សម្ដេចក្រឡាហោម: នៅឆ្នាំក្រោយ គឺជាឆ្នាំនៃព្រឹត្តិការណ៍បោះឆ្នោត ដែលអ្នកនយោបាយផ្សេងៗតែងតែយកបញ្ហាប្រឈម និងឆ្កឹះទំនាស់នានា ដើម្បីទាញប្រជាប្រិយភាព
ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍បញ្ជាក់ថា នៅឆ្នាំក្រោយ គឺជាឆ្នាំនៃព្រឹត្តិការណ៍បោះឆ្នោត ដែលអ្នកនយោបាយផ្សេងៗ អាចយកបញ្ហាប្រឈម និងទំនាស់នានាក្នុងមូលដ្ឋានឆ្កឹះក្នុងបំណងទាញប្រជាប្រិយភាព ដូច្នេះអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវតែយកចិត្តទុកដាក់ពីឥឡូវទៅ ដើម្បីគ្រប់គ្រងសភាពការណ៍ ហើយដោះស្រាយបញ្ហាប្រជាពលរដ្ឋឱ្យបានល្អ ដោយមិនត្រូវមានទស្សនៈខុសឆ្គងថា បញ្ហាទាំងនោះ គឺដោយសារមានពួកប្រឆាំង ឬដោយសារបញ្ហានេះ បញ្ហានោះឡើយ ពោលគឺសំខាន់ត្រូវមើលខ្លួនឯងថា តើមានបញ្ហាមែនដែរទេ? មានប៉ះពាល់សិទ្ធិ និងផលប្រយោជន៍ប្រជាពលរដ្ឋឬទេ? ហើយបើមានត្រូវដោះស្រាយភ្លាម។
ការបញ្ជាក់របស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងនៅក្នុងពិធីប្រកាសចូលកាន់តំណែងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងជំនួសឯកឧត្តម ឈួរ ច័ន្ទឌឿន និងប្រកាសចូលកាន់មុខតំណែងលោក ណី ចារី ជាអភិបាលរងនៃគណៈភិបាលខេត្តកំពង់ឆ្នាំងកាលពីព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១។ សម្ដេចបានណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់អប់រំប្រជាពលរដ្ឋឱ្យចូលរួមគោរពច្បាប់ ការពារផលប្រយោជន៍សាធារណៈ ផលប្រយោជន៍សហគមន៍ និងចៀសវាងការចូលរួមក្នុងសកម្មភាពផ្ទុយពីច្បាប់ដែលធ្វើឱ្យប៉ះពាល់សន្តិសភាព និងស្ថិរភាពនយោបាយ ព្រមទាំងយកចិត្តទុកដាក់ដោះស្រាយជម្លោះនៅមូលដ្ឋានឱ្យបានល្អ ដោយចៀសវាងឱ្យបាននូវការប្រើប្រាស់អំពើហិង្សាគ្រប់រូបភាព។
សម្ដេចបានណែនាំឱ្យខិតខំជំរុញការនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង៧ចំណុច រួមមានផ្ដល់សេវាសាធារណៈជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងប្រកបដោយការជឿទុកចិត្ត, គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ, មានសណ្ដាប់ធ្នាប់សាធារណៈល្អ ពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍, គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង, ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព, មានអនាម័យ មានសោភណ្ឌភាពល្អ និងចុងក្រោយ គឺឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតប្រកបដោយប្រសិទ្ធភាព។
សម្ដេចក្រឡាហោម ស ខេង ក៏បានផ្ដល់អនុសាសន៍ឱ្យរដ្ឋបាលខេត្តកំពង់ឆ្នាំងបន្តថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីបង្កបរិយាកាសអំណោយផលដល់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ហើយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹងការគ្រប់គ្រងសភាពការណ៍តាមមូលដ្ឋាន ដើម្បីដាក់ចេញវិធានការទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវសកម្មភាព ការផ្សព្វផ្សាយព័ត៌មានមិនពិត និងភាពចលាចល ពិសេសកម្មភាពប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់៕
ដោយៈពលជ័យ



