សហគមន៍លើខ្នងភ្នំគូលែន បង្កើនជីវភាពតាមរយៈការចិញ្ចឹមជ្រូក
បច្ចុប្បន្នដោយសារមានតម្រូវការទីផ្សារខ្ពស់ សហគមន៍ប្រជាពលរដ្ឋនៅលើភ្នំគូលែន បានបង្កើនការចិញ្ចឹមជ្រូកគួរឱ្យកត់សម្គាល់។ យោងតាមហ្វេប៊ុកផ្លូវការរបស់ក្រសួងបរិស្ថាន បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១បានឲ្យដឹងថា សហគមន៍បានផ្លាស់ប្តូរពីការចិញ្ចឹមជ្រូកសាច់រហូតដល់ទម្ងន់ ៨០-៩០ គីឡូក្រាម មកការចញ្ចឹមជ្រូកត្រឹមទំងន់ពី៨-១០ គីឡូក្រាម ដែលអាចលក់បានចំណូលច្រើនជាង។ កូនជ្រូកខ្វៃនៃអ្នកស្រុកភ្នំគូលែនក្នុងទម្ងន់ ៨-១០ គីឡូក្រាម អាចលក់បានតម្លៃរហូតដល់ ៤៥០ ០០០រៀល(ប្រមាណ១១២ដុល្លារ) ក្នុងមួយក្បាល។
តើហេតុអ្វីបានជាជ្រូកខ្វៃនៅភ្នំគូលែនពិសេស?
ភាពពិសេសរបស់ជ្រូកខ្វៃនៅភ្នំគូលែន គឺទី១. កូនជ្រូកតូចមិនសូវមានខ្លាញ់ ទី២. ពូជកាត់ជ្រូកក្នុងស្រុកនិងជ្រូកព្រៃ ទី៣. ចិញ្ចឹមជាលក្ខណៈគ្រួសារលែងនៅព្រៃក្រោយផ្ទះ និងចំការស្វាយចន្ទីរ និងទី៤. ចំណីរកស៊ីក្នុងព្រៃធម្មជាតិ។ សមាជិកសហគមន៍ព្រៃភ្នំពពេល និងសហគមន៍ខ្នងភ្នំ ក្នុងឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប និយមចិញ្ចឹមជ្រូកតាមរបៀបខាងលើនេះ ដើម្បីផលិតកូនជ្រូកបំពេញតម្រូវការទីផ្សារជ្រូកខ្វៃ។
សូមបញ្ជាក់ថា កន្លងមក ក្រសួងបរិស្ថានបានចែកពូជជ្រូកឦសាន ដែលនាំយកមកពីខេត្តមណ្ឌលគីរី ដើម្បីចូលរួមលើកទឹកចិត្តដល់សហគមន៍តំបន់ការពារធម្មជាតិទាំង ៥ នៅលើខ្នងភ្នំគូលែន នៃឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន»។ សហគមន៍បានធ្វើឱ្យការចិញ្ចឹមជ្រូកនេះ កាន់តែទទួលបានផលខ្ពស់ រួមផ្សំជាមួយកិច្ចសហការល្អជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តសៀមរាប បានធ្វើឱ្យការថែទាំសុខភាពសត្វ ទទួលបានជោគជ័យ៕



