សម្តេចតេជោនាយករដ្ឋមន្ត្រី ​សម្រេច​ឱ្យក្រុមហ៊ុន​ឯកជនអាច​ទិញ​ឧបករណ៍​តេស្ត​រហ័សរ​កកូ​វីដ​១៩ សម្រាប់​ធ្វើតេស្ត​បុគ្គលិក​កម្មករ​របស់ខ្លួន

ភ្នំពេញ​៖ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អំពាវនាវ​ទៅកាន់​ក្រុមហ៊ុន​ឯកជន​ទាំងអស់​នៅក្នុងប្រទេស​កម្ពុជា​ ត្រូវ​ទិញ​ឧបករណ៍​តេស្ត​រហ័ស​សម្រាប់​ធ្វើតេស្ត​បុគ្គលិកកម្មករ​របស់ខ្លួន​។​ ជាមួយគ្នានេះ ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បានចេញ​បទបញ្ជា​ឲ្យ​កងទ័ពនគរបាល និង​អាវុធហត្ថ ក៏ត្រូវ​មាន​ឧបករណ៍​តេស្ត​រហ័ស​នៅក្នុង​ដៃ​ជា​ចាំបាច់ ដោយ​មិនចាំបាច់​ក្រុមគ្រូពេទ្យ​ទើប​អាចធ្វើ​តេស្ត​នោះទេ។ ជាមួយនេះ​ ស​ម្តេចបាន​បញ្ជា​ឱ្យក្រសួងសុខាភិបាល​ត្រូវ​ចុះទៅ​បង្រៀន​ក្រុមហ៊ុន និងកងទ័ព នគរបាល អាវុថហត្ថ ឱ្យចេះ​ប្រើ​ឧបករណ៍​នេះ។ ​ដោយ​សម្តេច​លើកឡើងថា ​យើង​មិនអាច​នៅពេល​មាន​ករណី​សង្ស័យ​កើតឡើង​ហើយ​រង់ចាំ​គ្រូពេទ្យ​ទៅយក​សំណាក​នោះទេ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បែបនេះ​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ នៅ​ព្រឹក​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២១​តាម​ប្រព័ន្ធ វីដេអូ ដើម្បី​ពិភាក្សា​និង​ដោះស្រាយ​ទៅលើ​បញ្ហា​ជំងឺ​កូ​វីដ​១៩ ដែល​កំពុង​រីក​រាលដាល​នៅក្នុង​ប្រទេស​កម្ពុជា​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា​ ​ការពង្រីក​ការធ្វើ​តេស្ត​រហ័ស​ជា​ចំណុច​ដែល​សម្តេច​ធ្វើការ​សម្រេចចិត្ត​ជំនួស​ឱ្យ​រដ្ឋមន្ត្រី​សុខាភិបាល​ដែល​កន្លង ទៅ​នៅ​ស្ទាក់ស្ទើរ​រង់ចាំ​ដល់​តែ​ពេទ្យ​ទើប​អាចធ្វើ​តេស្ត​បាន។ សម្តេច​បាន​លើកឡើងថាពេទ្យ​នៅតាម​ស្រុក​ខ្លះ​មានតែ៥នាក់​ ប្រជាជនមាន​រហូត១០​ម៉ឺន​នាក់​តើ​អាចទៅរួច​ទេ​។ សម្តេចតេ​ជោ​នាយក​រដ្ឋ​ម​ន្ត្រីបាន​បន្តថា​​ ​ថ្ងៃនេះ​ខ្ញុំ​យក​ការសម្រេច​មួយ​ផ្តល់​សិទ្ធិ​ឱ្យក្រុមហ៊ុន​ឯកជន​អាចធ្វើ​តេស្ត​លើ​បុគ្គលិក​របស់គេ។ រដ្ឋ​ត្រូវធ្វើ​ហើយ​កំពុង​ធ្វើ រាល់ថ្ងៃ​ប៉ុន្តែ​យើង​ត្រូវ​បើកឱកាសឱ្យ​ក្រុមហ៊ុន​ឯកជន​ដើម្បី​ក្រុមហ៊ុន​ឯកជន ​គេ​អាច​គ្រប់គ្រង​លើ​បុគ្គលិក​របស់គេ​បាន​ឆាប់រហ័ស​។ ​អ៊ីចឹង​ក្រុមហ៊ុន​ឯកជន​ទាំងអស់​ត្រូវ​គ្រប់គ្រង​បុគ្គលិក​កម្មករ​របស់ខ្លួន​ពេល​មាន​បញ្ហា​ត្រូវធ្វើ​តេស្ត​លើ​បុគ្គលិក​របស់ខ្លួន​តែម្ដង​។​

សម្តេច​បាន​ឱ្យដឹងផង​ដែរ​ថា ​ការបញ្ជាទិញ​ឧបករណ៍​តេស្ត​រហ័ស​នេះ​អាចទាក់ទង​តាម​លោក ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ដែលជាផលិតផល​របស់​សាធារណរដ្ឋ​កូរ៉េ ដែលមាន​តម្លៃថោក​សម​រម្យ​មួយ​តម្លៃ ៣.៧ ដុល្លារ​តែប៉ុណ្ណោះ។ ដូច្នេះ​ក្រុមហ៊ុន​នីមួយៗ​អាច​ទិញ​ក្នុង​រង្វង់​១០០០ ទៅ ២០០០គ្រឿង ដើម្បី​ធ្វើតេស្ត​ទៅលើ​កម្មករ​របស់ខ្លួន​នៅពេល​ដែលមាន​បញ្ហា​សង្ស័យ​កើតឡើង។

​សម្តេច​បន្តថា​យើង​មិនអាច​រវល់​តែ​ទាក់ទង​ទៅ​គ្រូពេទ្យ​ឬ​គ្រូពេទ្យ​ទាក់ទង​ទៅសុំ​យោបល់​មន្ត្រី​នោះទេ​គឺ​វា​យូរណាស់​ការរីក​រាលដាល​នៅក្នុង​រោងចក្រ​ក៏​កាន់តែច្រើន​ដូច្នេះ​ការគ្រប់គ្រង​បញ្ហា​កូ​វីដ​១៩​គឺ​ត្រូវ​ផ្ដល់ឱ្យ​ការធ្វើ​តេស្ត​ដល់​ក្រុមហ៊ុន​នីមួយៗ​។​ហើយ​ក្រសួងសុខាភិបាល​ត្រូវ​ចុះ​ទី​បង្រៀន​ដល់​ក្រុមហ៊ុន​និង​រោងចក្រ​និ​មួយៗ ឲ្យ​ចេះ​វិធី​យក​សំណាក​ធ្វើតេស្ត​នេះ ។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ជា​សំណួរ​ទៅកាន់​រដ្ឋមន្ត្រី​សុខាភិបាល​ថា តើ​វា​ខាត​អី​សម្រាប់​យើង​ប្រសិនបើ​គាត់​ធ្វើតេស្ត​ខ្លួនឯង​វា​មិនមាន​ការខាតបង់​អ្វី​ទាំងអស់​ ,​មានតែ​ចំណេញ​ទីមួយ​គាត់​ស្ម័គ្រចិត្ត​ធ្វើតេស្ត​ខ្លួនឯង​,​នៅពេល​គាត់​រកឃើញ​ជំងឺ​គាត់​ទៅរក​ពេទ្យ​។ ​បើ​គា​ត់រក​មិនឃើញ​ទេ​អត់​មានការ​ខាតបង់​អ្វី​ទាំងអស់​ហេតុអ្វី​យើង​មិន​ឱ្យគេ​ធ្វើតេស្ត​។ ​យើង​មិនមាន​ខាតបង់​ទេ​គឺ​យើង​ធ្វើ​ប្រជាពលរដ្ឋ​របស់​យើង​អាច​ចេះ​ការពារ​ខ្លួន​ហេតុអ្វី​យើង​មិន​បណ្ដោយ​ឱ្យគេ​ធ្វើ​?​។​ ចាំតែ​គ្រូពេទ្យ​ទើប​ធ្វើបាន ។

​ជាមួយគ្នានេះ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បញ្ជា​ឲ្យ​កងទ័ព​នគរបាល ​និង​អាវុធហត្ថ​ត្រូវមាន​ឧបករណ៍​ធ្វើតេស្ត​រហ័ស​ដើម្បី​រកឃើញ​ភ្លាមៗ។ សម្តេច​បន្តថា​នៅ ពេលដែល​ឧបករណ៍​ធ្វើតេស្ត​រហ័ស​ដែល​បញ្ជា​ទិញ​មកដល់​ត្រូវ​ចែក​ទៅ​ឱ្យកងយោធពល​ខេមរភូមិន្ទ​ដើម្បី កងទ័ព​ចែក​ទៅតាម​បណ្ដា​យុទ្ធ​ភូមិភាគ បណ្ដាល​កងពល បណ្ដា​កងវរសេនាតូច​ ​អាវុធហត្ថ ប៉ុស្តិ៍នគរបាល ស្នងការ​ក៏ត្រូវ​តែមាន។​

​សម្តេច​តេ​ជោ​បន្តថា​យុទ្ធសាស្ត្រ​របស់​យើង​ការពារ​កូ​វីដ​១៩​នេះ​គឺ​រកឃើញ​បាន​លឿន​គ្រប់គ្រង​បាន​លឿន​មិន​ឲ្យ​ឆ្លង​រាលដាល​គឺជា​វិធី​ដ៏​ល្អ ។ ប៉ុន្តែ​កន្លងមក​យើង គ្រាន់តែ​បាន​និយាយ​តែ​មិនបាន​អនុវត្ត​ជាក់ស្ដែង ពេលនេះ​ខ្ញុំ​និយាយ​ឱ្យ​អនុវត្ត​ជាក់ស្ដែង​តែម្ដង ។ ខ្ញុំ​និយាយ​ឲ្យ​ប្រជាជន​ស្តាប់​ថា​ក្នុង​រដ្ឋាភិបាល​មិនមែនជា​រឿង ធម្មតា​ពេក​ទេ ។ «​មិនមែន​សុក​ក៏​អ៊ឺ សៅរ៍​ក៏​អ៊ឺ នោះទេ​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា​ក្រសួងសុខាភិបាល​ត្រូវ​បង្រៀន​ក្រុមហ៊ុន​ឱ្យចេះ​ក្នុងការ​ធ្វើតេស្ត​រហ័ស​ដោ​យ​ផ្ដល់នូវ​សម្លៀកបំពាក់​ដល់​ពួកគេ​ផង។ ​ម្ចាស់ក្រុមហ៊ុន​,​ម្ចាស់​សហគ្រាសគប្បី​ទិញ​ឧបករណ៍​តេស្ត​រហ័ស​ដោយ​ថវិកា​ក្រុមហ៊ុន​ផ្ទាល់ ដើម្បី​កាត់បន្ថយ​ការចំណាយ​របស់​រដ្ឋ។ សម្តេច​បាន​ឱ្យដឹងថា ​បច្ចុប្បន្ន​រដ្ឋមាន​ឧបករណ៍​នេះ​នៅក្នុង​ស្តុក​ចំនួន​មួយ​លាន​បួន​សែន​យើង​អាច​ចែក​ទៅ​កងទ័ពនគរបាល និង​អ​វុ​ធ​ហត្ថ​។ ដូច្នេះ​ក្រុមហ៊ុន​ត្រូវតែមាន​ដើម្បី ​មាន​បញ្ហា​គឺ​យើង ធ្វើតេស្ត​ភ្លាម​រកឃើញ​ហើយ​អាច​កាត់បន្ថយ​ការឆ្លង​បាន​រហ័ស។ អ៊ីចឹង​ខ្ញុំ​ចេញ​ជា​បញ្ជា​តែម្ដង​ដោយ​មិន​រង់ចាំ​មានការ​ឯកភាព​ពីរ​ដ្ឋ​មន្ត្រី​ក្រសួងសុខាភិបាល​ទេ ព្រោះ​វា​គ្មានអ្វី​ត្រូវ​ខាតបង់​នោះទេ​។ សម្តេច​បន្តថា​ វា​គ្មាន​អី​ពិបាក​នោះទេ​ហើយ​យើង​និយាយ​គ្នា​ក៏​វា​ច្រើនណាស់​ហើយ តែ​យើង​នៅតែ​ឱបក្រសោប​ការងារ​,​ឱប​ក្រសោ​ប​ទាំង​សម្ភារ​ទៀត។ សម្តេច​បន្តថា​ «​ខេត្ត​មួយ​ថ្ងូរហឹម​សុំ​ឧ​បរ​ណ៍​តេស្ត​រហ័ស​២០០០​ឱ្យទៅ​១០០០​ធ្វើ​តែមួយ​ថ្ងៃ​អស់​បាត់សុំ​ទៀត​អស់​តែ​ថ្លៃ​សាំង​ឡាន ឡើងមក​យក ចំណុច​នេះ​សម្តេច​បាន​ផ្តាំ​ទៅ​មន្ត្រី​សុខាភិបាល​ថា​ត្រូវ​ចាំ​កន្លែង​នេះ កុំ​ភ្លេច​ខេត្ត ហើយ​ខេត្ត​បើ​មាន​បញ្ហា​ដាក់ចូល​ក្នុង​គ្រូ​ប​ធំ គណៈកម្មាធិការ​ជាតិ តែម្ដង​ប្រាប់ថា​អស់​តេស្ត​រហ័ស​ហើយ អស់​ថ្នាំពេទ្យ​ហើយ ឱ្យឃើញ​គ្រប់គ្នា​តែម្ដងទៅ​»៕
ដោយ៖ជម្ពូនុទ​​

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner