zhejiang University និងបានបណ្តុះបណ្តាលសិស្ស និស្សិត លើជំនាញបច្ចេកទេសសរុបជាង ៤០ជំនាញ ក្នុងដេប៉ាតឺម៉ង់ចំនួន៩ រួមមាន៖ ដេប៉ាតឺម៉ង់ផ្លូវថ្នល់និងស្ពាន ដេប៉ាតឺម៉ង់ផ្លូវទឹក ដេប៉ាតឺម៉ង់គ្រប់គ្រងដឹកជញ្ជូន ដេប៉ាតឺម៉ង់ដឹកជញ្ជូនឆ្លាតវៃ និងដេប៉ាតឺម៉ង់ Rail Transit។

ជាមួយការទំនាក់ទំនង និងភាពជាដៃគូនេះ វិទ្យាស្ថានទាំងពីរ (TSIPWT និង ZJIC) បានឯកភាពគ្នាលើគោលការណ៍ជាច្រើននៃកិច្ចសហប្រតិបត្តិការ ក្នុងការផ្លាស់ប្តូរបទពិសោធន៍លើការអប់រំ ការបណ្តុះបណ្តាលការផ្លាស់ប្តូរវប្បធម៌ ការអភិវឌ្ឍកម្មវិធីសិក្សា ការផ្លាស់ប្តូរ Credits ទៅវិញទៅមក បង្កើត Dual Degree Program, Internship Program ការផ្លាស់ប្តូរនិស្សិត សាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវ ការផ្លាស់ប្តូរព័ត៌មាន ទិន្នន័យ បណ្ណាល័យ ការបោះពុម្ព ការបង្កើតសន្និសីទសារព័ត៌មាន និងសិក្ខាសាលា និងការផ្លាស់ប្តូរធនធានផ្សេងៗទៀតជាដើម។

តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះ ឯកឧត្តម ហឿន សំនៀង មានសង្ឃឹមយ៉ាងមុតមាំថា វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងកាន់តែមានឱកាសបន្ថែមទៀត ក្នុងការផ្ដល់ចំណេះដឹង ទាំងផ្នែកបច្ចេកទេស និងទ្រឹស្តីដល់និស្សិតរបស់យើង ដើម្បីប្រែក្លាយខ្លួនជាអ្នកមានជំនាញច្បាស់លាស់ បទពិសោធន៍ និងមានគុណធម៌ សីលធម៌ ដែលអាចដឹកនាំ និងអភិវឌ្ឍន៍នៅក្នុងសង្គមបាននាពេលអនាគត។ វិទ្យាស្ថានក៏នឹងផ្ដល់នូវចំណេះដឹងយ៉ាងទូលំទូលាយ ដល់និស្សិត និងប្ដេជ្ញាចិត្តខិតខំប្រឹងប្រែង ដើម្បីយកនិស្សិតឆ្នើម និងសាស្ត្រាចារ្យល្អៗ ទៅដកស្រង់បទពិសោធន៍ជាក់ស្តែងនៅតាមការដ្ឋានក្នុងស្រុក ក៏ដូចជាបណ្តាប្រទេសនានាដូចជា៖ ប្រទេសចិន ជប៉ុន កូរ៉េ ដែលជាដៃគូសហការរបស់ក្រសួងផងដែរ។

នាឱកាសនោះដែរ ឯកឧត្ដមនាយកវិទ្យាស្ថានតេជោសែន បានថ្លែងឲ្យដឹងថា វិទ្យាស្ថានតេជោសែន សាធាណការ និងដឹកជញ្ជូន គ្រោងពង្រីកទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍន៍នានាដទៃទៀត ទាំងក្នុង និងក្រៅប្រទេស ទាំងបណ្តាក្រុមហ៊ុនវិស័យឯកជន និងអង្គភាពស្ថាប័នរដ្ឋ សំដៅជំរុញ ដល់ការរួមគ្នាអភិវឌ្ឍ និងបណ្តុះបណ្តាលធនធានមនុស្ស ឆ្លើយតបទៅនឹងតម្រូវការការងារតាមគម្រោងការដ្ឋានហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍរបស់ប្រទេសជាតិផងដែរ។

ឯកឧត្តម ហឿន សំនៀង បានថ្លែងបញ្ជាក់យ៉ាងដូច្នេះដែរថា ក្រោមការចង្អុលបង្ហាញប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ វិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន បានកំពុងខិតខំបណ្តុះបណ្តាលដល់និស្សិតទាំងអស់ ឱ្យក្លាយខ្លួន ជាវិស្វករកម្ពុជា នាថ្ងៃអនាគតយ៉ាងពិតប្រាកដ មានជំនាញច្បាស់លាស់ ដើម្បីបន្តយកទៅអភិវឌ្ឍខ្លួន សេដ្ឋកិច្ច សង្គម និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត។

សូមជម្រាបថា ចាប់តាំងពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ រហូតមក និស្សិតចំនួន១៩១នាក់ បានចាប់ផ្តើមចូលរៀនថ្នាក់សិក្សាឆ្នាំមូលដ្ឋានរបស់ខ្លួន ជាមួយនឹងការបង្រៀនផ្ទាល់ពីបន្ទប់រៀន នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន តាមរយៈប្រព័ន្ធអនឡាញ ដើម្បីជៀសផុតពីការរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈការផ្ទុះឡើងនៃជំងឺនេះ កំពុងស្ថិតក្រោមការគ្រប់គ្រងតាមដាននៅឡើយ។

ចុងក្រោយថ្នាក់ដឹកនាំនៃភាគីទាំងពីរ បានអញ្ជើញសមភាគីទៅវិញទៅមក ឱ្យធ្វើទស្សនកិច្ចជាផ្លូវការ នាថ្ងៃខាងមុខឆាប់ៗនេះ ក្រោយពីស្ថានភាពកូវីដ-១៩បានធូរស្រាល ដើម្បីពង្រឹងការទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលាយ និងស៊ីជម្រៅថែមទៀត។

គួរបញ្ជាក់ផងដែរថា ឯកឧត្តម ហឿន សំនៀង ទើបត្រូវបានព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហនមុនី បានសព្វព្រះរាជហឫទ័យត្រាស់បង្គាប់តែងតាំងជានាយកវិទ្យាស្ថាន «តេជោសែនសាធារណការ និងដឹកជញ្ជូន» ដែលជាវិទ្យាស្ថានបណ្តុះបណ្តាលលើជំនាញសាងសង់ផ្លូវ និងស្ពានដំបូងគេនៅកម្ពុជា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner