ក្រុមគ្រួសារងាយរងគ្រោះចំនួន៣ម៉ឺន៩ពាន់៦៥០គ្រួសារ ក្នុងខេត្តចំនួនប្រាំក្នុងប្រទេសកម្ពុជាបានទទួលស្បៀងអាហារ។
កម្មវិធីស្បៀងអាហារពិភពលោកបាន សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីចែក ស្បៀងជូនដល់ក្រុមគ្រួសារងាយរងគ្រោះចំនួន៣ម៉ឺន៩ពាន់៦៥០គ្រួសារ ដែលក្នុងនោះមានប្រជាពលរដ្ឋសរុបដែលទទួលបានជំនួយនេះប្រហែល២០ម៉ឺននាក់ នៅក្នុងខេត្តចំនួនប្រាំ។
ជំនួយនេះសម្រាប់ផ្តល់ជូនដល់ក្រុមគ្រួសារដែលអាជ្ញាធរកំណត់ថាជាគ្រួសារងាយរងគ្រោះ មានប័ណ្ណអត្តសញ្ញាណកម្មគ្រួសារក្រីក្រ (IDPoor) និងមានកូនចុះឈ្មោះចូលរៀននៅតាមសាលាដែលមានការគាំទ្រពីកម្មវិធីផ្ដល់ស្បៀងអាហារតាមសាលារៀន របស់កម្មវិធីស្បៀងអាហារពិភពលោក និងក្រសួងអប់រំ យុវជន និងកីឡា។ជាធម្មតា កម្មវិធីផ្ដល់ស្បៀងអាហារតាមសាលារៀន របស់កម្មវិធីស្បៀងអាហារពិភពលោក និងក្រសួងអប់រំយុវជននិងកីឡា ផ្តល់នូវអាហារសុខភាពនិងមានជីវជាតិដល់កុមារចំនួន២២ម៉ឺន៣ពាន់នាក់ នៅតាមសាលាគោលដៅចំនួន៩០៨ នៅក្នុងខេត្តចំនួនប្រាំគឺ សៀមរាប, ឧត្តរមានជ័យ, កំពង់ធំ, កំពង់ឆ្នាំង, និងពោធិ៍សាត់។ អាហារូបត្ថម្ភល្អមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍផ្លូវចិត្តនិងរាងកាយរបស់កុមារ។ ការសិក្សាបានបង្ហាញថា ការផ្ដល់អាហារតាមសាលារៀនជួយឱ្យសិស្សផ្តោតអារម្មណ៍និងរៀនសូត្រឆាប់ចេះចាំ រួមចំណែកឱ្យមានលទ្ធផលនៃការអប់រំប្រសើរឡើង ព្រមទាំងជួយសម្រាលបន្ទុកសេដ្ឋកិច្ចរបស់ក្រុមគ្រួសារសិស្សផងដែរ។ ចាប់តាំងពីមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការផ្អាកដំណើរការសាលារៀន សិស្សមិនបានទទួលទានអាហារពេលព្រឹកដែលមានជីវជាតិទៀតទេ។ បញ្ហានេះបានជះឥទ្ធិពលជាពិសេសដល់កុមារមកពីគ្រួសារក្រីក្របំផុតដែលភាគច្រើនរងការលំបាកដោយសារការបាត់បង់ចំណូលនិងការងារ។
តំណាងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំនៅកម្ពុជា លោកស្រី ក្លែរ កូណាន់ មានប្រសាសន៍ថា “ក្នុងអំឡុងពេលមានតម្រូវការខ្ពស់ ជំនួយស្បៀងរបស់កម្មវិធីស្បៀងអាហារពិភពលោក និងក្រសួងអប់រំ យុវជន និងកីឡា គឺជាការរួមចំណែកបំពេញបន្ថែមដល់ជំនួយគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានពង្រីកវិសាលភាពរបស់ខ្លួននៅក្នុងប៉ុន្មានខែថ្មីៗនេះ។ ជំនួយនេះនឹងរួមចំណែកក្នុងការបំពេញតម្រូវការរបស់ក្រុមគ្រួសារងាយរងគ្រោះជាពិសេស និងធានាថាកុមារនឹងមានអាហារទទួលទានក្នុងពេលមានវិបត្តិ។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូទាំងអស់ដែលបានផ្ដល់ការគាំទ្រ ជាពិសេស ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមប្រឹក្សាជាតិគាំពារសង្គម។
នេះគឺជាការចែកស្បៀងជុំទី៤ ក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់របស់ជំងឺកូវីដ-១៩ ទៅលើសេដ្ឋកិច្ចគ្រួសារងាយរងគ្រោះ។ ការចែកស្បៀងត្រូវបានធ្វើឡើងតាមរយៈបណ្តាញសាលារៀន ដោយមានការគាំទ្រពីមន្ទីរអប់រំ យុវជន និងកីឡា រដ្ឋបាលសាលារៀន អាជ្ញាធរភូមិឃុំ និងដៃគូអង្គការមិនមែនរដ្ឋាភិបាល។ របបស្បៀងមាន អង្ករ២៥គីឡូក្រាម ត្រីខកំប៉ុង និងប្រេងឆា។ ក្រៅពីនេះ កម្មវិធីស្បៀងអាហារពិភពលោកកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា និងដៃគូដទៃទៀត ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលារៀននិងអគារសិក្សា ដែលជាវិធានការត្រៀមសម្រាប់ការចូលរៀនវិញប្រកបដោយសុវត្ថិភាព។កម្មវិធីផ្តល់ស្បៀងអាហារតាមសាលារៀននៅកម្ពុជា និងជំនួយស្បៀងពិសេសនេះ អាចប្រព្រឹត្តទៅបានដោយមានជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលជប៉ុន ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងក្រសួងកសិកម្មនៃសហរដ្ឋអាមេរិក (USDA)៕

