ប្រមុខការទូតកម្ពុជា ប្រាប់ទៅអ្នករាយការណ៍ពិសេសថ្មីរបស់អ.ស.ប.ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាថា លទ្ធិប្រជាធិបតេយ្យមិនមែនជាការរត់ប្រណាំងចម្ងាយខ្លី ប៉ុន្តែវាជាការរត់ចម្ងាយឆ្ងាយមួយ

ភ្នំពេញៈ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា លទ្ធិប្រជាធិបតេយ្យមិនមែនជាការរត់ប្រណាំងចម្ងាយខ្លីនោះទេ ប៉ុន្តែវាជាការរត់ចម្ងាយឆ្ងាយមួយ។ រាល់វិធានការច្បាប់ និងគ្រប់គ្រងរដ្ឋបាល ត្រូវបានពង្រឹងនិងអនុវត្តនៅក្នុងព្រំដែនច្បាប់។ ការចោទប្រកាន់ត្រូវបានធ្វើឡើងនៅចំពោះមុខតុលាការ ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌនិងការរំលោភច្បាប់រដ្ឋធម្មនុញ្ញ។ ជនជាប់ចោទមានឱកាសពេញលេញក្នុងការស្តាប់ និងបដិសេធរាល់ការចោទប្រកាន់ ដែលជាផ្នែកមួយនៃសិទ្ធិទទួលបាននីតិវិធីត្រឹមត្រូវ។ ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងជំនួបសន្ទនាតាមប្រព័ន្ឋវីដេអូជាមួយលោក សាស្ត្រាចារ្យ វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសថ្មី ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កាលពីរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១។

ប្រភពក្រសួងការបរទេសបានបញ្ជាក់ថា កិច្ចពិភាក្សានេះបានផ្តោតលើបញ្ហាចំនួន៣។ទី១. កិច្ចសហប្រតិបត្តិការអន្តរជាតិ និង តំបន់ ,ទី២.ជំងឺកូវីដ១៩ និងផលវិបាករបស់វាព្រមទាំង និងទី៣. សិទ្ឋប្រជាធិបតេយ្យ និងពលរដ្ឋ។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈផងដែ រលើការរៀបចំរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ២០២២ និងគំនិតផ្តួចផ្តើមដែលមានសក្តានុពលពាក់ព័ន្ធមួយចំនួន។

ស្តីពីប្រជាធិបតេយ្យ និងពលរដ្ឋ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ការវាយតម្លៃណាមួយមកលើប្រទេសកម្ពុជា គួរតែចងចាំថា តើការវាយតម្លៃនោះចេញពីប្រភពណា ហើយវាស្ថិតនៅត្រង់ណានៅពេលនេះ។ យន្តការនានា ត្រូវបានរៀបចំបង្កើតឡើង ដើម្បីបង្កើតភាពជាដៃគូរវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលឲ្យកាន់តែជិតស្និទ្ធ។ លទ្ធិប្រជាធិបតេយ្យមិនមែនជាការរត់ប្រណាំងចម្ងាយខ្លីនោះទេ ប៉ុន្តែវាជាការរត់ចម្ងាយឆ្ងាយមួយ។ រាល់វិធានការច្បាប់ និងគ្រប់គ្រងរដ្ឋបាល ត្រូវបានពង្រឹង និងអនុវត្តន៍នៅក្នុងព្រំដែនច្បាប់។ ការចោទប្រកាន់ត្រូវបានធ្វើឡើងនៅចំពោះមុខតុលាការ ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌនិងការរំលោភច្បាប់រដ្ឋធម្មនុញ្ញ។ ជនជាប់ចោទមានឱកាសពេញលេញក្នុងការស្តាប់ និងបដិសេធរាល់ការចោទប្រកាន់ ដែលជាផ្នែកមួយនៃសិទ្ធិទទួលបាននីតិវិធីត្រឹមត្រូវ។

ចំពោះការរីករាលដាលនៃជំងឺកូវីដ១៩ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនដោយសង្ខេប ពីវិធានការហ្មត់ចត់ និងយុទ្ធសាស្រ្តរបស់កម្ពុជាក្នុងការឆ្លើយតបនឹងវិបត្តិសុខភាព និងកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច-សង្គមលើជនងាយរងគ្រោះ ក្នុងនោះមានកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ការផ្តល់ម្ហូបអាហារក្នុងអំឡុងការបិទខ្ទប់ និងការចាក់វ៉ាក់សាំង។ អាទិភាពរបស់រដ្ឋាភិបាល គឺធានាសិទ្ធិរស់រានមានជីវិត និងសុខភាព រួមជាមួយស្ថិរភាពសង្គម និងសុខភាពសាធារណៈ។

ជាការឆ្លើយតប លោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន បានស្វាគមន៍ចំពោះការឧបត្ថម្ភសាច់ប្រាក់ និងការចាក់វ៉ាក់សាំងការពារដោយឥតគិតថ្លៃនៅក្នុងប្រទេសកម្ពុជា។ ដោយចាត់ទុកខ្លួនលោកជាមិត្តល្អរបស់កម្ពុជា លោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន បានគូសបញ្ជាក់ពីការគោរពដ៏ជ្រាលជ្រៅចំពោះព្រះរាជាណាចក្រកម្ពុជា។ លោកបានសម្តែងនូវអំណរសាទរចំពោះកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយរបស់កម្ពុជានៅក្នុងយន្តការសិទ្ធិមនុស្ស ដូចជា ការផ្តល់សច្ចាប័នអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្សជាច្រើន ការចូលរួមក្នុងស្ថាប័នសន្ធិសញ្ញា យន្តការត្រួតពិនិត្យតាមកាលកំណត់ និងអ្នករាយការណ៍ពិសេស និងការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងសិទ្ធិសេដ្ឋកិច្ចនិងសង្គម។

ឯកឧត្តម ប្រាក់ សុខុន

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអបអរសាទរចំពោះលោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន ដែលបានទទួលការតែងតាំងជាអ្នករាយការណ៍ពិសេសថ្មីទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងបានស្វាគមន៍ចំពោះវិធីសាស្ត្រប្រកបដោយការគោរពរបស់លោកសាស្ត្រាចារ្យ ព្រមទាំងបានបញ្ជាក់សារជាថ្មីពីកិច្ចសហប្រតិបត្តិការរបស់កម្ពុជា ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នករាយការណ៍ពិសេស។
ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈផងដែរលើការរៀបចំរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ២០២២ និង គំនិតផ្តួចផ្តើមដែលមានសក្តានុពលពាក់ព័ន្ធមួយចំនួន។

នេះជាកិច្ចប្រជុំលើកទី៦ តាមប្រព័ន្ធវីដេអូ ដែលលោកសាស្រ្តាចារ្យ វិទិត មុនតាប៊ន បានជួប ជាមួយបណ្តាឥស្សរជននៃរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីលោកបានចូលកាន់តំណែងក្នុងអាណត្តិរបស់លោក។ អ្នករាយការណ៍ពិសេសថ្មីទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបានជួបសន្ទនាជាមួយឥស្សរជន និងតំណាងមកពីក្រសួងមហាផ្ទៃ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្រសួងសុខាភិបាល ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងយុត្តិធម៌។ លោកសាស្រ្តាចារ្យ វិទិត បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយសម្រួលឲ្យមានការសន្ទនាដោយបើកចំហ និងប្រកបដោយការស្ថាបនា ដែលបង្ហាញពីការផ្តល់កិច្ចសហប្រតិបត្តិការល្អរបស់កម្ពុជា នៅក្នុងអាណត្តិថ្មីរបស់លោក៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner