ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា អញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធ សមិទ្ធផលនានា ក្នុវត្តព្រះពន្លៃ ហៅវត្តពន្លៃ ឃុំអញ្ចាញ ស្រុក និងខេត្តត្បូងឃ្មុំ
នៅព្រឹក ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីភាព នៅក្នុងពិធីសម្ពោធឆ្លង សមិទ្ធិផលនានា នៅក្នុងទីអារាមវត្តព្រះពន្លៃ ហៅវត្តពន្លៃ ស្ថិតក្នុងឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មូំ ។ក្នុងពិធីសម្ពោធនេះ មានការអញ្ជើញចូលរួម ពីអាជ្ញាធរដែនដី ព្រះសង្ឃ អាចារ្យ គណះកម្មការ មន្រ្តីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយជាច្រើនកុះករ។

នៅក្នុងរបាយការណ៍ លោក សេង សុខខឿន អភិបាលស្រុកត្បូងឃ្មុំ បានអោយដឹងថា វត្តព្រះពន្លៃ ហៅវត្តពន្លៃ ជាវត្តមួយក្នុងចំណោមវត្តទាំង៦៤ ក្នុងស្រុកត្បូងឃ្មុំ បានចាប់ផ្តើម កសាងឡើងដោយព្រះតេជគុណ ព្រះនាម ពេជ្រ ប៉ិល នៅក្នុងឆ្នាំ១៩០០ រហូតមកដល់បច្ចុប្បន្ននេះ មានអាយុកាល ១២០ ឆ្នាំមកហើយ ។ លោកបានលើកឡើងបន្តថា សមិទ្ធផលនានា ត្រូវបានកសាងឡើង និងសម្ពោធដាក់ឱ្យប្រើប្រាស់ នេះបាចំណាយលើការសាងសង់អសថវិការសរុបចំនួន ១៤៦.០៨៥ (មួយសែនបួនម៉ឺន ប្រាំមួយពាន់ ប៉ែតសិបប្រាំដុល្លារសហរដ្ឋអាមេរិក) បច្ចុប្បន្នវត្តនេះ នៅជំពាក់ថ្លៃជាង និងសម្ភារៈ ចំនួន ១៥.៧៧៧ (មួយម៉ឺនប្រាំពាន់ ប្រាំពីរយចិត្តសិបប្រាំពីរដុល្លារសហរដ្ឋអាមេរិក)។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានចូលរួមអបអរសាទរចំពោះសមិទ្ធិផលនានាជាច្រើន ដ៏វិសេសវិសាលនេះ ដែលបានកកើតឡើងក្នុងវត្តព្រះពន្លៃ ហៅវត្តពន្លៃ ក្រោមការចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួនដោយសទ្ធាជ្រះថ្លាពីសប្បុរសជន និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីសំរេចបាននូវការកសាងសមិទ្ធិផលសំរាប់តំកល់ទុកជាសម្បត្តិគរុភ័ណ្ឌ ដើម្បីប្រើប្រាស់ជាប្រយោជន៍ រួមរបស់ព្រះសង្ឃនិងពុទ្ធបរិស័ទក្នុងការគោរពប្រតិបត្តិតាមជំនឿបែបព្រះពុទ្ធសាសនា។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ក៏បានថ្លែងនូវការកោតសរសើរនូរប្រជាពលរដ្ឋ នៅក្នុងឃុំនេះបានចូលរួមបោះឆ្នោត គាទ្រ និងជឿជាក់លើកគណបក្សប្រជាជនកម្ពុជា មានលំដាប់ខ្ពស់រហូតដល់ទៅជិតជិ ១០០ភាគរយទៅហើយ ដែលចំណុចនេះគឺជាការកត់សម្គាល់ ការចង់បាននូវការដឹកនាំ ប្រកបដោយភាពរីកចម្រើន តាមរយះការបោះឆ្នោតនេះ។ ការសម្រេចចិត្តដ៏ត្រឹមត្រូវ របស់ប្រជាពលរដ្ឋឃុំអញ្ជើម នេះគឺជាការតម្កល់ទុកនូវផលប្រយោជន៍ជាតិជាធំ ព្រោះតាមរយះការបោះឆ្នោតនេះ គឺជាការចង់បាននូវសន្តិភាព ស្ថេរភាពនយោបាយយូរអង្វែង។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សុ ផារ៉ា មានប្រសាសន៍បន្តថា តាមរយះការគាំទ្រពីបងប្អូនប្រជាប្រជាពលរដ្ឋ ក្រុមការងារថ្នាក់មូលដ្ឋាន ងាយនិងស្រួល ហើយឆ្លើយតបទៅវិញជូនដល់ប្រជាពលរដ្ឋមានតែការខិតខំប្រឹងប្រែង នូវអ្វីដែលជាតម្រូវការរបស់ប្រជាពលរដ្ឋ ហើយ ឃុំនេះផងដែរ ក៏មិនដែលមានបញ្ហាអសកម្មរបស់អាជ្ញាធរ ទៅលើសន្តិសុខ សណ្តាប់ធ្នាប់ ណាមួយឡើយ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ រំលឹកផងដែរថា « ៤១ឆ្នាំកន្លងមកនេះ យើងបានធ្វើអោយរួចផុតពីការលំបាក ហើយនាំមកនូវសុខសន្តិភាព និងសុភមង្គលជូនដល់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទឹសទីទូទាំងប្រទេស » នេះគឺចាត់ទុកជាស្នាដៃរួមរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ទាំងបងប្អូននៅក្នុងខេត្តត្បូងឃ្មុំ ក៏ដូចជានៅទូទាំងប្រទេស ដែលនេះគឺជាសុគុណធំណាស់ ចាត់ទុកថាជាស្នាដៃធំធេង ពិសេសគឺការកសាងសម្រាប់ទីអារាម និងចង់បានសម្មិទ្ធផលផង និងក៏បានចូលរួមការពារនូវសុខសន្តិភាព ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានសម្តេងនូវការកោតសរសើរ និងឧទ្ទឹសកុសល់ បុព្វការីជន ទាំងអស់ដែលបានចែកឋានទៅ និងឧទ្ទឹសមគ្គផលទៅដល់បងប្អូនប្រជាពលរដ្ឋ សប្បុរសជន ដែលបានចូលរួមចំណែកដែលបានចូលរួមការកសាងវត្តព្រះពន្លៃនេះ ជាប្រយោជន៍នៅក្នុងវិស័យព្រះពុទ្ធសាសនា ។

ក្នុងឱកាសនោះ ឯ.ឧ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បាននាំយក ថវិការបស់សម្តេចតេជោហ៊ុនសែន ទៅប្រគេនដល់ព្រះចៅអធិការវត្តព្រះពន្លៃ ហៅវត្តពន្លៃ នេះចំនួន១៥.០០០$(មួយម៉ឺន ប្រាំពាន់ដុល្លារ) ទុកសំរាប់បង្រ្គប់ថ្លៃជាងសាងសង់ និងនៅសល់ ៧៧៧ ដុល្លារទៀតទុកជូនលោកយាយលោកតា ពុទ្ធបរិស័ទចូលរួមចាប់មគ្គផលរួមគ្នា។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ មានសារ៉ុង ប៊ិច សៀវ ជូនគ្រូពេទ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងឧបតម្ភ ថវិការទៅ ដល់សាលាឃុំ សាលាស្រុកផងដែរ ៕ធ.ដ