ប្រធានគ.ជ.បថ្មី៖ ប្រតិបត្តិច្បាប់ជាធរមាន អនុវត្តន៍ឱ្យបានត្រឹមត្រូវក្នុងការចាត់ចែងការបោះឆ្នោតនីមួយៗ ឱ្យបានត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព

ភ្នំពេញៈ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានថ្មី នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានមានប្រសាសន៍ប្រាប់ AMS ថា ការងារ គ.ជ.ប គឺជាស្ថាប័នមួយដែលត្រូវប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវច្បាប់ជាធរមាន ពិសេសច្បាប់ស្តីពីតួនាទី ភារកិច្ចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងច្បាប់ស្តីពីការបោះឆ្នោតនានាជាធរមាន ដូចជា លិខិតបទដ្ឋាន បទបញ្ជាផ្ទៃ បទបញ្ជា និងនីតិវិធីផ្សេងៗ ដែលបានកំណត់ ឬក៏ត្រូវកំណត់សម្រាប់អនុវត្តន៍ឱ្យបានត្រឹមត្រូវក្នុងការចាត់ចែងការបោះឆ្នោតនីមួយៗ ឱ្យបានត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព។

ឯកឧត្តម ប្រាជ្ញ ចន្ទ

ការបញ្ជាក់របស់ប្រធាន គ.ជ.ប បានធ្វើឡើងនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ នេះ គឺមួយថ្ងៃមុនគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងរៀបចំពិធីប្រកាសចូលកាន់តំណែងប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រះរាជតំណាងព្រះមហាក្សត្រ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ស្អែកនេះ នៅទីស្តីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

ជាមួយគ្នានេះ ប្រធានថ្មី នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏បានធ្វើការឆ្លើយតបទៅនិងការរិះគន់ចោទប្រកាន់គ្មានមូលដ្ឋានច្បាស់លាស់ពីសំណាក់ក្រុមប្រឆាំង និងមន្ត្រីសង្គមស៊ីវិលមួយចំនួនតូចពាក់ព័ន្ធការជ្រើសរើសប្រធាន គ.ជ.ប ថា គ្មានតម្លាភាព និងមិនទូលំទូលាយ និងអំពីសមត្ថភាពការដឹកនាំរបស់ប្រធានថ្មី គ.ជ.ប មិនមានបទពិសោធន៍ក្នុងវិស័យបោះឆ្នោត គឺជាការមិនត្រឹមត្រូវ។

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានថ្មី បានមានប្រសាន៍ថា ការជ្រើសរើសប្រធាន គ.ជ.ប នេះ គឺមានគណៈកម្មាការមួយ ដោយគេកំណត់លក្ខណៈវិនិច្ឆ័យបេក្ខជនទាំងឡាយ ដែលចង់ដាក់ពាក្យត្រូវតែបំពេញលក្ខខណ្ឌដើម្បីគេពិនិត្យ នៅពេលគេពិនិត្យគ្រប់លក្ខណៈសម្បត្តិហើយ បានគេជ្រើសរើសទទួលយកពាក្យនោះ ហើយគេបានធ្វើតាមនីតិវិធីបញ្ជូនទៅគណបក្សនយោបាយដែលពាក់ព័ន្ធ ហើយមកសម្រេចដោយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាដាក់ជូនសភាអនុម័ត ទើបបោះឆ្នោតចុងក្រោយ និងបន្តនីតិវិធីតទៅទៀត។ គេធ្វើទៅតាមបែបបទ។

ឯកឧត្តម ប្រាជ្ញ ចន្ទ បានមានប្រសាសន៍បញ្ជាក់ថា “ការរិះគន់ជារឿងរបស់គេ ប៉ុន្តែជារឿងសំខាន់យើងធ្វើឱ្យបានត្រឹមត្រូវតាមបែបបទនីតិវិធី។ អ្នកខ្លះវាយតម្លៃនៅពេលដែលមិនទាន់បំពេញការងារ យើងខ្ញុំមិនយល់ដែរ មិនដឹងថាគេផ្អែកទៅលើមូលដ្ឋានអីដើម្បីវាយតម្លៃ បានន័យថាការវាយតម្លៃនេះតាមឆន្ទៈដែលចង់ថាតែម្តង ដោយមិនបានផ្អែកទៅលើលទ្ធផលនៃការងារដែលបំពេញ។ ធម្មតាយើងវាយតម្លៃដែលឃើញគេបំពេញការងារហើយ បានគេវាយតម្លៃសន្និដ្ឋានបាន”។

ឯកឧត្តម ស៊ិក ប៊ុនហុក

សូមជម្រាបថា អង្គសភាបានធ្វើការបោះឆ្នោតទុកចិត្តឯកឧត្តម ប្រាជ្ញ ចន្ទ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដោយទទួលបានសំឡេងយល់ព្រមចំនួន ៨២សំឡេង នៅក្នុងសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។ ឯកឧត្តម ប្រាជ្ញ ចន្ទ ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជំនួសឯកឧត្តម ស៊ិក ប៊ុនហុក ដែលបានលាលែងពីតួនាទី និងតំណែងប្រធាន គ.ជ.ប។ ជាមួយគ្នានេះ ព្រះមហាក្សត្រក៏បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងឯកឧត្តម ស៊ិក ប៊ុនហុក ពីប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានតែងតាំងដោយព្រះរាជក្រឹត្យកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥។

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅបានអនុម័តយល់ព្រមលើសំណើលាឈប់ពីតួនាទី និងតំណែងប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់ឯកឧត្តម ស៊ិក ប៊ុនហុក និងបានអនុម័តយល់ព្រមនូវសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកំណត់បែបបទ និងនីតិវិធីនៃការជ្រើសរើសបេក្ខជនប្រធានគ.ជ.ប. និងប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តីជូនដំណឹងជ្រើសរើសបេក្ខជនជាប្រធានគ.ជ.ប ជំនួសឯកឧត្តម ស៊ិក ប៊ុនហុក។ ការអនុម័តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានធ្វើឡើងបន្ទាប់ពីឯកឧត្តម ស៊ិក ប៊ុនហុក បានដាក់ពាក្យសុំលាលែងទៅរដ្ឋសភាកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។ ការលែងពីតំណែង គ.ជ.ប របស់ឯកឧត្តម ស៊ិក ប៊ុនហុក គឺដោយសារបញ្ហាសុខភាព និងមានវ័យចំណាស់។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បានអនុម័តយល់ព្រមនូវបេក្ខជនប្រធានគ.ជ.ប. ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួនពីររូបគឺឯកឧត្តម ប្រាជ្ញ ចន្ទ និងឯកឧត្តម ការ លាន ហើយបានបញ្ជូនទៅគណបក្សប្រជាជនកម្ពុជាឱ្យជ្រើសរើសបេក្ខជនចំនួនមួយរូបផ្ញើមកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានទទួលលិខិតឆ្លើយតបរបស់គណបក្សប្រជាជនកម្ពុជាកាលពីព្រឹកថ្ងៃ១៦ ខែមិថុនា ឆ្នាំ២០២១ គឺបានសម្រេចជ្រើសរើសឯកឧត្តម ប្រាជ្ញ ចន្ទ ជាបេក្ខជនប្រធានគ.ជ.ប.។

ឯកឧត្តម ប្រាជ្ញ ចន្ទ គឺជាបេក្ខជនមួយរូបក្នុងចំណោមពីរូប (ឯកឧត្តម ប្រាជ្ញ ចន្ទ និងឯកឧត្តម ការ លាន) ដែលបានដាក់ពាក្យស្នើសុំធ្វើប្រធានគ.ជ.ប ទៅកាន់រដ្ឋសភា ហើយដែលត្រូវបានជ្រើសរើសដោយគណបក្សប្រជាជនកម្ពុជាទៅតាមច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគ.ជ.ប។ ឯកឧត្តម ប្រាជ្ញ ចន្ទ ធ្លាប់ជាមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃចន្លោះពីឆ្នាំ១៩៩១ដល់ ២០០១ ជាអភិបាលខេត្តបាត់ដំបង,ពីឆ្នាំ២០០១ ដល់២០១៣ ជាអភិបាលខេត្តត្បូងឃ្មុំ,ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ និងជាតំណាងរាស្រ្ត និងជាប្រធានគណៈកម្មការទី១ នៃរដ្ឋសភា គឺគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ពីឆ្នាំ២០១៧ រហូតដល់ក្លាយជាប្រធានគ.ជ.ប.នាពេលនេះ៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner