មួយសតវត្សរ៍ដែលបក្សកុម្មុយនិស្តចិន បានដឹកនាំប្រជាជនចិន ឆ្ពោះទៅរកជីវភាពសម្បូរសប្បាយ និងសុខក្សេមក្សាន្ត

អត្ថបទដោយ៖
ធី ដា

បើនិយាយពីអរិយប្រទេសបុរាណនៅអាស៊ី យើងរមែងតែងនឹកឃើញដល់ប្រទេសចិន ដែលមានប្រវត្តិសាស្ត្រជាង ៥ ពាន់ឆ្នាំមកហើយ ។ បើនិយាយពីមហាអំណាចសេដ្ឋកិច្ចពិភពលោក យើងក៏នឹងនឹកឃើញដល់ប្រទេសចិន ដែលជាអង្គភាពសេដ្ឋកិច្ចធំទី២ លើពិភពលោកដែលត្រូវគេប្រសិទ្ធនាមថាជា «នាគយក្សនៅអាស៊ី» ។ បើនិយាយពីប្រទេសខ្លាំងខាងវិស័យអវកាស ប្រទេសចិនដែលទទួលបានសមិទ្ធផលយ៉ាងលេចធ្លោក្នុងវិស័យនេះក៏ទទួលបានការកត់សម្គាល់ខ្លាំងពីសំណាក់ពិភពលោកទាំងមូលផងដែរ ។ យ៉ាងណាមិញ ការទទួលបានសមិទ្ធផលដូចសព្វថ្ងៃនេះមិនមែនជារឿងមួយថ្ងៃពីរនោះទេ ពោលគឺប្រទេសចិនបានឆ្លងកាត់ព្យុះភ្លៀងរាប់មិនអស់ រាប់ទាំងសង្គ្រាមរ៉ាំងរ៉ៃក្នុងស្រុក និងការឈ្លានពានពីបរទេស ហើយត្រូវប្រើពេលជិតមួយសតវត្សរ៍ដើម្បីស្តារភាពរុងរឿងថ្កុំថ្កើងរបស់ខ្លួនឡើងវិញ ។

សង្គមសក្តិភូមិដែលមានរយៈពេលជាង ២៣០០ ឆ្នាំ បានចារឹកនូវភាពរុងរឿង ដុនដាប ផ្អែមល្អែមនិងល្វីងជូរចត់ក្នុងប្រវត្តិសាស្ត្រចិន ។ ចំណែកឯការបង្កើតបក្សកុម្មុយនិស្តចិន​ អាចនិយាយបានថាជាតក្កកម្មដ៏អច្ឆរិយមួយក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់ចិន ។ ចាប់តាំងពីបានក្លាយជាបក្សកាន់អំណាចមក បក្សកុម្មុយនិស្តចិន បាននាំមកនូវសមិទ្ធផលជាប្រវត្តិសាស្ត្រជាច្រើនជូនជាតិមាតុភូមិ ដែលបានដឹកនាំប្រជាជនទូទាំងប្រទេសហែលឆ្លងពីភាពលំបាកវេទនា ដើម្បីឆ្ពោះទៅរកត្រើយនៃភាពសម្បូរសប្បាយនិងប្រកបដោយសេចក្តីថ្លៃថ្នូរស្មើមុខស្មើមាត់ប្រទេសមហាអំណាចលើពិភពលោក ។

ពិសេសក្នុងសមាជលើកទី ១៥ របស់ខ្លួន បក្សកុម្មុយនិស្តចិនបានដាក់ចេញនូវទិសដៅការងារសំខាន់មួយគឺ «១០០ឆ្នាំចំនួនពីរ» ពោលគឺក្នុងឱកាសខួប ១០០ ឆ្នាំរបស់បក្ស នឹងធ្វើឱ្យសេដ្ឋកិច្ចជាតិកាន់តែវិវឌ្ឍន៍រីកចម្រើន របបគ្រប់គ្រងកាន់តែមានសុក្រឹតភាព ។ លុះដល់ពាក់កណ្តាលសតវត្សរ៍នេះដែលជាខួបទី ១០០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ត្រូវសម្រេចឱ្យបានជាមូលដ្ឋាននូវការធ្វើទំនើបកម្មប្រទេសជាតិ ពោលគឺកសាងជាប្រទេសសង្គមនិយមដែលប្រកបដោយភាពសម្បូរសប្បាយ ប្រជាធិបតេយ្យ សុខដុមនីយកម្ម និងអរិយធម៌ ។

ក្នុងនោះ ការសម្រេចបាននូវការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយនៅឆ្នាំ ២០២០ គឺជាការសម្រេចបាននូវគោលដៅតស៊ូ ១០០ ឆ្នាំ ទីមួយ ។ បន្ទាប់មកធ្វើកិច្ចខិតខំប្រឹងប្រែង ១៥ ឆ្នាំទៀត ពោលគឺសម្រេចបាននូវការកសាងជាប្រទេសសង្គមនិយមទំនើបនៅឆ្នាំ ២០៣៥ ។ ពីឆ្នាំ ២០៣៥ ដល់ពាក់កណ្តាលសវត្សរ៍នេះ ពោលគឺនៅរង្វង់ឆ្នាំ ២០៤៩ នឹងសម្រេចបាននូវគោលដៅតស៊ូ ១០០ ឆ្នាំ ទីពីរ ។

ដូចអ្វីដែលយើងទាំងអស់គ្នាបានមើលឃើញហើយ គឺកាលពីឆ្នាំមុន ប្រទេសចិនបានសម្រេចភារកិច្ចជាប្រវត្តិសាស្ត្ររបស់ខ្លួន ក៏ដូចជាភារកិច្ចក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិផងដែរ ពោលគឺរាប់តាំងពីការធ្វើកំណែទម្រង់និងបើកទូលាយនៅឆ្នាំ ១៩៧៨ មក បានធ្វើឱ្យប្រជាជនក្រីក្រជិត ៨ រយលាននាក់ចេញផុតពីភាពក្រីក្រ ។

ពិសេសគឺចាប់ពីសមាជបក្សកុម្មុយនិស្តចិនលើកទី ១៨ នាចុងឆ្នាំ ២០១២ មកទល់ចុងឆ្នាំ ២០២០ ប្រទេសចិនបានកាត់បន្ថយប្រជាជនក្រីក្រជិតមួយរយលាននាក់ ដែលបានធ្វើឱ្យប្រជាជនក្រីក្រស្ថិតក្រោមខ្សែបន្ទាត់ស្តង់ដាក្រីក្រដែលប្រទេសចិនបាននិងកំពុងអនុវត្តនាពេលបច្ចុប្បន្នចេញផុតពីភាពក្រីក្រទាំងស្រុង ដែលត្រូវជាចំនួន ៧០ ភាគរយនៃការកាត់បន្ថយចំនួនប្រជាជនក្រីក្រនៅទូទាំងពិភពលោកក្នុងរយៈពេលដូចគ្នា ។ សមិទ្ធផលនេះសម្រេចបានមុនការកំណត់នៃរបៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ ២០៣០ នៃអង្គការសហប្រជាជាតិរហូតដល់ទៅ ១០ ឆ្នាំ ។

សមិទ្ធផលកាត់បន្ថយភាពក្រីក្ររបស់ចិនមិនត្រឹមតែបានធ្វើឱ្យប្រជាជនរបស់ខ្លួនមានជីវភាពរស់នៅសម្បូរសប្បាយប៉ុណ្ណោះទេ ប៉ុន្តែក៏បានរួមចំណែកដ៏ធំធេងក្នុងកិច្ចការកាត់បន្ថយភាពក្រីក្ររបស់ពិភពលោកផងដែរ ពោលគឺក្នុងបរិបទជំងឺកូវីដ-១៩ និងកំណើននៃជនក្រីក្រដាច់ខាតនៅទូទាំងពិភពលោក ភាពជោគជ័យនៃការកាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិនបាននាំមកនូវបទពិសោធន៍និងជំនឿចិត្តសម្រាប់ពិភពលោក ។

យើងងាកមកមើលពីវិស័យអវកាសវិញ កាលពីសម័យបុរាណ ប្រជាជនចិនមានក្តីស្រមៃដ៏ល្អបវរចំពោះទិដ្ឋភាពនៅលើលំហអវកាស ។ តាមរយៈវណ្ណកម្មអក្សរសិល្ប៍រាប់មិនអស់ ពិសេសតាមរយៈរឿងទេវកថាដូចជារឿង«ព្រះនាងឆាងអឺ» រឿង«លោកគ្រូថាំងចេងទៅចម្លងធម៌» រឿង«ទេវបុត្រណាចា»។ល។ យើងបានមើលឃើញពីការនិម្មិតឡើងនូវទិដ្ឋភាពឋានសួគ៌ ឋានព្រះចន្ទ និងឋានបរមសុខជាដើម ដែលបង្ហាញពីបំណងប្រាថ្នារបស់ប្រជាជនចិនពីមួយជំនាន់ទៅមួយជំនាន់ដែលចង់ដឹងចង់ឮថាតើនៅលើទីអវកាសមានអ្វីខុសប្លែកពីភពផែនដីរបស់យើងទៅ ?

យ៉ាងណាមិញ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ក្តីសុបិនទៅកាន់ទីអវកាសរបស់ប្រជាជនចិន បានក្លាយជាការពិតម្តងហើយម្តងទៀត ។ យានអវកាស Shenzhou បានដឹកមនុស្សទៅកាន់ទីអវកាស , យានអវកាស Chang’e បានទៅរុករកនៅភពព្រះចន្ទ , យានអវកាស Tianwen បានទៅរុករកនៅភពព្រះអង្គារ ចំណែកឯស្ថានីយអវកាសវិញបាននិងកំពុងលេចចេញជារូបរាងជាសន្សឹមៗ ។ល។ ទាំងនេះគឺជារឿងអច្ឆរិយដែលប្រទេសចិនថ្មី (សាធារណរដ្ឋប្រជាមានិតចិន) បានបង្កើតឡើងក្នុងអំឡុងពេលតែជាង ៧០ ឆ្នាំប៉ុណ្ណោះ ដែលញ៉ាំងឱ្យពិភពលោកទាំងមូលអត់ទ្រាំមិនស្ញើចសរសើរពុំបាន ។

«ល្បឿនប្រទេសចិន»គឺជាភស្តុតាងដ៏រឹងមាំមួយដែលបញ្ជាក់ពីការអភិវឌ្ឍដ៏ខ្លាំងក្លានៃសេដ្ឋកិច្ចរបស់ប្រទេសចិន ។ រថភ្លើងល្បឿនលឿនអាចនិយាយបានថាជានាមបណ្ណថ្មីនៃបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវគោករបស់ប្រទេសចិន ដែលមានប្រវែងសរុបវែងជាងគេបង្អស់លើពិភពលោក និងមានល្បឿនស្ថិតនៅជួរមុខលើពិភពលោក ។ «ល្បឿនប្រទេសចិន»ក៏បានស្តែងឡើងយ៉ាងលេចធ្លោផងដែរក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩លើកនេះ ។ ដូចដែលយើងទាំងអស់គ្នាបានឃើញស្រាប់ហើយថា ប្រទេសចិនបានយកឈ្នះលើជំងឺកូវីដ-១៩មុនគេបង្អស់លើពិភពលោក ដោយស្តារសេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់ប្រជាជនឡើងវិញក្នុងរយៈពេលតែជិតពីរខែប៉ុណ្ណោះ ។ ចំណែកឯការចាក់វ៉ាក់សាំងវិញក៏មានល្បឿនគួរឱ្យកត់សម្គាល់ដែរ គិតរហូតមកទល់បច្ចុប្បន្នបានចាក់វ៉ាក់សាំងជូនប្រជាជនសរុបជាង ១.១០០ លានដូសហើយ ។

ចាប់ពីសម្ភារប្រើប្រាស់ប្រចាំថ្ងៃរហូតដល់វ៉ាក់សាំងនិងឱសថសង្គ្រោះជីវិត «ផលិតកម្មចិន»(Made in China) បានក្លាយជា«ម៉ាក»មួយដែលត្រូវបានទទួលស្គាល់ពីពិភពលោក ។ មិនថានៅបូព៌ាប្រទេសឬបស្ចិមប្រទេសនោះទេ យើងតែងអាចមើលឃើញផលិតផលចិនគ្រប់បែបយ៉ាង មានទាំងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ឧបករណ៍អេឡិចត្រូនិកទំនើបនិងឧបករណ៍បច្ចេកវិទ្យាខ្ពស់ជាដើម ដែលបង្ហាញពីដំណើរវិវឌ្ឍន៍រីកចម្រើននៃការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យារបស់ប្រទេសចិន ។

នយោបាយសុខដុមនីយកម្ម ចែករំលែក សហប្រតិបត្តិការ ឈ្នះ-ឈ្នះនិងអភិវឌ្ឍន៍រួមរបស់បក្សកុម្មុយនិស្តចិនបានញ៉ាំងឱ្យមនុស្សកាន់តែច្រើនឡើងៗលើពិភពលោកមើលឃើញពីតម្លៃនិងអត្ថប្រយោជន៍នៃពហុភាគីនិយមនិងតួនាទីរបស់ចិនចំពោះសន្តិភាពនិងស្ថិរភាពនៃពិភពលោក ។ ក្នុងនាមជាយុថ្កាសម្រាប់លំនឹងសេដ្ឋកិច្ចពិភពលោក ជានិច្ចកាលប្រទេសចិនតែងតែបាននាំមកនូវទំនុកចិត្តដ៏មុតមាំសម្រាប់សហគមន៍អន្តរជាតិ ។

កង់ប្រវត្តិសាស្ត្រនៃប្រទេសចិនថ្មីកំពុងរំកិលទៅមុខជាសន្សឹមៗ បក្សកុម្មុយនិស្តចិនដែលបានចាប់បដិសន្ធិឡើងនៅលើកូនទូកក្រហម ហើយបានចម្រើនលូតលាស់ទៅជានាវាយក្សដែលអាចបរកាត់រលកសមុទ្រធំៗនិងជួយបាំងព្យុះភ្លៀងជូនប្រជាជនទូទាំងប្រទេស បាននិងកំពុងបន្តដឹកនាំប្រជាជនរបស់ខ្លួនឆ្ពោះទៅរកត្រើយនៃភាពបវររុងរឿង ក៏ដូចជានាំមកនូវផលប្រយោជន៍កាន់តែច្រើនថែមទៀតជូនពិភពលោកទាំងមូលផងដែរ ៕ (អត្ថបទដោយ ៖ តាំង ស៊ីឡេង ជាបុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន)

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner