លោកស្រី ប្រាក់ សោភា និងស្វាម៉ីព្រមទាំងក្រុមគ្រួសារ ឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ និងថវិកា ដល់ រដ្ឋបាលស្រុកក្រគរ សម្រាប់ប្រើប្រាស់លើការងារមនុស្សធម៌
លោកស្រី ប្រាក់ សោភា និង លោក សែម សឿន ជាស្វាម៉ី ព្រមទាំងកូនៗ បាននាំយកអំណោយ គ្រឿងឧបភោគបរិភោគ និង ថវិកា១ចំនួន ទៅ ឧបត្ថម្ភ ដល់រដ្ឋបាលស្រុកក្រគរ ខេត្តពោធិ៍សាត់ដែល១ផ្នែក ចែកជូន ដល់កម្មករ កម្មការិនីដាំដំឡូងមីចំនួន៣០នាក់ដែលមានជីវភាពខ្វះខាត និង១ផ្នែកទៀត សម្រាប់ ចូលរួមផ្គត់ផ្គង់ដល់អ្នកធ្វើចត្តាឡីស័កនៅក្នុងស្រុកក្រគរ។
ការប្រគល់និងទទទួលអំណោយនេះធ្វើឡើង កាលពីព្រឹកថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២១ នៅសាលាស្រុកក្រគរ ដោយចែក ជូនដល់កម្មករ កម្មការិនី ដាំដំឡូងមីនៅឃុំក្បាលត្រាចនិងឃុំអន្សារចំបក់ស្រុកក្រគរ ចំនួន៣០នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ ៣០គក្រ, មី០១កេស, ត្រីខ០១កេស, ទឹកត្រី០១យួរ, ទឹកស៊ីអ៊ីវ០១យួរ និងថវិកា ៤០.០០០រៀល។
លោក លីវ សេងហ៊ីម អភិបាលនៃគណៈអភិបាលស្រុកក្រគរបានជម្រាបជូនថា សម្ភារៈ និងថវិកាដែលយកមកចែកជូនបងប្អូននាពេលនេះ ជាអំណោយ ឧបត្ថម្ភ ពីលោកស្រី ប្រាក់ សោភា និង ស្វាម៉ី ឈ្មោះ សែម សឿន ព្រមទាំងកូនៗ រស់នៅភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល ដែលលោកមានសណ្ដានចិត្តជ្រះថ្លា ក្នុងការចែករំលែកទ្រព្យធនផ្ទាល់ខ្លួន ជូនដល់អ្នកខ្វះខាត ចាស់ជរាគ្មានទីពឹង និងបានរួមចំណែក ក្នុងសកម្មភាពមនុស្សធម៌ ជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ទង្វើរបស់ លោកស្រី ប្រាក់ សោភា និង ក្រុមគ្រួសារ ពិតជាបានសម្រាល ការលំបាករបស់អាជ្ញាធរមូលដ្ឋាន ស្របពេលដែលសង្គមជាតិ កំពុងជួបប្រទះការលំបាកក្នុងការទប់ស្កាត់នូវជម្ងឺកូវីដ១៩ ។
ជាមួយគ្នានេះលោក លីវ សេងហ៊ីម ក៍បានលើកឡើងនូវការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្ត ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ដែលជាជំងឺឆ្លងដ៍កាចសាហាវ កំពុងរាត្បាតក្នុងខេត្ត ក្នុងប្រទេស និងលើពិភពលោកសព្វថ្ងៃនេះ។ លោក អភិបាលស្រុក សូមឲ្យបងប្អូនកម្មករ កម្មការិនីដាំដំឡូងមី នៅឃុំក្បាលត្រាចនិងឃុំអន្សារចំបក់ស្រុកក្រគរទាំងអស់ ត្រូវចេះការពារជំងឺកូវីដ១៩ដោយខ្លួនឯង ដោយអនុវត្តវិធានការណ៍០៣កុំ និង ០៣ការពារ របស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន។
ក្រៅពីផ្ដល់អំណោយ ជូនដល់ កម្មករ កម្មការិនីដាំដំឡូងមី លោកស្រី ប្រាក់ សោភា និងក្រុមគ្រួសារ បានឧបត្ថម្ភបន្ថែមនូវអង្ករចំនួន ១.៥០០គក្រ,មី៥០កេស, ត្រីខ៥០កេស,ទឹកត្រី៥០យួរ,ទឹកស៊ីអ៊ីវ៥០យួរ, ថវិការ០២លានរៀល ដល់រដ្ឋបាលស្រុកក្រគរសម្រាប់ចូលរួមផ្គត់ផ្គង់ដល់អ្នកធ្វើចត្តាឡីស័ក និង ថវិកា០១លានរៀលទៀតចូលរួមកសាងស្ពានក្នុងឃុំអន្សារចំបក់ តាមការស្នើសុំរបស់លោកមេឃុំផងដែរ៕







