ក្រសួងបរិស្ថាន និងក្រុមហ៊ុន អិលវីអិមស៊ី ហូលឌីង ចុះអនុស្សរណ:យោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការ កិច្ចគាំពារបរិស្ថាន និងការផ្គត់ផ្គង់រថយន្តដឹកសំរាម
ភ្នំពេញ៖ ក្រុមហ៊ុន អិលវីអិមស៊ី ហូលឌីង បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយនឹងក្រសួងបរិស្ថាន ស្តីពីកិច្ចសហប្រតិបត្តិការកិច្ចគាំពារបរិស្ថាន និងការផ្គត់ផ្គង់រថយន្តដឹកសំរាម។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ បានធ្វើឡើងនារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ នៅក្រសួងបរិស្ថានតំណាងដោយលោក ជា ស៊ីណា អគ្គនាយក នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងក្រុមហ៊ុន អិលវីអិមស៊ី
ហូលឌីង តំណាងដោយលោកស្រី ម៉ៅ គន្ធា ដែលជាអគ្គនាយកប្រតិបត្ត ក្រុមហ៊ុនអិលវីអិមស៊ី ហូលឌីង។
លោក ជា ស៊ីណា បានឱ្យដឹងថា ការអនុស្សរណៈនៃការយោគយល់គ្នានេះ ដើម្បីបង្កើតសហប្រតិបត្តិការរវាងភាគីទាំងពីរលើការពង្រឹងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ក្នុងការបញ្ជាទិញ និងផ្គត់ផ្គង់រថយន្ដដឹកសំរាម រវាងភាគីទាំងពីរ ដើម្បីធ្វើការរួមគ្នាក្នុងការលើកកម្ពស់អនាម័យ សោភ័ណភាព បរិស្ថានចូលរួមលើកកម្ពស់ផលិតផល ដែលផលិតក្នុងស្រុក ជំរុញលើកទឹកចិត្តដល់ប្រជាជនកម្ពុជាអោយមានការស្នេហាជាតិ។
លោកស្រី ម៉ៅ គន្ធា ដែលជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុនអិលវីអិមស៊ី ហូលឌីងបានឱ្យដឹងថាក្រុមហ៊ុន អិលវីអិមស៊ី
ហូលឌីងជាតំណាងចែកចាយផ្តាច់មុខរថយន្ត SsangYong ដែលជារថយន្តសេរីទំនើបមានដូចជា រថយន្តSUV, Compact SUV,រថយន្ត PickUp ដែលពេញនិយមនៅកម្ពុជា និងចែកចាយផ្គត់ផ្គង់រថយន្តដឹកសំរាមដែលតម្លើងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាផ្ទេរបច្ចេកវិទ្យា ព្រមទាំងជំនាញក្នុងការតម្លើងរថយន្ដ និងទទួលខុសត្រូវក្នុងការផ្គត់ផ្គង់គ្រឿងបន្លាស់ ការធានា និងសេវាកម្មជួសជុល៕











