UPDATE ៖ ដឹងមូលហេតុការពិតហើយ នៃការស្លាប់របស់កុមារីអាយុជាង ២ឆ្នាំ នៅខណ្ឌមានជ័យ កាលពីម្សិលមិញ
ភ្នំពេញ ៖ ករណីក្មេងស្រីអាយុជាង ២ឆ្នាំម្នាក់ ដែលឪពុកចុងអះអាងថា ខ្លួនបានរអិលជើងដួលសង្កត់លើកូន បណ្ដាលឲ្យស្លាប់ កាលពីវេលាម៉ោង១ និង១៥នាទីរសៀល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញ នៅផ្ទះជួលភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពេលនេះដឹងមូលហេតុការពិតហើយ គឺជាករណីឃាតកម្ម (វាយ និងយកជង្គង់អុកលើដើមទ្រូង)។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ នន ស្រីនិច អាយុ ២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះស្នាក់នៅភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ រីឯជនសង្ស័យជាឪពុកចុងមានឈ្មោះ សុខ រដ្ឋា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
របាយការណ៍ដដែលបានបញ្ជាក់ទៀតថា មុនពេលកើតហេតុកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ជនរងគ្រោះ និងជនសង្ស័យបាននៅក្នុងបន្ទប់ផ្ទះជួលកន្លែងកើតហេតុ តែពីរនាក់ ពេលនោះ ជនរងគ្រោះបានវាយក្បាលនិងយកជើងធូបចាក់ភ្នែក ហើយជនសង្ស័យខឹងក៏បានចាប់ជនរងគ្រោះវាយខ្លួនប្រាណ និងយកជង្គុងអុកលើដើមទ្រូង បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ។ ក្រោយមកជនសង្ស័យ ក៏បាននាំជនរងគ្រោះទៅឲ្យជាងជីតារបស់ជនរងគ្រោះឈ្មោះ មុី ថុល ដោយភូតថារូបគេបានរអិលជើងដួលក្នុងបន្ទប់ទឹកសង្កត់លើជនរងគ្រោះ បណ្ដាលឲ្យស្លាប់តែម្ដង។ បន្ទាប់មកជីតារបស់ជនរងគ្រោះ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច។
ភ្លាមៗនោះ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ២ បានសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកត្រួតពិនិត្យសពជនរងគ្រោះឃើញមានស្នាមជាំខ្លួនប្រាណជាច្រើនកន្លែង មិនអាចរអិលជើងដួលសង្កត់លើ ដូចការអះអាងរបស់ជនសង្ស័យនោះទេ
បន្ទាប់ពីបន្ទាប់មកសមត្ថកិច្ច ក៏បាននាំខ្លួនជនសង្ស័យទៅសាកសួរនៅថ្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ២ អស់រយៈពេលយ៉ាងយូរ ទើបជនសង្ស័យព្រមឆ្លើយសារភាពថា រូបគេពិតជាបានវាយ និងយកជង្គង់អុកលើដើមទ្រូងជនរងគ្រោះ បណ្ដាលឲ្យស្លាប់ពិតប្រាកដមែន។
សូមបញ្ជាក់ថា ជុំវិញករណីនេះ អង្គការការពារកុមារ (CPU) ជុំនាញកោសល្យវិច្ច័យ និងស៊ើបអង្កេត នៃប្រទេសអូស្ត្រាលី ក៏បានចុះមកពិនិត្យសពជនរងគ្រោះ ហើយបានសន្និដ្ឋានថា ជាករណីឃាតកម្ម (វាយនិងយកជង្គង់អុកលើដើមទ្រូង បណ្ដាលឲ្យស្លាប់ពិតប្រាកដមែន។
បច្ចុប្បន្ន បុរសជាជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។ រីឯសពជនរងគ្រោះ ប្រគល់ឲ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ/ ឆៃហួត និងប៊ុនធី








