សម្តេចតេជោ ហ៊ុន សែន ប្តេជ្ញាចិត្តឥតងាករ៉េ ពង្រឹង និងធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនិស្តចិន
ភ្នំពេញ៖ ក្នុងសារលិខិតជូនឯកឧត្តម ស៊ី ជីនភីង អបអរសាទរខួប១០០ឆ្នាំ ថ្ងៃកំណើតបក្សកុម្មុយនិស្តចិន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណប្សប្រជាជនកម្ពុជា បានកោតស្ញប់ស្ញែងចំពោះសមិទ្ធផលដ៏ធំធេងទាំងឡាយដែលបក្សកុម្មុយនិស្តចិនសម្រេចបានក្នុងរយៈពេល១០០ឆ្នាំកន្លងមកនេះ។ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រមុខបក្សប្រជាជនកម្ពុជា បក្សកាន់អំណាចនៅកម្ពុជា ក៏បានប្រកាសប្តេជ្ញាចិត្តដោយឥតងាករ៉េ ក្នុងការពង្រឹង និងធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងរវាងបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនិស្តចិន។
ក្នុងសារលិខិតសម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់លោក ស៊ី ជីនពីង ដែលសម្រេចបាននូវសមិទ្ធផលធំធេងជាច្រើនសម្រាប់បក្ស រដ្ឋ និងប្រជាជនចិន។
សម្តេចតេជោបានលើកឡើងក្នុងលិខិតនោះថា «ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់គណបក្សកុម្មុយនិស្តចិន សាធារណរដ្ឋប្រជាមានិតចិនសម្រេចបាននូវការឯកភាព ភាពសុខដុមរមនា និងវិបុលភាព ទោះបីប្រទេសចិន ជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោក និងមានជនជាតិភាគតិចផ្សេងៗគ្នាជាច្រើនក៏ដោយ»។
សម្តេចតេជោបន្ថែមថា «ខ្ញុំក៏សូមឆ្លៀតឱកាសនេះសម្តែងនូវការកោតសរសើរអស់ពីដួងចិត្តជូនគណបក្សកុម្មុយនិស្តចិន ចំពោះការប្តេជ្ញាចិត្តយ៉ាងមោះមុត និងការខិតខំប្រឹងប្រែងរអស់រយៈពេលមួយរយឆ្នាំកន្លងមកនេះ។ គណបក្សកុម្មុយនិស្តចិនបានប្រឈមមុខ និងជំនះលើឧបសគ្គជាច្រើន ហើយទីបំផុតបាននាំមកនូវវឌ្ឍនភាព និងវិបុលភាពដ៏ធំធេង ដោយបានផ្លាស់ប្តូរប្រវត្តិសាស្រ្តរបស់ប្រទេស និងជោគវាសនារបស់ប្រជាជនខ្លួន»។
សម្តេចតេជោ ក៏បានគូសរំលេចដែរថា ប្រទេសចិនបានក្លាយជាប្រទេសមានសេដ្ឋកិច្ចលំដាប់ទី២ នៅលើពិភពលោក និងជាប្រទេសកំពុងអភិវឌ្ឍន៍ដំបូងគេបង្អស់ ដែលសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (អ.ស.ប) ស្តីពីការ លុបបំបាត់ភាពក្រីក្រ មុនកាលកំណត់របស់ អ.ស.ប នៅឆ្នាំ២០៣០។ លើសពីនេះទៅទៀត ប្រទេសចិន សម្រេចបានសមិទ្ធិផលផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាគួរឱ្យកោតស្ញប់ស្ញែង ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព ការអភិវឌ្ឍន៍ និងវិបុលភាពពិភពលោក។
សម្ដេចសូមវាយតម្លៃខ្ពស់ចំពោះគោលនយោបាយរបស់គណបក្សកុម្មុយនិស្តចិន ដែលចាត់ទុកប្រជាជនជាស្នូលក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្តនយោបាយ និងគំនិតផ្តួចផ្តើមនានា។ គណបក្សបានខិតខំលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ដោយសម្រេចបាននូវការលុបបំបាត់ភាពក្រីក្រ និងកសាងសង្គមរីកចម្រើនមធ្យមលើគ្រប់វិស័យ។ បច្ចុប្បន្នគណបក្សកុម្មុយនិស្តចិនបាន និងកំពុងប្តេជ្ញាចិត្ត និងខិតខំកសាងសង្គមនិយមដែលមានចរិកលក្ខណៈចិន សម្រាប់យុគសម័យថ្មី»។
សម្តេចតេជោ ហ៊ុន សែន ដែលជាដៃគូដ៏ជិតស្និទ្ធក្នុងការកសាងទំនាក់ទំនងជាមួយនឹងប្រទេសចិន ទាំងក្របខណ្ឌបក្ស និងរដ្ឋនាពេលបច្ចុប្បន្ននេះ បានបង្ហាញជំនឿយ៉ាងមុតមាំចំពោះជោគជ័យដ៏ធំធេងរបស់គណបក្សកុម្មុយនិស្តចិន ក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅមានលក្ខណៈជាប្រព័ន្ធទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ ដែលបានលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយគុណភាពខ្ពស់ និងបានផ្តល់ទិសដៅច្បាស់លាស់ដល់គោលនយោបាយថ្មីសម្រាប់ការអភិវឌ្ឍជាតិ ។
ក្នុងនាមគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះមាគ៌ានៃការអភិវឌ្ឍប្រកបដោយសន្តិភាព និងគំនិតផ្តួចផ្តើម ដើម្បីកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ ដែលបានជំរុញ និងផ្សព្វផ្សាយនូវនយោបាយការទូតប្រកបដោយភាពឈ្លាសវៃរបស់ចិន និងបានជះឥទ្ធិពលដល់អនាគតនៃទំនាក់ទំនងអន្តរជាតិ។ ក្នុងបរិបទនេះ ប្រទេសចិន បានលើកកម្ពស់ពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងដើម្បីកែលម្អប្រព័ន្ធអភិបាលកិច្ចពិភពលោក តាមរយៈការធ្វើកំណែទម្រង់នានា។
សម្តេចតេជោ បានបង្ហាញនូវការប្តេជ្ញាចិត្តកសាងទំនាក់ទំនងជាមួយនឹងបក្សកុម្មុយនិស្តចិនយ៉ាងដូច្នេះថា «ខ្ញុំសូមធ្វើការប្តេជ្ញាចិត្តដោយឥតងាករ៉េ ក្នុងការពង្រឹង និងធ្វើឲ្យស៊ីជម្រៅនូវទំនាក់ទំងយ៉ាងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនិស្តចិន គ្រប់ជាន់ថ្នាក់»។
សម្តេចតេជោប្រធានបក្សប្រជាជនកម្ពុជា ក៏បានកោតសរសើរយ៉ាងខ្លាំងចំពោះគំរូថ្មីរបស់គណបក្សកុម្មុយនិស្តចិន អំពីទំនាក់ទំនងរវាងគណបក្ស និងគណបក្ស តាមរយៈការលើកកម្ពស់ការគោរពគ្នាទៅវិញទៅមក ការរៀនសូត្រពីគ្នាទៅវិញទៅមក និងការស្វែងយល់ពីចំណុចរួម ដោយទុកភាពខុសគ្នានៅដោយឡែក។
សម្តេចតេជោ ក៏បានបង្ហាញនូវការកត់សម្គាល់ផងដែរថាគណបក្សកុម្មុយនិស្តចិន កំពុងបន្តលើកកម្ពស់ការយោគយល់គ្នា និងការជឿទុកចិត្តគ្នាទៅវិញទៅមកក្នុងចំណោមបណ្តាប្រទេស គណបក្សនយោបាយនានា និងប្រជាជន ដើម្បីសន្តិភាព និងវិបុលភាពសាកល។ គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវបានក្លាយជាគំរូ និងវេទិកាថ្មីនៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដែលរួមចំណែកដល់ការឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ សកម្មភាពនានានិងគំនិតផ្តួចផ្តើមខាងលើបានធ្វើឲ្យប្រទេសចិនទទួលបានការគោរព និងកោតសរសើរទូទាំងពិភពលោក។
សម្តេចតេជោ មានជំនឿយ៉ាងមុតមាំថា គណបក្សកុម្មុយនិស្តចិននឹងសម្រេចបាននូវគោលដៅ ១០០ ឆ្នាំទី២ របស់ខ្លួនក្នុងការកសាងប្រទេសសង្គមនិយមដ៏ទំនើប រុងរឿង ខ្លាំងក្លា ប្រជាធិបតេយ្យ វប្បធម៌ជឿនលឿន និង
សុខដុមរមនានៅឆ្នាំ២០៤៩៕










