ឯកអគ្គរាជទូតស៊ុយអែតកោតសរសើររាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩

ភ្នំពេញ : ឯកឧត្តម ប្យ៊ន ហេម៉ាក ឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជាបានសម្ដែងការកោតសរសើរវិធានការរាជរដ្ឋាភិបាលកម្ពុជាក្នុងការខិតខំប្រឹងប្រែងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសការខិតខំអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋនិងការបង្ការទប់ស្កាត់ការឆ្លងជំងឺនេះនៅក្នុងពន្ធនាគារ។ 

ការកោតសរសើរនេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ប្យ៊ន ហេម៉ាក បានជម្រាបជូនសម្ដេចអំពីការងារពាក់ព័ន្ធនឹងការបញ្ចប់តួនាទីការទូតរបស់លោកនៅកម្ពុជាទន្ទឹមគ្នានឹងការធ្វើកំណែទម្រង់រចនាសម្ព័ន្ធ និងប្រព័ន្ធហិរញ្ញវត្ថុ ដែលតម្រូវឱ្យស្ថានទូតស៊ុយអែតប្រចាំនៅកម្ពុជាបិទជាផ្លូវការនៅខែធ្នូខាងមុខនេះ។ 

ឯកឧត្តមបន្តថា ទោះបីជាមានការបិទស្ថានទូត ប៉ុន្តែប្រទេសស៊ុយអែតនៅតែបន្តមានកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា លើវិស័យពាណិជ្ជកម្ម ទេសចរណ៍ ការងារឧត្តមសិក្សា ស្រាវជ្រាវ និងវប្បធម៌ ហើយថាការងារបន្តនឹងទទួលអនុវត្តដោយស្ថានទូតស៊ុយអែត នៅទីក្រុងបាងកក ប្រទេសថៃ។ 

ឯកឧត្តមបានលើកឡើងអំពីសំណូមពរ២ដល់កម្ពុជា ទី១ គឺស្នើបង្កើតកុងស៊ុលកិត្តិយស ដោយឯកឧត្តមបានបន្តថា បច្ចុប្បន្ន ស្ថានទូតស៊ុយអែតប្រចាំទីក្រុងបាងកកកំពុងរង់ចាំការយល់ព្រមពីភាគីកម្ពុជា ដើម្បីបង្កើតជាស្ថានកុងស៊ុលកិត្តិយស ដើម្បីសម្រួលដល់ប្រជាពលរដ្ឋស៊ុយអែត ដែលកំពុងមានវត្តមាននៅកម្ពុជា។ 

សំណើរទី២ វិញ ឯកឧត្តម បានជម្រាបជូនថា ប្រជាពលរដ្ឋស៊ុយអែត នៅកម្ពុជាមានការលំបាកក្នុងការបន្តទិដ្ឋាការរបស់ខ្លួនដោយសារលិខិតឆ្លងដែនជិតផុតកំណត់ ហើយស្ថានទូតនៅកម្ពុជាមិនអាចទទួលសំណើធ្វើលិខិតឆ្លងដែនបាន ដោយតម្រូវឱ្យពួកគេត្រូវធ្វើដំណើរទៅទីក្រុងបាងកក ដើម្បីដាក់សំណើស្នើសុំលិខិតឆ្លងដែនថ្មី ប៉ុន្តែត្រូវជួបឧបសគ្គដោយសារជំងឺកូវីដ-១៩។ 

ឯកឧត្តមបានជម្រាបជូនសម្ដេចថា ជាដំណោះស្រាយ ស្ថានទូតស៊ុយអែត នៅកម្ពុជាបានអនុវត្តវិធានការបណ្ដោះអាសន្នដោយដាក់ចេញទម្រង់លិខិតឆ្លងដែនថ្មីជូនពួកគាត់។ ស្នើសុំភាគីកម្ពុជា ពិនិត្យលទ្ធភាពអនុញ្ញាតបន្តទិដ្ឋាការស្នាក់នៅដល់ពលរដ្ឋស៊ុយអែតដោយទទួលនូវទម្រង់លិខិតឆ្លងដែនថ្មីដែលបានចេញជាបណ្ដោះអាសន្ននេះ។ 

ឆ្លើយតបនឹងសំណើរទី១ របស់ឯកអគ្គរាជទូត សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កំពុងពិនិត្យ និងធ្វើការលើរឿងនេះ ហើយពាក់ព័ន្ធនឹងសំណើទី២ សម្ដេចបានបន្តថានឹងប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ព្រមទាំងធ្វើការងារនេះជាមួយសហការីដើម្បីឆ្លើយតបទៅស្ថានទូត។

នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការមួយចំនួនដែលភាគីកម្ពុជា និងស៊ុយអែត ត្រូវបន្តជាមួយគ្នាទៀត គឺការងារកំណែទម្រង់ថ្នាក់ក្រោមជាតិ និងការអនុវត្តច្បាប់ផ្នែកនគរបាល ដូចជាការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនជាដើម។ 

សម្ដេចបានមានប្រសាសន៍ថា កន្លងមកស៊ុយអែត បានចូលរួមក្នុងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិនៅកម្ពុជា ហើយថាស៊ុតអែត ជាប្រទេសមានបទពិសោធន៍ច្រើនលើការងារកំណែទម្រង់នេះ ពិសេសសម្ដេចផ្ទាល់ក៏បានអញ្ជើញទស្សនកិច្ចផ្ទាល់នៅប្រទេស៊ុយអែត ដើម្បីស្វែងយល់លើការងារកំណែទម្រង់នេះផងដែរ។

សម្ដេចបានបន្តថា សម្រាប់កម្ពុជា ទោះគោលដៅកំណែទម្រង់មិនទាន់សម្រេចបានទាំងស្រុង ប៉ុន្តែបានបោះជំហានទៅមុខជាប្រចាំនិងទទួលបានលទ្ធផលតាមការរំពឹងទុក ជាក់ស្ដែងកម្ពុជាកំពុងរៀបចំដាក់ចេញផែនការ១០ឆ្នាំ ដំណាក់កាលទី២ជុំវិញការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ។

ចំពោះការងារអនុវត្តច្បាប់ផ្នែកនគរបាល ដូចជាការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន រួមមានការប្រឆាំងបទល្មើសបច្ចេកវិទ្យា បញ្ហាគ្រឿងញៀន និងការប្រឆាំងភេវរកម្ម សម្ដេក្រឡាហោម បានស្នើសុំភាគីស៊ុយអែត ពិនិត្យលទ្ធភាពបន្តពង្រឹការងារនេះជាមួយភាគីកម្ពុជាបន្ថែមទៀត។

ជាការឆ្លើយតបឯកអគ្គរាជទូតស៊ុយអែត បានថ្លែងអំណរគុណចំពោះសម្ដេចក្រឡាហោម ដែលបានលើកឡើងអំពីការងារកំណែទម្រង់ និងបានបន្តថាស៊ុយអែត ពិតជាមានមោទកភាព ដែលបានគាំទ្រកម្ពុជាបង្កើតជាមូលដ្ឋានក្នុងការធ្វើកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ។ 

ចំពោះសំណើរសម្ដេច ពាក់ព័ន្ធនឹងការពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការផ្នែកនគរបាល និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនឯកឧត្តម បានជម្រាបសម្ដេចថានឹងនាំសំណើនេះជូនរដ្ឋាភិបាលស៊ុយអែត និងបានអះអាងថាការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនពិតជាមានសារៈសំខាន់ ពិសេសបទល្មើសឧក្រិដ្ឋកម្មបច្ចេកវិទ្យា៕ 

ដោយ: ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner