បុរសម្នាក់ បើកម៉ូតូមួយគ្រឿងបុកគូទរថយន្តកូរ៉េឃ្លុបពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់ បើកបរម៉ូតូមួយគ្រឿង ក្នុងល្បឿនលឿនបុកពីក្រោយគូទរថយន្តកូរ៉េឃ្លុបមួយគ្រឿងពេញទំហឹង ដែលកំពុងតែឈប់ចាំភ្លើងស្តុប បណ្តាលឱ្យម្ចាស់ម៉ូតូរងរបួសធ្ងន់បាក់ជើងខាងស្តាំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង៥៥នាទីល្ងាច ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ នៅត្រង់ចំណុចមុខក្រសួងការងារ ស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សុី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តកូរ៉េឃ្លុបមួយគ្រឿង ម៉ាក់ហ៉ីយិនដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BD-2137 ធ្វើដំណើរតាមបណ្ដោយផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី ទិសដៅពីលិចទៅកើត ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើ កំពុងតែឈប់ចាំភ្លើងស្តុប ក៏ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សង់សេ១២៥ ស៊េរីឆ្នាំ២០២១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FC-7966 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី ទិសដៅពីលិចទៅកើតស្រប់ទិសគ្នា ក្នុងល្បឿនលឿនអកហ្សឺជាន់ហ្វ្រាំងមិនស៊ី ក៏ជ្រុលបុកពីក្រោយគូទរថយន្តកូរ៉េឃ្លុបដឹកទឹកសុទ្ធពេញទំហឹង បណ្ដាលឱ្យបុរសម្ចាស់ម៉ូតូរងរបួសធ្ងន់បាក់ជើងខាងស្ដាំ ចំណេកឯ ម៉ូតូវិញរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ហើយភ្លាមៗនោះ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកន្លែងកើតហេតុ រួចបានធ្វើការវាស់វែងបាញ់ថ្នាំរថយន្ត និងម៉ូតូយកមកដាក់អែបកៀនខាងសិន ហើយឱ្យភាគីទាំងសងខាងសម្របសម្រួលគ្នា តែមិនត្រូវរ៉ូវគ្នា ទើបសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់៣ បានរាយការណ៍ទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌទួលគោក ចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទាំងពីរគ្រឿងយកមករក្សាទុកនៅអធិការរដ្ឋានខណ្ឌទួលគោកសិន ដើម្បីរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ/ ឆៃហួត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner